Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេគណបក្សឈ្នះឆ្នោតនៅថៃ ព្រមានព្រឹទ្ធសភា កុំយកមាត្រា១១២មកធ្វើជាខែល ហើយរូបលោកមានក្ដីសង្ឃឹម…

រាជធានីបាងកក៖ នៅក្នុងការដឹកនាំសមាជិកសភាថ្មី ទៅជួបលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្មីៗនេះ ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP បានព្រមានដល់សមាជិកព្រឹទ្ធសភា កុំឲ្យលើកយកមាត្រា១១២ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ មកធ្វើជាខែល ឬ ជាឧបករណ៍នយោបាយ រារាំងដល់ដល់ការធ្វើជានាយករដ្ឋមន្រ្ដី និង បង្កើតរដ្ឋាភិបាលថ្មីរបស់គាត់។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ថា ប្រធានគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) បានព្រមានត្រង់ ទៅដល់សមាជិកព្រឹទ្ធសភា កុំឱ្យប្រើប្រាស់ចេតនារបស់គណបក្សរបស់គាត់ ជុំវិញការធ្វើវិសោធនកម្មច្បាប់ ត្រង់មាត្រា១១២ ស្តីពីការប្រមាថព្រះមហាក្សត្រ មកធ្វើជាលេស រារាំងដល់ការបោះឆ្នោតរបស់គាត់ ជានាយករដ្ឋមន្ត្រី។ សកម្មភាពទាំងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នប្រឆាំងនឹងប្រជាជន នៅក្នុងប្រទេស។

លោកប្រធានគណបក្សឆ្ពោះទៅមុខ កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់ ថា រាល់ការប៉ុនប៉ងណាមួយ ប្រើប្រាស់ផែនការរបស់គណបក្ស MFP ធ្វើវិសោធនកម្ម លើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដើម្បីរារាំងគាត់ ពីការទទួលនាយករដ្ឋមន្ត្រី នឹងក្លាយជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភបំផុត។

នៅក្នុងការដឹកនាំសមាជិកសភាថ្មីរបស់គណបក្សរបស់គាត់ ទៅរាយការណ៍ជូនលេខាធិការដ្ឋានសភានោះ លោកប្រធានគណបក្សឆ្ពោះទៅមុខ បានថ្លែង ថា «សកម្មភាពរារាំងបែបនេះ ស្មើនឹងការអនុញ្ញាតឱ្យសំឡេងរបស់ប្រជាជន ប៉ះទង្គិចដោយផ្ទាល់ ជាមួយស្ថាប័នព្រះមហាក្សត្រ ហើយវាមិនសមរម្យ និង បង្កគ្រោះថ្នាក់បំផុត»។

លោកប្រធាន ភីថា បានបន្ថែម ថា «មាត្រា១១២ ការពារស្ថាប័នព្រះមហាក្សត្រ កុំឲ្យមានការប្រមាថ។ ប៉ុន្ដែមាត្រានេះ ត្រូវបានគេយកមកប្រើប្រាស់ សម្រាប់ជាំឧបករណ៍នយោបាយ ប្រឆាំងនឹងអ្នកមានទស្សនៈផ្សេងគ្នា។ បញ្ហានេះក្លាយជារឿងមិនល្អសោះ សម្រាប់ស្ថាប័នជាច្រើន។ ដូច្នេះគាត់ត្រូវតែថែរក្សាប្រព័ន្ធរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងប្រទេសថៃ»។

លោក ប្រធានគណបក្សឆ្ពោះទៅមុខ បានបន្ដ ថា «គណបក្សជាច្រើននៅតែមានការខ្វែងគំនិតគ្នា។ ការធ្វើវិសោធនកម្មនេះ មិនមែនមានន័យថា ជាការដកហូតចេញនោះឡើយ ព្រោះយើងត្រូវតែពិភាក្សាគ្នា ជាមួយនឹងព្រឹទ្ធសភា។ ពួកគេកំពុងតែចាប់ផ្តើមយល់ ថា ដើម្បីថែរក្សារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ត្រូវតែមានការផ្លាស់ប្តូរមួយឲ្យសមស្រប ព្រោះប្រទេសថៃកំពុងតែស្ថិតក្នុងដំណាក់កាលអន្តរកាល»។

ស្របពេលមានសំណួរសុំអត្ថាធិប្បាយ ពាក់ព័ន្ធនឹងសមាជិកព្រឹទ្ធសភា បានប្រកាសមិនបោះឆ្នោត គាំទ្រគាត់ ធ្វើជានាយករដ្ឋមន្ត្រី នោះ លោកប្រធានគណបក្សឆ្ពោះទៅមុខ បានអះអាង ថា គាត់សង្ឃឹម ថា សមាជិកព្រឹទ្ធសភាទាំងនោះ នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ មិនប្រឆាំងនឹងសំឡេងរបស់ប្រជាជន។ គណបក្សរបស់គាត់ បានទទួលអាសនៈសភា ចំនួន១៥១ នៅក្នុងការបោះឆ្នោតសកលរបស់ថៃ នៅថ្ងៃទី១៤ ខែឧសភា ហើយនេះជាសំឡេងដ៏ច្រើនជាងគេ នៅក្នុងចំណោមគណបក្សនយោបាយ ចូលរួមប្រកួតប្រជែង។

បើតាមរដ្ឋធម្មនុញ្ញថៃ  សមាជិកព្រឹទ្ធសភា ចំនួន២៥០នាក់ ត្រូវចូលរួមជាមួយនឹងសមាជិកសភាចំនួន៥០០នាក់ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ ប៉ុន្ដែដើម្បីក្លាយជានាយករដ្ឋមន្ត្រីបាន លោក ភីថា ពិតជាត្រូវការសំឡេងគាំទ្រភាគច្រើន យ៉ាងតិច ៣៧៦សំឡេង មកពីក្នុងចំណោមសមាជិកសភាទាំង២ ខណៈសម្ពន្ធមិត្តទាំង៨គណបក្សរបស់គាត់ មានសមាជិកសភា សរុបត្រឹមតែ៣១៣នាក់។

បើទោះជាយ៉ាងណាក៏ដោយ លោក ភីថា ប្រធានគណបក្សឆ្ពោះទៅមុខ បានអះអាង ថា គាត់នឹងមានការគាំទ្រគ្រប់គ្រាន់មកពីក្នុងព្រឹទ្ធសភា ដើម្បីធានាដល់ការបោះឆ្នោតជ្រើសរើសគាត់ ធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×