រាជធានីបាងកក៖ ស្របពេលការបើកសម័យប្រជុំរបស់សមាជិកសភាថ្មី ចូលមកដល់ គណបក្ស ដែលទទួលបានសំឡេងច្រើនជាងគេ ចំនួន២ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅតែបន្ដខ្វែងគំនិត មិនអាចឈានដល់កិច្ចព្រមព្រៀង លើតំណែងប្រធានសភា ដោយសារតែភាគីនីមួយៗ នៅតែប្រកាន់គោលជំហរ ចង់កាន់កាប់តំណែងកំពូល នៅក្នុងស្ថាប័ននីតិប្បញ្ញតិ្ដមួយនេះ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣ ខែកក្កដា ថា គណបក្សឆ្ពោះទៅមុខ (Move Forward Party ) ហៅកាត់ MFP និង គណបក្សភឿថៃ (Pheu Thai) នៅតែមិនអាចបញ្ចប់នូវការជាប់គាំង ជុំវិញជម្លោះតំណែងប្រធានសភា នៅក្នុងកិច្ចប្រជុំរបស់ពួកគេ ជាមួយគណបក្សចម្រុះចំនួន៦ផ្សេងទៀត កាលពីថ្ងៃអាទិត្យ បើទោះជាក្រុមតំណាងគណបក្សទាំងនេះ បានអះអាង ថា ពួកគេសង្ឃឹម ថា នឹងដោះស្រាយបញ្ហាទាំងនេះបាន នៅថ្ងៃចន្ទ។
កិច្ចប្រជុំ នៅក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្ស MFP មានគោលបំណង ដោះស្រាយនូវបញ្ហាជម្លោះ ជុំវិញអាសនៈប្រធានសភា។ សម្ពន្ធភាពគណបក្សទាំង៨ ដឹកនាំ ដោយគណបក្សឆ្ពោះទៅមុខ កាលពីមុនដំបូងឡើយ បានព្រមព្រៀងគ្នា គាំទ្រដល់មេដឹកនាំគណបក្ស MFP គឺលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ជានាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ។

ក្រោយកិច្ចប្រជុំនោះ លោក ភីថា លីមចារឿនរ៉ាត ប្រធានាគណបក្សឆ្ពោះទៅមុខ បានបញ្ជាក់ ថា ពួកគេបានពិភាក្សាគ្នា លើបញ្ហាប្រធានសភា ហើយការចរចានេះ មានសញ្ញាវិជ្ជមានច្រើន។ បើទោះជាយ៉ាងណាក៏ដោយ គាត់បានអះអាង ថា MFP នៅតែរង់ចាំចម្លើយយ៉ាងច្បាស់លាស់ មកពីគណបក្សភឿថៃ។
លោកប្រធានគណបក្សឆ្ពោះទៅមុខ បានបញ្ជាក់ ថា «ប្រសិនបើប្រជាជនបដិសេធ យើងត្រូវតែសុំទោស។ យើងមានគោលបំណងដ៏ធំ ត្រូវតែបង្កើតរដ្ឋាភិបាលថ្មីមួយ ហើយដោះស្រាយបញ្ហានានារបស់ប្រជាជន»។
លោក ភីថា បានបន្ថែម ថា គាត់បដិសេធនូវការធ្វើអត្ថាធិប្បាយ អំពីលទ្ធភាពបេក្ខជនផ្សេងទៀត សម្រាប់តំណែងប្រធានសភា។ ចំណែកការរំពឹងទុកថ្មី នឹងមិនត្រូវទទួលយកនោះ ព្រោះវាអាចប៉ះពាល់ ដល់ការបង្កើតរដ្ឋាភិបាល និង ធ្វើឲ្យប្រជាជនយល់ច្រឡំ។

ដោយឡែក លោក ឆូលណាន ស្រីកែវ (Cholnan Srikaew) ប្រធានគណបក្សភឿថៃ បានបញ្ជាក់ ក្រោយកិច្ចប្រជុំនោះ ថា គណបក្សភឿថៃ នឹងពិគ្រោះយោបល់ជាមួយនឹងសមាជិករបស់ខ្លួន នៅក្នុងកិច្ចប្រជុំផ្ទៃក្នុង នៅថ្ងៃចន្ទនេះ។ បើទោះជាយ៉ាងណា គាត់សង្ឃឹម ថា នឹងមានដំណោះស្រាយ លើបញ្ហានេះ។ ប្រសិនបើលទ្ធផល ខុសពីការរំពឹងទុករបស់ប្រជាជន វានឹងប៉ះពាល់ដល់សម្ពន្ធមិត្ត និង ការបង្កើតរដ្ឋាភិបាល។ ប៉ុន្ដែគាត់សង្ឃឹម ថា បញ្ហាទាំងនេះ នឹងត្រូវដោះស្រាយបាន នៅថ្ងៃត្រង់ នាថ្ងៃចន្ទនេះ។
លោកប្រធានគណបក្សភឿថៃ បានថ្លែង កាលពីដំបូង ថា គណបក្សឆ្ពោះទៅមុខ គួរនឹងទទួលបានកៅអីរដ្ឋមន្រ្ដី ចំនួន១៤ បូកនឹងតំណែងនាយករដ្ឋមន្រ្ដី ហើយគណបក្សភឿថៃ គួរនឹងទទួលបានតំណែង នៅក្នុងជួរគណៈរដ្ឋមន្រ្ដី ចំនួន១៤ បូកនឹងតំណែងប្រធានសភា។
លោក វ៉ាន់ មូហាម៉ាដ ណ័រម៉ាថា (Wan Muhammad Nor Matha) ប្រធានគណបក្សប្រាចាឆាត ( Prachachat) ជាសម្ពន្ធមិត្តមួយ នៅក្នុងចំណោមសម្ពន្ធមិត្តទាំង៨គណបក្ស បានអះអាង កាលពីថ្ងៃអាទិត្យ ថា គាត់សង្ឃឹម ថា គណបក្សឆ្ពោះទៅមុខ (MFP) និង ភឿថៃ (Pheu Thai) នឹងប្រើប្រាស់ រយៈពេល៤០ម៉ោងបន្ទាប់ពីនេះ សម្រាប់សម្របសម្រួលគ្នា ហើយវាជាពេលវេលា សម្រាប់ជ័យជម្នះរបស់ប្រជាជន។
លោក ឆៃថាវ៉ាត ទូឡាថុន (Chaithawat Tulathon) អគ្គលេខាធិការគណបក្សឆ្ពោះទៅមុខ បានបញ្ជាក់ ថា គណបក្សរបស់គាត់ នឹងត្រូវតែសម្របសម្រួល លើបញ្ហាទាំងនេះ ជាមួយនឹងគណបក្សភឿថៃ នៅថ្ងៃចន្ទនេះ នៅមុនពេលការបោះឆ្នោតដ៏សំខាន់ សម្រាប់ជ្រើសរើសប្រធានសភាថ្មី នៅថ្ងៃអង្គារ៕ រក្សាសិទ្ធដោយ ៖ សារាយSN










