រដ្ឋធានីកៀវ៖ ក្រោយពេលកម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner បានទៅបោះជំរំទ័ព នៅលើទឹកដីរបស់បេឡារុស ក្រោយការបះបោរ ប៉ុនប៉ុងបណ្ដេញរដ្ឋមន្រ្ដីការពារជាតិរុស្ស៊ី និង មេបញ្ជាការកំពូល ចេញពីតំណែង មិនសម្រេចនោះមក កម្លាំងទាហានរបស់រដ្ឋាភិបាលក្រុងមូស្គូ នៅតែបន្ដវាយប្រហារដោយគ្រាប់បែក ទៅលើភោជនីយដ្ឋានដ៏មមាញឹកមួយ ដោយបានសម្លាប់ និង ធ្វើឲ្យមនុស្សជាច្រើននាក់ រងរបួស នៅកណ្ដាលទីក្រុងក្រាម៉ាតូសខ៍ (Kramatorsk)។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅព្រឹក ថ្ងៃពុធ ទី២៨ ខែមិថុនា ថា ការវាយប្រហាររបស់រុស្ស៊ី ទៅលើទីក្រុងក្រាម៉ាតូសខ៍ ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk) នាភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងតិច៤នាក់ និង រាប់សិបនាក់ផ្សេងទៀត រងរបួស។ ការវាយប្រហារនេះ បានកើតឡើង ស្របពេលកម្លាំងទាហានស៊ីឈ្នួលវ៉ាគណឺរ បានទៅបោះមូលដ្ឋានឈរជើង នៅក្នុងប្រទេសបេឡារុស ហើយសកម្មភាពបែបនេះ កំពុងតែធ្វើឲ្យបណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់សមុទ្របាល់ទិក (Baltic) ព្រួយបារម្ភយ៉ាងខ្លាំងផងដែរ។
ក្រុមមន្រ្ដីអ៊ុយក្រែន បានបញ្ជាក់ ថា មីស៊ីលចំនួនមួយគ្រាប់ បានវាយប្រហារ ទៅលើហាងភីហ្សាមួយកន្លែង ស្ថិតនៅកណ្ដាលទីក្រុងក្រាម៉ាតូសខ៍ កាលពីព្រលប់ ថ្ងៃអង្គារ (វេលាក្នុងតំបន់) ដោយបានសម្លាប់មនុស្ស ចំនួន៤នាក់ ហើយក្នុងនោះក៏មានកុមារម្នាក់ផងដែរ។ ដោយឡែក គ្រាប់មីស៊ីលទី២ បានវាយប្រហារទៅលើភូមិមួយ នៅក្នុងទីក្រុងនោះដែរ បណ្ដាលឲ្យមនុស្ស៥នាក់រងរបួស។ ភោជនីយដ្ឋាន ដែលបានរងការវាយប្រហារពីមីស៊ីលរបស់រុស្ស៊ី នោះ គឺនៅមុនម៉ោង៨យប់ (វេលាក្នុងតំបន់) មានមនុស្សច្រើន បានចូលទៅរកទទួលទានអាហារពេលល្ងាច។ ប៉ុន្ដែចំនួនអ្នកស្លាប់ គេមានការព្រួយបារម្ភ ថា អាចនឹងកើតឡើងច្រើនបន្ថែមទៀត។

ដោយឡែក សារព័ត៌មាន South China Morning Post បានរាយការណ៍ ថា ការវាយប្រហារទៅលើភោជនីយដ្ឋាន នៅកណ្ដាលទីក្រុងក្រាម៉ាតូសខ៍ បានសម្លាប់មនុស្សចំនួន៥នាក់ និង ៤៧នាក់ផ្សេងទៀតរងរបួស។ ស្របគ្នានោះ ក៏មានមីស៊ីលមួយគ្រាប់ផ្សេងទៀត បានវាយប្រហារទៅលើភូមិមួយ នៅក្នុងទីក្រុងនោះដែរ បានបង្កឲ្យ៥នាក់រងរបួស។ ទីក្រុងក្រាម៉ាតូសខ៍នេះ មានប្រជាជនរស់នៅ ប្រហែល ១៥០ ០០០នាក់ ហើយក៏ទីក្រុងដ៏ធំមួយ កំពុងតែនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន នៅឡើយ។

លោកប្រធានាធិបតីបេឡារុស អាឡិកសានដឺរ លូកាសែនកូ (Alexander Lukashenko) បានឱ្យដឹង ថា ការវាយប្រហារនេះ បានកើតឡើង ចំពេលមានការធ្លាក់ចុះជាបន្តបន្ទាប់ ចាប់តាំងពីការកើតចលនាបះបោររបស់កម្លាំងទាហានស៊ីឈ្នួល Wagner ដឹកនាំដោយលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន។ ប៉ុន្ដែឥឡូវនេះ កម្លាំងទាហាន Wagner ក៏បានមកដល់ប្រទេសបេឡារុស ដែលនៅជិតខាងរបស់ប្រទេសរុស្ស៊ី។
លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner វ័យ៦២ឆ្នាំ បានអះអាង ថា គាត់បានដឹកនាំនូវការបះបោរប្រដាប់អាវុធនេះ មានគោលបំណងសង្គ្រោះកម្លាំងប្រដាប់អាវុធរបស់គាត់ ក្រោយពេលទទួលបញ្ជាឲ្យដាក់ពួកគេ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលគាត់បានចាត់ទុក ថា អនុវត្ដគ្មានប្រសិទ្ធភាព នៅក្នុងសង្គ្រាមនៅលើទឹកដីរបស់អ៊ុយក្រែន៕ រក្សាសិទ្ធដោយ ៖ សារាយSN

















