Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សឈ្នះឆ្នោតធំ២នៅថៃ អាចត្រូវរ៉ូវគ្នា ក្រោមរូបមន្ដទទួលតំណែងប្រធានសភា បោះចោលអាសនៈគណៈរដ្ឋមន្រ្ដី

រាជធានីបាងកក៖ នៅតែប៉ុន្មានថ្ងៃខាងមុខ សម័យប្រជុំរដ្ឋសភា ការជ្រើសរើសប្រធានសភាថ្មី និង នាយករដ្ឋមន្រ្ដី នឹងដំណើរការ ហើយគណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ ដែលទទួលបានអាសនៈសភាច្រើនជាងគេ ពីនៅក្នុងការបោះឆ្នោតសកល នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា នោះ កំពុងតែស្វែងរកវិធីសាស្រ្ដ បញ្ចប់ជម្លោះលើការប្រជែងគ្នាតំណែងប្រធានសភា។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ថា បើតាមប្រភព បានឲ្យដឹង ថា គណបក្សឆ្ពោះទៅមុខ ( Move Forward Party) ហៅកាត់ MFP និង គណបក្សភឿថៃ (Pheu Thai Party) បានពិចារណាឡើងវិញ លើសំណើចែករំលែកអំណាចជាថ្មី។ គណបក្សភឿថៃ អាចនឹងត្រូវបោះបង់ចោលកៅអីចំនួន១ នៅក្នុងជួរគណៈរដ្ឋមន្រ្ដី សម្រាប់ជាថ្នូរនឹងការទទួលតំណែងប្រធានសភា។ នេះមានន័យ ថា គណបក្សភឿថៃ នឹងទទួលតំណែងចំនួន១៣ នៅក្នុងជួរគណៈរដ្ឋមន្រ្ដី និង តំណែងប្រធានសភា។ ជាមួយគ្នានេះ គណបក្សឆ្ពោះទៅមុខ នឹងទទួលបានតំណែង ចំនួន១៥ នៅក្នុងជួរគណៈរដ្ឋមន្រ្ដី និង តំណែងនាយករដ្ឋមន្រ្ដី។ ប៉ុន្ដែគេនៅតែមិនទាន់ច្បាស់ ថា តំណែងដែលគណបក្សទាំង២នេះ អាចនឹងត្រូវរៀបចំសម្បទានឲ្យគ្នាទៅវិញទៅមក បញ្ចៀសនូវការបែកបាក់សម្ពន្ធភាពរបស់ពួកគេ យ៉ាងណានោះដែរ។

ការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា គណបក្សឆ្ពោះទៅមុខ ជាអ្នកឈ្នះ ដោយទទួលបានអាសនៈចំនួន១៥១ ហើយអ្នកឈ្នះលំដាប់ទី២ គឺគណបក្សភឿថៃ ទទួលបាន១៤១អាសនៈ។ គណបក្សទាំង២នេះ និង គណបក្សចំនួន៦ផ្សេងទៀត បានចងសម្ពន្ធភាពជាមួយគ្នា ដោយមានគោលបំណង ប្រមែប្រមូលអាសនៈ សរុប ៣១៣ ដើម្បីស្វែងរកសំឡេងភាគច្រើន នៅក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។

ដោយឡែក សំណើដំបូងរបស់គណបក្សភឿថៃ គឺគណបក្សទាំង២ ទទួលតំណែង នៅក្នុងជួរគណៈរដ្ឋមន្រ្ដី នៅក្នុងបក្សនីមួយៗ ហើយក្នុងនោះតំណែងចំនួន១៤ រួមជាមួយនឹងតំណែងនាយករដ្ឋមន្រ្ដី ត្រូវធ្លាក់ទៅលើគណបក្សឆ្ពោះទៅមុខ និង តំណែងប្រធានសភា ធ្លាក់ទៅលើគណបក្សភឿថៃ។

ភាពតានតឹង រវាងគណបក្សភឿថៃ និង គណបក្សឆ្ពោះទៅមុខ បានកើតឡើង ក្រោយពេលគណបក្សឆ្ពោះទៅមុខ ចង់ក្ដោប ទាំងតំណែងនាយករដ្ឋមន្រ្ដី និង ប្រធានសភា។ ប៉ុន្ដែបើតាមប្រភព បានអះអាង ថា លក្ខខណ្ឌថ្មីនេះ ត្រូវគេរំពឹង ថា គណបក្សទាំង២នេះ នឹងលើកឡើង សម្រាប់បញ្ចប់នូវការជាប់គាំង លើមុខតំណែងប្រធានសភា ខណៈសភាគ្រោងនឹងកោះប្រជុំ នៅសប្តាហ៍ក្រោយនេះ។

គណបក្សទទួលបានសំឡេងច្រើនជាងគេទាំង២នេះ ដំបូងឡើយ បានកំណត់ប្រជុំដោះស្រាយបញ្ហាទាំងនេះ នៅថ្ងៃពុធ។ ប៉ុន្តែគណបក្សឆ្ពោះទៅមុខ បានប្រកាសពន្យារពេលកិច្ចប្រជុំ ដោយគ្មានការកំណត់ ក្រោយពេលគណបក្សភឿថៃ កាលពីថ្ងៃអង្គារ បានទទូច នៅតែទាមទារតំណែងប្រធានសភា ជាដដែលៗ។

សភាតំណាងរាស្រ្ដ នឹងត្រូវកោះប្រជុំ នៅថ្ងៃទី៤ ខែកក្កដា សម្រាប់ជ្រើសរើសប្រធានសភា និង អនុប្រធានសភា ចំនួន២រូប ក្រោយពេលព្រះមហាក្សត្រ ទ្រង់យាងចូលរួមជាព្រះរាជាធិបតី នៅក្នុងពិធីបើកសម័យប្រជុំរដ្ឋសភា នាថ្ងៃដំបូង នៅថ្ងៃទី៣ ខែកក្កដា។

បើតាមប្រភពពីគណបក្សភឿថៃ បានអះអាង ថា គណបក្សធំៗទាំង២នេះ ទំនងជានឹងធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក ដើម្បីបញ្ចប់នូវការជាប់គាំង លើតំណែងប្រធានសភានេះ៕ រក្សាសិទ្ធដោយ៖ សារាយSN

×