Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកសភារុស្ស៊ី ដឹងពីមូលហេតុរបស់ថៅកែទាហានស៊ីឈ្នួល ងើបបះបោរ

រដ្ឋធានីមូស្គូ៖ កម្លាំងទាហានស៊ីឈ្នួល Wagner បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ប៉ុន្ដែនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ថៅកែរបស់ក្រុមហ៊ុនទាហានឯកជនមួយនេះ បានកើតមានទំនាស់ជាមួយនឹងក្រសួងការពារជាតិរុស្ស៊ី រហូតទុំជោរ ទើបឈានដល់ការបះបោរ ប្រដាប់ដោយអាវុធធុនធ្ងន់ ហើយឥឡូវនេះ សមាជិកសភារបស់ប្រទេសមហាអំណាចនុយក្លេអ៊ែរមួយនេះ បានអះអាង អំពីដើមចម នៃសកម្មភាពទាំងនេះ។

ទីភ្នាក់ងារសារព័ត៌មាន RT គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ថា លោក អេនឌ្រេ កាតាប៉ូឡូវ (Andrey Kartapolov) ប្រធានគណៈកម្មាធិការការពារជាតិ នៃសភាឌូម៉ារបស់រុស្ស៊ី បានអះអាង ថា សកម្មភាពរបស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Evgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានកើតឡើង ក៏ដោយសារតែគាត់ មានការព្រួយបារម្ភ ភ័យខ្លាចនឹងរដ្ឋាភិបាលក្រុងមូស្គូ កាត់ផ្ដាច់នូវការផ្ដល់មូលនិធិ ផ្គត់ផ្គង់ដល់ក្រុមហ៊ុនរបស់គាត់។

សមាជិកសភាជាន់ខ្ពស់ រូបនេះ  បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group គឺជាការបង្កើតយោធាតែមួយគត់ បដិសេធដល់ចុះហត្ថលេខាលើកិច្ចសន្យា ជាមួយក្រសួងការពារជាតិរុស្ស៊ី នៅមុនពេល ពួកគេចាប់ផ្តើមបះបោរ កាលពីចុងសប្តាហ៍មុន។

លោកប្រធានគណៈកម្មាធិការការពារជាតិ នៃសភាឌូម៉ារបស់រុស្ស៊ី បានថ្លែងទៅកាន់ក្រុមអ្នកកាសែត ថា ប៉ុន្មានថ្ងៃ នៅមុនការបះបោររបស់កម្លាំងទាហាន Wagner ក្រសួងការពារជាតិរុស្ស៊ី បានប្រកាស ថា ក្រុមយោធាទាំងអស់ គួរតែចុះហត្ថលេខា លើកិច្ចសន្យា ជាមួយនឹងក្រសួង ដោយពណ៌នា អំពីគោលនយោបាយនេះ ថា វាជាការត្រឹមត្រូវ។

លោក អេនឌ្រេ កាតាប៉ូឡូវ បានបន្ថែម ថា ការប្រឈមមុខនឹងការស្តីបន្ទោសនោះ អាជ្ញាធររុស្ស៊ី បានប្រាប់ក្រុម Wagner ថា ក្រុមនេះ នឹងលែងចូលពាក់ព័ន្ធ នៅក្នុងយុទ្ធនាការយោធា នៅអ៊ុយក្រែន បន្ដទៀតហើយ។ នេះមានន័យ ថា នឹងមិនមានលុយ គ្មានហិរញ្ញវត្ថុ ឬ ធនធានសម្ភារបន្ដទៀត។ ប៉ុន្ដែសម្រាប់លោក ព្រីហ្គោហ្ស៊ីន ចាត់ទុកលុយ ជាកត្តាដ៏សំខាន់មួយ  ហើយប្រហែល ជាអាចសម្រេចចិត្តបាន។

សមាជិកសភាជាន់ខ្ពស់របស់រុស្ស៊ី រូបនេះ បានសង្កត់ធ្ងន់ ថា ជាលទ្ធផល ការគំរាមកំហែង អំពីការដកប្រាក់ មហិច្ឆតាហួសហេតុ ការឆោតល្ងង់ និង ស្ថានភាពរំជើបរំជួល ទើបបណ្តាលឱ្យមានការប្រព្រឹត្ដទង្វើក្បត់ជាតិដ៏បំផុតបំផុត ហើយបោកបញ្ឆោត មកលើបងប្អូនឲ្យកាន់អាវុធបែបនេះ។

លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃអង្គារ បានទម្លាយរឿងដ៏អាថ៌កំបាំង ថា ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានពឹងផ្អែកទាំងស្រុង លើការផ្គត់ផ្គង់ហិរញ្ញវត្ថុពីរដ្ឋ។ រដ្ឋាភិបាល បានផ្ដល់លុយ១ពាន់លានដុល្លារអាមេរិកដល់ពួកគេ កាលពីឆ្នាំ២០២២។ បន្ថែមពីលើនេះ លោក ព្រីហ្គោហ្ស៊ីន ខ្លួនឯង បានរកប្រាក់ចំណេញរាប់ពាល់លានរូប្លិ៍ (Roubles) តាមរយៈកុងត្រា ផ្គង់ផ្គង់ម្ហូបអាហារ ដល់កម្លាំងទាហានថែមទៀតផង។

ជាមួយគ្នានេះ លោកប្រធានាធិបតី បានកោតសរសើរ ដល់សេវាកម្មយោធា និង សន្តិសុខរបស់រុស្ស៊ី ចេញប្រតិបត្ដិការយ៉ាងមានប្រសិទ្ធភាព «ទប់ស្កាត់មិនឲ្យកើតមានសង្គ្រាមស៊ីវិល»។ លោក ពូទីន បានពណ៌នាការបះបោរនេះ ថា ជាការបង្កឡើង ដោយសារតែ «ផលប្រយោជន៍ផ្ទាល់ខ្លួន» ហើយងាកមក «ក្បត់ប្រជាជនរបស់យើង ពីក្នុងចំណោមបងប្អូន កំពុងតែកាន់អាវុធ ប្រយុទ្ធ នៅលើសមរភូមិ»៕ រក្សាសិទ្ធដោយ ៖ សារាយSN

×