ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សហការណ៍ជាមួយជលផលកំពង់សោម នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានធ្វើពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០១៨។
ពិធីនេះរៀបចំនៅមាត់ទឹកបឹងព្រែកទប់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម យន្ដ មីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ។
លោក នេន ចំរើន ប្រធានរដ្ឋបាលជលផលកំពង់សោម បានឲ្យដឹងថា ទិវាមច្ឆជាតិឆ្នាំនេះ បានលែងកូនត្រីឆ្ពិនចំនួន ៥ម៉ឺនក្បាល និងពូជត្រីក្នុងស្រុក មានកូនត្រីក្រាញ់ អណ្តែង និងត្រីរ៉សជាដើមចំនួន ២០គីឡូក្រាមថែមទៀត ចូលទៅក្នុងបឹងព្រែកទប់។
នាឱកាសនោះដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសំណូមពរដល់ប្រជាពលរដ្ឋឲ្យរួមគ្នា ជួយថែរក្សាមច្ឆាជាតិគ្រប់ប្រភេទឲ្យបានគង់វង្ស ដោយមិនត្រូវប្រើឧបករណ៍ចាប់ត្រី ដែលច្បាប់បានហាមឃាត់នោះទេ៕ ដោយ ៖ ដែនសីមា