រដ្ឋធានីប៉ារីស៖ ក្រោយពេលប៉ូលិស បានបា.ញ់យុវជនម្នាក់ស្លា.ប់ បង្កឲ្យមានភាពវឹកវរយ៉ាងខ្លាំង នៅក្នុងប្រទេសបារាំង រហូតឈានដល់ការចាប់ខ្លួនក្រុមកុបករ រហូតដល់ជាង១០០០នាក់ ប៉ុន្ដែឥឡូវនេះ ជីដូនរបស់ជនរងគ្រោះ បានចេញមុខ អំពាវនាវ ជំរុញឲ្យមានភាពស្ងប់ស្ងាត់ ព្រោះគាត់មានជំនឿ ថា ប្រព័ន្ធតុលាការរបស់ប្រទេសមហាអំណាចមួយនេះ នឹងរកយុត្ដិធម៌ ជូនដល់ចៅរបស់គាត់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣ ខែកក្កដា ថា ជីដូនរបស់យុវជនរងគ្រោះ ណាហែល អឹម (Nahel M) អាយុ១៧ឆ្នាំ បានអំពាវនាវ ឲ្យមានភាពស្ងៀមស្ងាត់ ក្រោយការផ្ទុះឡើងនូវភាពវឹកវរ អស់រយៈពេលជាច្រើនថ្ងៃមកនេះ នៅក្នុងប្រទេសបារាំង ជុំវិញករណីប៉ូលិសបានបាញ់ជនរងគ្រោះស្លាប់ នៅក្នុងអំឡុងត្រួតពិនិត្យច្បាប់ចរាចរណ៍។
ជីដូនរបស់ជនរងគ្រោះ ឈ្មោះ Nahel M បានប្រាប់ដល់ក្រុមកុបករ ត្រូវតែបញ្ឈប់នូវអំពើហិង្សា ហើយគាត់នៅតែមានជំនឿ ទៅលើតុលាការ នឹងផ្ដល់យុត្ដិធម៌ មកដល់ចៅរបស់គាត់។
អ្នកស្រី ណាឌីយ៉ា បានប្រាប់ដល់បណ្ដាញទូរទស្សន៍ BFMTV កាលពីថ្ងៃអាទិត្យ ថា «ប្រជាជនកំពុងតែធ្វើកុបកម្ម ប្រឆាំងនឹងរឿងនេះ ប៉ុន្ដែខ្ញុំបានប្រាប់ទៅពួកគេ ឲ្យបញ្ឈប់សកម្មភាពទាំងនេះ។ ក្រុមកុបករ បានប្រើប្រាស់ជនរងគ្រោះ ឈ្មោះ ណាហែល មកធ្វើជាលេស»។

ការបាញ់ក្មេងប្រុសជំទង់ម្នាក់ មានដើមកំណើត នៅតំបន់អាហ្រ្វិកខាងជើង ស្លាប់នោះ ត្រូវបានថតជាប់ដោយកាមេរ៉ាវីដេអូ ហើយជំរុញឲ្យមានការផ្ទុះឡើងនូវការតវ៉ា ប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិស និង ការរើសអើងជាតិសាសន៍របស់សហគមន៍ក្រីក្រ និង ចម្រុះជាតិសាសន៍ នៅក្នុងទីក្រុងរបស់ប្រទេសបារាំង។
មនុស្សរាប់ពាន់នាក់ កាលពីថ្ងៃសៅរ៍ បានប្រមូលផ្ដុំគ្នា នៅក្នុងព្រះវិហារអ៊ិស្លាមដ៏ធំមួយ ឈ្មោះ Nanterre ស្ថិតនៅជាយរដ្ឋធានីប៉ារីស។ សកម្មភាពរបស់ពួកគេ បានបង្ហាញនូវការគាំទ្រ ដល់គ្រួសាររបស់ជនរងគ្រោះ ខណៈនាំយកសពទៅបញ្ចុះ។
ការផ្ទុះកុបកម្ម នៅយប់ទី៥នោះ ក្រុមកុបករ បានបំផ្លិចបំផ្លាញហាងជាច្រើន ដុតបំផ្លាញរថយន្ដធម្មតា និង រថយន្ដក្រុង អស់ជាច្រើន។ សកម្មភាពរបស់ពួកគេ បាននាំឲ្យមានការប៉ះទង្គិចគ្នា ដោយហិង្សា ជាមួយប៉ូលិស ចំនួន ៤៥ ០០០នាក់ ដែលត្រូវបានដាក់ពង្រាយ នៅទូទាំងប្រទេសបារាំអ ដើម្បីបង្ក្រាបនូវភាពចលាចលដ៏អាក្រក់ នៅក្នុងប្រទេសបារាំង។

