Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូទីន ប្រាប់ពីការផ្ដល់ប្រាក់ពាន់លានដុល្លារ ជួលទាហានស៊ីឈ្នួលវ៉ាគណឺរ

រដ្ឋធានីមូស្គូ៖ ក្រោយការបះបោររបស់កម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា នោះមក ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក៏បានទម្លាយអាថ៌កំបាំង អំពីក្រុងមូស្គូ បានបង់ប្រាក់របស់ជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាថ្នូរ សម្រាប់ការប្រយុទ្ធរបស់ពួកទាហានស៊ីឈ្នួល ដឹកនាំដោយលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន។

សារព័ត៌មាន Daily Mail បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ថា ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) កាលពីថ្ងៃអង្គារ បាននិរទេសខ្លួន តាមយន្ដហោះឯកជនរបស់គាត់ ទៅកាន់ប្រទេសបេឡារុស។ ជាមួយគ្នានេះ រដ្ឋាភិបាលក្រុងមូស្គូ បានបញ្ជាក់ ថា កម្លាំងទាហានប៉ារ៉ា Wagner បានព្រមព្រៀង ប្រគល់អាវុធធុនធ្ងន់របស់ពួកគេ មកឲ្យរដ្ឋាភិបាល ក្រោយការបះបោររបស់ពួកគេ បានទទួលបរាជ័យ។

អតីតអ្នកទោស លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន វ័យ៦២ឆ្នាំ ពីបទប្លន់ប្រដាប់អាវុធ ការវាយប្រហារ និង អូសទាញកុមារឲ្យចូលក្រុមក្មេងទំនើង បានចាប់ផ្ដើមរះឡើង ក្លាយជាមេទាហានស៊ីឈ្នួលដ៏មានឥទ្ធiពលបំផុត នៅក្នុងប្រទេសរុស្ស៊ី។ គាត់បានបង្ហាញខ្លួ នជាសាធារណៈ ខណៈគាត់បានចាកចេញពីទីក្រុងរូស្ដូវ-អន-ដុន (Rostov-on-Don) កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ដែលជាទីក្រុងដ៏ធំមួយ ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី ត្រូវបានកម្លាំងប្រដាប់អាវុធរបស់គាត់ កាន់កាប់មួយរយៈពេលខ្លី។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងមូស្គូ បានចំណាយលុយ ចំនួន ៨៦ពាន់លានរូប្លិ៍ (Rouble លុយរុស្ស៊ី) ឬស្មើនឹងប្រហែល ១ពាន់លានដុល្លារ នៅក្នុងរយៈពេល១២ខែ គិតត្រឹមខែឧសភា ឆ្នាំ២០២៣។ នៅក្នុងរយៈពេលដូចគ្នានេះ មេទាហានស៊ីឈ្នួល បានរកលុយបានច្រើនបំផុត ពីពាណិជ្ជកម្មអាហារ និង ការផ្គត់ផ្គង់អាហាររបស់គាត់។

លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ ថា អាជ្ញាធរ គួរតែស៊ើបអង្កេត អំពីរបៀបលុយត្រូវបានចំណាយទាំងនោះ។ រដ្ឋាភិបាលក្រុងមូស្គូ បានផ្គត់ផ្គង់លុយគ្រប់គ្រាន់ ដល់យុទ្ធជនទាហានស៊ីឈ្នួល Wagner ផ្ទុយពីការអះអាងរបស់លោក ព្រីហ្គោហ្ស៊ីន លើកឡើង ថា គាត់បានផ្តល់ហិរញ្ញវត្ថុ ដល់ទាហានស៊ីឈ្នួលរបស់គាត់ ជាមូលនិធិផ្ទាល់ខ្លួន។

លោកប្រធានាធិបតី ពូទីន បានបន្ថែម ថា «ក្រុមយុទ្ធជន Wagner ទាំងមូល ត្រូវបានផ្តល់ជូនយ៉ាងពេញលេញ ដោយរដ្ឋ ពីក្រសួងការពារជាតិ ពីថវិការដ្ឋ។ យើងបានផ្តល់មូលនិធិយ៉ាងពេញលេញ ដល់ក្រុមទាហានឯកជនទាំងនេះ»។

សេវាកម្មសន្ដិសុខសហព័ន្ធន៍រុស្ស៊ី (FSB) កាលពីព្រឹក ថ្ងៃអង្គារ បានទម្លាក់ចោលរាល់ការចោទប្រកាន់ ដល់អ្នកចូលរួមទាំងអស់ នៅក្នុងសកម្មភាពបះបោរបរាជ័យរបស់ Wagner Group ក្រោយកិច្ចចរចាសម្របសម្រួល ពីប្រធានាធិបតីបេឡារុស លោក លូកាសេនកូ និង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ កិច្ចព្រមព្រៀងនោះ បានតម្រូវឲ្យលោក ព្រីហ្គោហ្ស៊ីន និរទេសខ្លួន ទៅកាន់ប្រទេសបេឡារុស។

រុស្សី ធ្លាប់បដិសេធអត្ថិភាពរបស់ក្រុម Wagner ប៉ុន្តែក្រុមទាហានឯកជនមួយនេះ បានការពារផលប្រយោជន៍របស់រុស្ស៊ី យ៉ាងច្រើន នៅតាមបណ្តាប្រទេសមួយចំនួន នៅទ្វីបអាហ្វ្រិក និង តំបន់មជ្ឈិមបូព៌ា៕ រក្សាសិទ្ធដោយ ៖ សារាយSN

×