Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកដឹងពីលទ្ធផលប្រជែងគ្នាលើតំណែងប្រធានសភាថៃ រវាងគណបក្សឆ្ពោះទៅមុខ និង ភឿថៃ

រាជធានីបាងកក៖ គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ បានប្រជែងតំណែងប្រធានសភាថៃ យ៉ាងស្វិតស្វាញបំផុត ក្រោយការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣រហូតមក ប៉ុន្ដែចុងក្រោយ គណបក្សដែលទទួលបានអាសនៈច្រើនជាងគេទាំង២នេះ ក៏បានព្រមព្រៀងគ្នា ទទួលយកត្រឹមតែអនុប្រធានសភាម្នាក់មួយតែប៉ុណ្ណោះ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ថា គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP និង គណបក្សភឿថៃ (Pheu Thai Party) បានកើតមានជម្លោះជាមួយគ្នា ហើយចរចាយ៉ាងយូរបំផុត ដោយភាគីនីមួយៗ នៅតែទទូចចង់បានតំណែងប្រធានសភាថៃ។ ប៉ុន្ដែចុងក្រោយ គណបក្សទាំង២នេះ បានឈានដល់កិច្ចព្រមព្រៀងមួយ ដោយសម្រេចឲ្យលោក វ៉ាន់ មូហាមម៉េដ ណ័រ ម៉ាថា (Wan Muhammad Nor Matha) ប្រធានគណបក្សប្រាឆាឆាត (Prachachat Party) ធ្វើជាប្រធានសភា ខណៈគណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ នឹងទទួលបានតំណែងជាអនុប្រធានសភាជាន់ទាបម្នាក់មួយ។

លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ បានថ្លែងទៅកាន់សន្និសីទសារព័ត៌មាន កាលពីរាត្រី ថ្ងៃចន្ទ (ទី៣ ខែកក្កដា) គណបក្សទាំង២ បានឯកភាពគ្នា លើលោក វ៉ាន់ មូហាមម៉េដ ណ័រ នឹងត្រូវជ្រើសរើស ជាប្រធានសភាថៃ នៅថ្ងៃអង្គារនេះ។ រីឯគណបក្សឆ្ពោះទៅមុខ ក៏នឹងទទួលបានតំណែងប្រធានសភាទី១ និង គណបក្សភឿថៃ នឹងទទួលតំណែងអនុប្រធានសភាទី២។

លោកប្រធានគណបក្សឆ្ពោះទៅមុខ បានបញ្ជាក់ ថា «គណបក្សចំនួន៦ផ្សេងទៀត នៅក្នុងចំណោមសម្ពន្ធភាពគណបក្សចម្រុះទាំង៨នេះ ក៏បានគាំទ្រដល់ការសម្រេចចិត្តនេះ ព្រោះគណបក្សប្រាឆាឆាត (Prachachat) ក៏ស្ថិតក្នុងចំណោមគណបក្សចម្រុះទាំង៨នេះផងដែរ។ កិច្ចព្រមព្រៀងនេះ គឺសម្រាប់សាមគ្គីភាព នៅក្នុងចំណោមគណបក្សទាំង៨ ដែលនឹងរួបរួមគ្នាធ្វើការងារដ៏ល្អរបស់ពួកគេ ដើម្បីគាំទ្រដល់រូបខ្ញុំ ឲ្យក្លាយជានាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ និង ការបង្កើតរដ្ឋាភិបាលចម្រុះ»។

លោក ភីថា លីមចារឿនរ៉ាត បានសង្កត់ធ្ងន់ ថា សម្ពន្ធភាពគណបក្សចម្រុះទាំង៨ នឹងគាំទ្រដល់រូបគាត់ ជាបេក្ខភាពនាយករដ្ឋមន្ដ្រី។ ទន្ទឹមគ្នានេះ គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ នឹងធ្វើវិសោធនកម្មលើច្បាប់នានា សម្រាប់លើកលែងទោស ដល់ជនទាំងឡាយណាដែលត្រូវបានកាត់ទោស ពាក់ព័ន្ធនឹងការសម្ដែងមតិខាងនយោបាយរបស់ពួកគេ និង ធ្វើកំណែទម្រង់ច្បាប់ ទាក់ទងនឹងកម្លាំងប្រដាប់អាវុធ រួមទាំងច្បាប់អាជ្ញាសឹក និង សន្តិសុខផ្ទៃក្នុង ផងដែរ។