ក្រុមអ្នកនយោបាយ បានថ្កោលទោស ចំពោះការវាយប្រហារ ទៅលើផ្ទះរបស់លោក Vincent Jeanbrun អភិបាលក្រុងដែលជាអ្នកស្តាំនិយម ស្ថិតនៅ L’Hay-les-Roses នាភាគខាងត្បូង ទីក្រុងប៉ារីស។ បន្ថែមពីលើនេះ ក្រុមជនបង្ក បានបើករថយន្តដែលកំពុងតែឆេះ ចូលទៅក្នុងផ្ទះរបស់លោកអភិបាលក្រុង នៅក្នុងគោលបំណងដុតបំផ្លាញវាចោល ខណៈប្រពន្ធ និង កូនរបស់លោកអភិបាល Jeanbrun ទើបនឹងមានអាយុ៥ឆ្នាំ និង ៧ឆ្នាំ កំពុងស្ថិតក្នុងផ្ទះ ហើយគាត់កំពុងតែនៅខាងក្រៅផ្ទះ។ ចំណែកប្រពន្ធរបស់គាត់ បានរងរបួសធ្ងន់។ ដោយឡែក ក្រុងរដ្ឋអាជ្ញា បានបើកសំណុំរឿងស៊ើបអង្កេត អំពីករណីប៉ុនប៉ងមនុស្សឃាត។
អ្នកស្រី ណាឌីយ៉ា ជីដូនរបស់ជនងរងគ្រោះ បានបញ្ជាក់ ថា «រថយន្ដទាំងអស់ មិនបានធ្វើអ្វីប្រឆាំងនឹងអ្នកនោះទេ សាលារៀនមិនបានធ្វើអ្វីប្រឆាំងនឹងអ្នកដែរ ហើយរថយន្ដក្រុង ក៏មិនបានធ្វើអ្វីប្រឆាំងនឹងអ្នកនោះឡើយ ចូរអ្នកកុំបំផ្លាញសាលារៀន កុំបំផ្លាញរថយន្ដក្រុង ព្រោះវាយានសម្រាប់អ្នកធ្វើដំណើរ»។
អ្នកស្រី បានសង្កត់ធ្ងន់ ថា «ខ្ញុំនៅតែមានជំនឿលើប្រព័ន្ធតុលាការ។ ប៉ូលិសដែលបានបាញ់ចៅរបស់គាត់ ជាអ្នកត្រូវតែទទួលខុសត្រូវ ហើយខ្ញុំមិនខឹងនឹងប៉ូលិសទាំងអស់នោះដែរ»។

ពេលសួរអំពីយុទ្ធនាការប្រមូលថវិកា ដែលទទួលបានការសន្យាជាង ៧៣១ 000ដុល្លារ សម្រាប់មន្ត្រីប៉ូលិសដែលត្រូវបានចោទប្រកាន់ លើការបាញ់ប្រហារនោះ អ្នកស្រី Nadia បានអះអាង ថា៖ «បេះដូងខ្ញុំឈឺណាស់»។
បើតាមក្រសួងមហាផ្ទៃបារាំង បានឲ្យដឹង ថា ប៉ូលិស ជាង២០០នាក់ បានរងរបួស កាលពីថ្ងៃសៅរ៍។ រីឯក្រុមកុបករ ចំនួន ១ ៣១១នាក់ ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃសុក្រ ហើយរថយន្ដជាង២០០គ្រឿង ត្រូវបានដុតបំផ្លាញ និង ហាងទំនិញ ភោជនីយដ្ឋាន ធនាគារ សរុបជាង ៧០០កន្លែង បានរងការខូចខាត ចាប់តាំងពីការផ្ទុះនូវភាពវឹកវរនេះឡើង។
យុវជន ណាហែល អាយុ១៧ឆ្នាំ មានឪពុកម្ដាយ ជាជនជាតិអាល់ហ្សេរី និង ម៉ូរ៉ុកកូ ត្រូវបានប៉ូលិសបាញ់ស្លាប់ នៅក្នុងអំឡុងឈប់កន្លែងភ្លើងស្ដុប កាលពីថ្ងៃអង្គារសប្ដាហ៍មុន នៅណង់តេរេ ជាយក្រុងប៉ារីស។ សកម្មភាពបែបនេះ បានបង្កឲ្យផ្ទុះកុបកម្មយ៉ាងធំ នៅក្នុងប្រទេសបារាំង៕ រក្សាសិទ្ធដោយ ៖ សារាយSN
















