រដ្ឋធានីកៀវ៖ ការផ្ទុះជម្លោះដ៏ធំ រវាងក្រសួងការពារជាតិរុស្ស៊ី និង មេទាហានស៊ីឈ្នួល Wagner ចាប់តាំងពីមេដឹកនាំវិមានក្រឹម លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាដល់កម្លាំងយោធារបស់គាត់ ឲ្យបើកទ្វារព្រំដែន វាយលុកលុយ ចូលកាន់កាប់ប្រទេសអ៊ុយក្រែន អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ឥឡូវហាក់បីដូចជាធ្វើឲ្យកម្លាំងប្រយុទ្ធចុះខ្សោយ ហើយក៏ជាឱកាសដ៏ល្អ សម្រាប់កងទ័ពការពារទឹកដីរបស់ក្រុងកៀវ វាយបករុលទៅមុខ ទម្លុះខ្សែការពារដ៏រឹងមាំរបស់កម្លាំងទាហានរបស់ក្រុងមូស្គូ ដើម្បីរំដោះទឹកដីរបស់ខ្លួន បន្ថែមទៀត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានប្រឈមមុខនឹងការបះបោរដ៏ធំ នៅក្នុងប្រទេស ចាប់តាំងពីគាត់បានបញ្ជាកម្លាំងទាហាន ចូលលុកលុយ នៅក្នុងប្រទេសជិតខាងរបស់ខ្លួន អស់រយៈពេលប្រហែលជា៧០សប្ដាហ៍កន្លងមកនេះ។
លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner កាលពីថ្ងៃទី២៣ ខែមិថុនា បានផ្សព្វផ្សាយវីដេអូមួយ បង្ហាញអំពីការវាយប្រហារដោយមីស៊ីល មកលើបន្ទាយយោធារបស់ក្រុមហ៊ុនទាហានឯកជនរបស់គាត់ ខណៈកំពុងតែកៀកស្មាជាមួយនឹងទាហានរុស្ស៊ី ប្រយុទ្ធប្រឆាំងនឹងកងទ័ពអ៊ុយក្រែន។

មេទាហានស៊ីឈ្នួលរូបនេះ បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «បើតាមសាក្សី បានឃើញហេតុការណ៍នោះ គឺការវាយប្រហារ ត្រូវបានវាយមកពីខាងក្រោយខ្នង ពោលគឺវាជាសកម្មភាពរបស់ក្រសួងការពារជាតិ នៃសហព័ន្ធន៍រុស្ស៊ី។ ដូច្នេះ កម្លាំងទាហានរបស់គាត់ ចំនួន២៥ ០០០នាក់ គួរតែធ្វើដំណើរ ទៅស្វែងរកយុត្ដិធម៌។ គាត់ប្ដេជ្ញាផ្ដួលរំលំលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី និង លោកឧត្ដមសេនីយ៍ វ៉ាឡេរី ជេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការចម្រុះ ចេញពីតំណែង»។
បើទោះជាយ៉ាងណា ការបះបោរនោះ បានបញ្ចប់ទៅវិញ ដោយមានរយៈពេលខ្លី ក្រោមការសម្របសម្រួល ពីប្រធានាធិបតីបេឡារុស លោក អាឡិកសានដឺរ លូកាសេនកូ។ ទន្ទឹមគ្នានោះ កម្លាំងទាហានស៊ីឈ្នួល Wagner បានសម្រេចបកក្បាល វិលត្រឡប់ទៅចូលបន្ទាយ នៅក្នុងប្រទេសអ៊ុយក្រែន វិញ ខណៈលោក ព្រីហ្គោហ្ស៊ីន ត្រូវនិរទេសទៅកាន់ប្រទេសបេឡារុស។

ក្រោយការដកកម្លាំងទាហានចេញពីទីក្រុងបាកមូត (Bakhmut) ដែលបានព្យាយាមប្រយុទ្ធអស់រយៈពេលជាច្រើនខែ និង បានចំណាយកទាំងកម្លាំងទ័ព និង សម្ភារសឹកយ៉ាងច្រើន រួចមក ទាហាន Wagner បាននាំកម្លាំងរបស់ខ្លួន ទៅដាក់ពង្រាយឡើងវិញ នៅក្នុងទីក្រុងក្រាស្នូដា (Krasnodar) ស្ថិតក្នុងប្រទេសរុស្ស៊ី ឬក៏ កម្លាំងមួយចំនួន នៅតែស្ថិតពីក្រោយសមរភូមិ នៃតំបន់ដូណែតស្ក៍ (Donetsk) និង លូហានស្ក៍ (Luhansk) នាភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។
ស្របគ្នានេះដែរ ក្រុមមន្រ្ដីអ៊ុយក្រែន បានអង្គុយមើល ដោយរីករាយ ទាំងការប្រុងប្រយ័ត្នបំផុត ចំពោះសកម្មភាពបះបោររយៈពេលខ្លីនេះ និង មានក្តីសង្ឃឹមថែមទៀតផង ខណៈកងទ័ពរបស់ក្រុងកៀវ កំពុងតែបន្តអង្កេត ទៅលើចំណុចខ្សោយរបស់កម្លាំងទាហានរុស្ស៊ី ដើម្បីវាយបករំដោះទឹកដីរបស់ខ្លួន ត្រឡប់មកវិញ។

លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា ការវាយបករបស់កងទ័ពអ៊ុយក្រែន បានរំដោះទឹកដី ទំហំប្រហែល ១៣០គីឡូម៉ែត្រការ៉េ ខណៈនៅថ្ងទី២៦ ខែមិថុនា បានរំដោះទឹកដីទំហំ១៧គីឡូម៉ែត្រការ៉េ បន្ថែមទៀត។
លោកស្រី អនុរដ្ឋមន្រ្ដី បានបន្ថែមទៀត ថា កងទ័ពអ៊ុយក្រែន ក៏បានវាយបកជាថ្មី នៅភាគខាងជើង និង ភាគខាងត្បូងរបស់ទីក្រុងបាកមូត រួមមាន នៅ Orikhovo-Vasylivka (អូរីខូវ៉ូ-វ៉ាស៊ីលីវកា), Bohdanivka (បូដានីវកា), Yahidne (យ៉ាហ៊ីដណេ), Klishchiivka (ក្លីសឆីវកា) និងKurdyumivka (ឃើដយូមីវកា) ។
លោកស្រី ហានណា ម៉ាលីយ៉ា បានបន្ដ ថា កងទ័ពអ៊ុយក្រែន នៅតំបន់ភាគខាងត្បូង បានបន្ដដាក់សម្ពាធ ទៅលើកងទ័ពរុស្ស៊ី នៅលើសមរភូមិទីក្រុងមេលីតូប៉ូល (Melitopol) និង ប៊ឺដយ៉ាន់ស្ក៍ (Berdyansk)។ ឥឡូវនេះ កម្លាំងទាហានរុស្ស៊ី កំពុងតែខំព្យាយាម ទប់ទល់យ៉ាងខ្លាំង ខណៈពួកគេកំពុងតែរងនូវការបាត់បង់យ៉ាងច្រើន ទាំងកម្លាំងទ័ព គ្រឿងសព្វាវុធ និង សម្ភារយោធា៕ រក្សាសិទ្ធដោយ ៖ សារាយSN
























