Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ CIA អះអាងពីការបះបោររបស់ទាហានស៊ីឈ្នួលវ៉ាគណឺរ ធ្វើឲ្យខូចខាតដល់ការងាររបស់ពូទីន នៅរុស្ស៊ី

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលទៅបំពេញទស្សនកិច្ច ដោយស្ងាត់ៗ នៅក្នុងរដ្ឋធានីកៀវ រួចមក នាយកទីភ្នាក់ងារមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក (CIA) បានអះអាងអំពីសកម្មភាពងើបបោះរបស់កម្លាំងទាហានស៊ីឈ្នួល កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់អ្វីដែលមេដឹកនាំវិមានក្រឹមឡាំង បានធ្វើ នៅរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២ ខែកក្កដា ថា លោក វិល្លៀម ប៊ឺនស៍ (William Burns) នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក CIA បានបញ្ជាក់ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ថា ការបះបោរប្រដាប់អាវុធរបស់កម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner ដឹកនាំដោយលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) កំពុងតែក្លាយជាបញ្ហាប្រឈមមុខ សម្រាប់រដ្ឋរុស្ស៊ី។ សកម្មភាពបែបនេះ បានជះឥទ្ធិពលដ៏អាក្រក់ សម្រាប់សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៅក្នុងប្រទេសអ៊ុយក្រែន។

មេដឹកនាំវិមានក្រឹមឡាំង រូបនេះ កាលពីសប្ដាហ៍មុន បានថ្លែងអំណរគុណ ដល់ទាហានរុស្ស៊ី និង កម្លាំងសន្ដិសុខ រារាំងនូវអ្វីដែលគាត់បានថ្លែង ថា នឹងអាចរុញច្រានប្រទេសរុស្ស៊ី ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល។ លោក ពូទីន បានប្រៀបធៀបនូវការបះបោរនោះ ទៅនឹងភាពវឹកវរ ដែលបានរុញច្រានប្រទេសរុស្ស៊ី ឲ្យធ្លាក់ចូលទៅក្នុងចលនាបដិវត្ដន៍ ចំនួន២ នាអំឡុងឆ្នាំ១៩១៧។

នៅមុនការបះបោរនេះ អស់រយៈពេលជាច្រើនខែ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ស្ថាបនិកទាហានស៊ីឈ្នួល បានជេរប្រមាថជាចំហ ប្រឆាំងនឹងមេទ័ពកំពូលៗរបស់លោកប្រធានាធិបតី ពូទីន រហូតធ្វើឲ្យមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី ភ្ញាក់ផ្អើលយ៉ាងខ្លាំងថែមទៀតផង។

លោកប្រមុខ CIA របស់សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសុន្ទរកថាមួយ ថ្លែងទៅកាន់មូលនិធិ Ditchley (ឌីតឆ្លេ) របស់ចក្រភពអង់គ្លេស ដែលជាគ្រឹះស្ថានមិនស្វែងរកប្រាក់ចំណេញ ដោយផ្ដោតលើទំនាក់ទំនងចក្រភពអង់គ្លេស-អាមេរិក ថា «វាគួរឱ្យចាប់អារម្មណ៍ណាស់ ត្រង់ ថា លោក ព្រីហ្គោហ្ស៊ីន បានធ្វើសកម្មភាពរបស់គាត់ ជាមួយនឹងការចោទប្រកាន់ដ៏គួរឱ្យខ្ពើមរអើម សម្រាប់ហេតុផលដ៏គួរឱ្យភ័យខ្លាចរបស់វិមានក្រឹមឡាំង ចំពោះការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន និង ការប្រព្រឹត្តរបស់មេដឹកនាំយោធារុស្ស៊ី។ ឥទ្ធិពលនៃពាក្យ និង សកម្មភាពទាំងនេះ នឹងលែងមានមួយរយៈពេល ហើយវាជាការរំឭកដ៏រស់រវើក សម្រាប់ការជះផលវិបាកដ៏អាក្រក់ សម្រាប់សង្រ្គាមរបស់ពូទីន មកលើសង្គមរុស្ស៊ី និង របបគ្រប់គ្រងរបស់គាត់»។

លោកនាយក CIA រូបនេះ ធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី ចន្លោះពីឆ្នាំ២០០៥ ដល់ឆ្នាំ ២០០៨។ លុះក្រោយមក គាត់ត្រូវបានតែងតាំងជាប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA នៅក្នុងឆ្នាំ២០២១។ លោក ប៊ើនស៍ បានអះអាង ថា ការបញ្ឈប់សកម្មភាពនូវការបះបោររបស់លោក ព្រីហ្គោហ្ស៊ីន អាចជាបញ្ហាប្រឈមមុខនឹងកម្លាំងប្រដាប់អាវុធ សម្រាប់រដ្ឋរុស្ស៊ី។

លោក ប្រមុខ CIA បានសង្កត់ធ្ងន់ ថា ការបះបោរនេះ ជាកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី។ ប៉ុន្ដែសហរដ្ឋអាមេរិក នឹងមិនមានការជាប់ពាក់ព័ន្ធណាមួយនោះឡើយ។ ប៉ុន្ដែក្រោយពេលមានកិច្ចព្រមព្រៀងមួយ ត្រូវបានសម្រេចឡើង កាលពីថ្ងៃទី២៤ ខែមិថុនា សម្រាប់បញ្ចប់នូវការបះបោរនោះ វិមានក្រឹមឡាំង បានស្វែងរកនូវភាពស្ងប់ស្ងាត់ ស្របពេលលោកប្រធានាធិបតី ពូទីន វ័យ៧០ឆ្នាំ បានពិភាក្សា អំពីការអភិវឌ្ឍន៍ទេសចរណ៍ ជួបជាមួយហ្វូងមនុស្ស នៅសាធារណរដ្ឋ Dagestan (ដាហ្គេស្ដង់) ស្ថិតនៅភាគខាងជើងកូកាស៊ីរបស់រុស្ស៊ី និង ពិភាក្សាអំពីគំនិតសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច៕ រក្សាសិទ្ធដោយ ៖​ សារាយSN

×