ឆ្មាំឆ្នេរសមុទ្រអាមេរិក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា សាកសពដែលគេជឿថាជាជនរងគ្រោះ នៃនាវាមុជទឹក Titan ដែលបានផ្ទុះ ដែលជាភស្តុតាងសំខាន់ៗសម្រាប់ដំណើរការស៊ើបអង្កេត ត្រូវបានរកឃើញបាតសមុទ្រ។
សេចក្តីថ្លែងការណ៍នេះកើតឡើងជិតមួយសប្តាហ៍ បន្ទាប់ពីនាវាមុជទឹក Titan ក្នុងដំណើរបេសកកម្មទៅកាន់កន្លែងដែលកប៉ាល់ទីតានិចបានលិច បានផ្ទុះនៅអាត្លង់ទិកខាងជើង ដោយបានសម្លាប់មនុស្សទាំងអស់នៅលើនាវានោះ។
ឆ្មាំសមុទ្រអាមេរិក បានបញ្ជាក់ថា អ្នកជំនាញផ្នែកវេជ្ជសាស្ត្រអាមេរិក នឹងធ្វើការវិភាគជាផ្លូវការ លើសាកសពដែលគេជឿថា ជាជនរងគ្រោះនៃការផ្ទុះនាវាមុជទឹក និងភ័ស្តុតាង ដែលផ្តល់ឱ្យអ្នកស៊ើបអង្កេតមកពីយុត្តាធិការអន្តរជាតិមួយចំនួន នូវព័ត៌មានសំខាន់ៗអំពីមូលហេតុនៃសោកនាដកម្មនេះ និងនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ ដើម្បីស្វែងយល់ពីកត្តាដែលនាំឱ្យកើតមានមហន្តរាយរបស់ Titan និងជួយធានាថា សោកនាដកម្មស្រដៀងគ្នានេះ នឹងមិនកើតឡើងម្តងទៀត។
កាលពីថ្ងៃទី២៨ ខែមិថុនា បំណែកនៃនាវាមុជទឹក Titan ត្រូវបានរកឃើញ ហើយនាំយកទៅកាន់ Newfoundland ប្រទេសកាណាដា ក្នុងក្តីសង្ឃឹមថា នឹងផ្តល់ព័ត៌មានបន្ថែមអំពីការផ្ទុះនេះ។
យោងតាមសារព័ត៌មាន CNN បំណែកលោហៈដ៏ធំដែលមើលទៅដូចជាប្រព័ន្ធគ្រប់គ្រងពណ៌ស និងផ្នែកមួយទៀតដែលមើលទៅដូចជា slider (ឧបករណីរំកិល) ដើម្បីទៅដល់បាតសមុទ្រ ត្រូវបាននាំយកមកច្រាំង ពីតំបន់រុករក។
ការស្រង់ឡើងនូវកំទេចកំទីនេះ គឺជាផ្នែកសំខាន់មួយនៃការស៊ើបអង្កេត ដើម្បីកំណត់នូវអ្វីដែលបានកើតឡើងចំពោះ Titan ជាពិសេស ក៏ដូចជាប្រតិបត្តិការរបស់ក្រុមហ៊ុនដែលជាម្ចាស់កប៉ាល់ – OceanGate បន្ទាប់ពីមានសំណួរកើតឡើង ពីការផលិតហាក់ខ្វះចន្លោះការយកចិត្តទុកដាក់សម្រាប់សុវត្ថិភាពនាវា។
ចំណែកសាកសពជនរងគ្រោះរួមមាន៖ នាយកប្រតិបត្តិនៃប្រតិបត្តិករដំណើរកម្សាន្ត OceanGate លោក Stockton Rush ត្រូវបានសម្លាប់រួមជាមួយសមាជិកពីរនាក់នៃគ្រួសារប៉ាគីស្ថានដ៏លេចធ្លោ Shahzada Dawood និងកូនប្រុសរបស់គាត់ Suleman Dawood, អ្នករុករកជនជាតិអង់គ្លេស Hamish Harding និងអ្នកជំនាញក្នុងវិស័យទីតានិច Paul-Henri Nergeolet ។
ក្រុមហ៊ុន OceanGate បានផ្តល់ជូនដំណើរទេសចរណ៍នេះ សម្រាប់ការទៅទស្សនាកម្សាន្តកប៉ាល់ទីតានិចដែលបានលិចនៅបាតសមុទ្រ ក្នុងតម្លៃ 250,000 ដុល្លារ ក្នុងមនុស្សម្នាក់ៗ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នាវាមុជទឹក Titan ត្រូវបានគេប្រកាសថា ត្រូវបានបំផ្លាញនៅក្នុងជម្រៅនៃមហាសមុទ្រ អាចជាលទ្ធផលនៃ “ការផ្ទុះមហន្តរាយ” បន្ទាប់ពីវាបាត់បង់ទំនាក់ទំនង។ ហើយកម្ទេចកម្ទីផ្សេងៗពីនាវាមុជទឹកខ្នាតតូចនេះ ក៏ត្រូវបានរកឃើញដោយយានបញ្ជាពីចម្ងាយ ស្ថិតនៅចម្ងាយប្រហែល ៥០០ ម៉ែត្រពីក្បាលធ្នូនៃកប៉ាល់ទីតានិក -ជាកន្លែងនាវាមុជទឹក Titan កំពុងធ្វើដំណើរទៅកាន់ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅជម្រៅប្រហែល ៣,៨០០ ម៉ែត្រ នៅអាត្លង់ទិកខាងជើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










