Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមរភូមិដណ្ដើមតំណែងប្រធានសភាថៃ កំពុងតែប្រជែងគ្នាយ៉ាងខ្លាំង

រាជធានីបាងកក៖ ក្រោយការបោះឆ្នោតសកល នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នោះមក គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ បានទទួលអាសនៈច្រើនជាងគណបក្សនយោបាយដទៃទៀត ហើយពួកគេបានឯកភាពគ្នា បង្កើតសម្ពន្ធភាពគណបក្ស ចំនួន៨ ដើម្បីប្រមែប្រមូលសំឡេងភាគច្រើន សម្រាប់បង្កើតរដ្ឋាភិបាលថ្មី ប៉ុន្ដែរហូតមកដល់ពេលនេះ គណបក្សប្រឆាំងធំៗទាំង២នេះ នៅតែប្រជែងគ្នាយ៉ាងស្វិតស្វាញ ដណ្ដើមនូវការគ្រប់គ្រងតំណែងប្រធានសភា។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ នៅថ្ងៃពុធ ទី២៨ ខែមិថុនា ថា គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP កាលថ្ងៃពុធ បានសម្រេចផ្អាកនូវកិច្ចកិច្ចប្រជុំមួយជាមួយគណបក្សភឿថៃ (Pheu Thai) ដែលមានការគ្រោងទុក ដោយមិនមានការកំណត់។ សកម្មភាពបែបនេះ បានកើតឡើង ក្រោយពេលសម្ពន្ធភាពគណបក្សរបស់ពួកគេ នៅតែទាមទារជាដដែល ពីតំណែងប្រធានសភា។ សម្ពន្ធភាពគណបក្សចំនួន៨ ក្រោមការដឹកនាំពីគណបក្សឆ្ពោះទៅមុខ គ្រោងនឹងបើកកិច្ចប្រជុំ នៅថ្ងៃព្រហស្បតិ៍ ប៉ុន្ដែឥឡូវពួកគេពន្យារពេលវិញ។

លោកស្រី ផាកាម៉ុន នូន-អាណាន់ (Pakamon Noon-anan) អ្នកនាំពាក្យរង នៃគណបក្សឆ្ពោះទៅមុខ កាលពីល្ងាច ថ្ងៃអង្គារ បានប្រាប់ដល់ក្រុមអ្នកកាសែត អំពីការពន្យារពេល ដោយគ្មានការកំណត់។ គណបក្សមានសំឡេងឆ្នោតច្រើនជាងគេទាំង២ នៅក្នុងចំណោមសម្ពភាពគណបក្សទាំង៨នេះ ដំបូងឡើយ បានដាក់ផែនការ ជំរុញឲ្យមានកិច្ចព្រមព្រៀងមួយ ជុំវិញតំណែងប្រធានសភា នៅក្នុងកិច្ចប្រជុំ នាថ្ងៃពុធ។ ប៉ុន្ដែគណបក្សភឿថៃ កាលពីថ្ងៃអង្គារ បានទទូចជាដដែលៗ ថា គណបក្សមួយនេះ ត្រូវតែកាន់កាប់តំណែងប្រធានសភា ស្របតាមសំណើរបស់ខ្លួន ដើម្បីឱ្យមានមុខតំណែងរដ្ឋមន្ត្រី ចំនួន១៤ បូកទាំងតំណែងប្រធានសភា ១ផងដែរ ខណៈគណបក្សឆ្ពោះទៅមុខ (MFP) នឹងទទួលបាននតំណែងរដ្ឋមន្ត្រី ចំនួន១៤ និង តំណែងនាយករដ្ឋមន្ត្រី។

ការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គណបក្សឆ្ពោះទៅមុខ បានឈ្នះអាសនៈសភា នាំមុខគ្នា ជាមួយនឹងសំឡេងឆ្នោត ចំនួន១៥១ ខណៈគណបក្សភឿថៃ ជាអ្នកឈ្នះសំឡេងច្រើន លំដាប់លេខ២ ជាមួយនឹងការទទួលបានអាសនៈ ចំនួន១៤១។

គណបក្សភឿថៃ នៅតែប្រកាន់ជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួន ថា ភឿថៃ ត្រូវតែទទួលកាន់កាប់តំណែងប្រធានសភា។ ស្របគ្នានឹងការទាមទាររបស់គណបក្សភឿថៃ នោះ គណបក្សឆ្ពោះទៅមុខ ក៏បានដាក់ឈ្មោះសមាជិកសភារបស់ខ្លួន រួមមាន លោក ភីតសានូលុក (Phitsanulok) និង លោក ផាឌីផាត ស៊ុនធីផាដា (Padipat Suntiphada) ជាបេក្ខជន សម្រាប់តំណែងនេះ។

លោក ឆូលណាន់ ស្រីកែវ (Cholnan Srikaew) ប្រធានគណបក្សភឿថៃ កាលពីថ្ងៃពុធ បានបញ្ជាក់ ថា គណបក្សរបស់គាត់ នៅតែទទូចចង់ ទាមទារតំណែងប្រធានសភា ព្រោះគណបក្សភឿថៃ បានជូនដំណឹងដល់គណបក្សឆ្ពោះទៅមុខ អំពីរឿងនេះ តាំងពីដំបូងមក។ ប៉ុន្ដែគណបក្សនេះ មិនបានឆ្លើយតប ដោយផ្ទាល់ណាមួយ មកកាន់គណបក្សភឿថៃ ជុំវិញតំណែងប្រធានសភា។

លោកប្រធានគណបក្សភឿថៃ បានសង្កត់ធ្ងន់ ថា ភឿថៃ នៅតែមានគោលបំណង ក្លាយជាផ្នែកមួយរបស់រដ្ឋាភិបាលចម្រុះ ជាមួយសម្ពន្ធមិត្តទាំង៨គណបក្សរបស់ខ្លួន ខណៈមេដឹកនាំដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ធ្វើជានាយករដ្ឋមន្ត្រី។

លោកស្រី ឃុនយីង ស៊ូដារ៉ាត កេយូរ៉ាផាន់ (Khunying Sudarat Keyuraphan) ប្រធានគណបក្សថៃសាងថៃ (Thai Sang Thai) ក៏ជាសម្ពន្ធមិត្តមួយ នៅក្នុងចំណោមគណបក្សទាំង៨នោះ បានសង្កត់ធ្ងន់ ថា គាត់សង្ឃឹម ថា គណបក្សឆ្ពោះទៅមុខ និង បក្សភឿថៃ នឹងឈានដល់កិច្ចព្រមព្រៀងមួយយ៉ាងឆាប់រហ័ស សម្រាប់ជំរុញឲ្យរដ្ឋាភិបាលចម្រុះអាចបង្កើតឡើង។ បញ្ហាទាំងអស់នេះ នៅតែអាចដោះស្រាយគ្នាបាន នៅមុនការបើកសម័យប្រជុំសភាតំណាងរាស្រ្ត នាថ្ងៃទី៣ ខែកក្កដា។ គណបក្សធំៗទាំង២នេះ នឹងមិនធ្វើឱ្យបញ្ហាមួយគត់ ត្រូវបែកសម្ពន្ធភាព នៅក្នុងដៃគូចម្រុះនោះឡើយ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×