លោក ភូមថាម វេឆៃយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានគណបក្សភឿថៃ បានបញ្ជាក់ ថា គាត់បានស្នើឲ្យលោក វ៉ាន់ មូហាមម៉េដ ណ័រ ធ្វើជាប្រធានសភា ដោយសារតែមេដឹកនាំគណបក្សប្រាឆាឆាត ជាអ្នកអព្យាក្រឹត ហើយសំណើនេះ ក្លាយជាមធ្យោបាយដ៏ល្អ សម្រាប់សម្ពន្ធមិត្តទាំង៨គណបក្ស ដើម្បីបន្តនូវការបង្កើតរដ្ឋាភិបាលចម្រុះរបស់ពួកគេ។

លោក ឆូលណាន់ ស្រីកា (Cholnan Srikaew) ប្រធានគណបក្សភឿថៃ បានបញ្ជាក់ ថា គណបក្សរបស់គាត់ នឹងមិនតែងតាំងសមាជិកណាមួយរបស់គណបក្សភឿថៃ សម្រាប់ការប្រកួតប្រជែងតំណែងប្រធានសភា នោះឡើយ។ គណបក្សជាសម្ពន្ធភាពផ្សេង ក៏នឹងមិនមានសិទ្ធិ តែងតាំងសមាជិករបស់គណបក្សភឿថៃ សម្រាប់តំណែងមួយនេះដែរ។

កាលពីមុន គណបក្សឆ្ពោះទៅមុខ បានផ្សព្វផ្សាយយ៉ាងសកម្ម អំពីសមាជិកសភារបស់ខ្លួន គឺលោក ភីតសានូលោក (Phitsanulok) និង លោក ផាឌីផាត ស៊ុនធីផាដា (Padipat Sunthiphada) ជាបេក្ខភាពប្រធានសភារបស់គណបក្ស។ គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀង លើមុខតំណែងប្រធានសភា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ស្របពេលមានពាក្យចចាមអារ៉ាម ថា គណបក្សភឿថៃ ចង់ឲ្យសមាជិកសភាជើងចាស់របស់ខ្លួន គឺលោក ស៊ូឆាត តានឆារឿន (Suchart Tancharoen) កាន់កាប់តំណែងនេះ។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ គណបក្សភឿថៃ បានប្រកាន់ជំហរដាច់ខាត ថា គណបក្សរបស់ខ្លួន សមនឹងទទួលបានកៅអីប្រធានសភា ព្រោះគណបក្សឆ្ពោះទៅមុខ នឹងទទួលតំណែង ជានាយករដ្ឋមន្ត្រីរួចហើយ។ គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ ត្រូវតែទទួលបានតំណែង នៅក្នុងជួរគណៈរដ្ឋមន្ត្រី ចំនួន១៤ រៀងៗខ្លួន។

គណបក្សឆ្ពោះទៅមុខ បានឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា នៅក្នុងប្រទេសថៃ ដោយបានទទួលអាសនៈ ចំនួន១៥១ ខណៈគណបក្សភឿថៃ ជាអ្នកទទួលបានអាសនៈច្រើនលំដាប់ទី២ ជាមួយនឹងអាសនៈ១៤១។

លោក វ៉ាន់ មូហាមម៉េដ ណ័រ កាលពីព្រឹក ថ្ងៃចន្ទ បានបញ្ជាក់ ថា លោកមិនចង់ទទួលតំណែងប្រធានសភានោះទេ។ ប៉ុន្តែប្រសិនបើមានការសន្មត់មកលើរូបគាត់ នៅក្នុងតំណែងនេះ អាចនឹងធានាដល់ការបង្កើតរដ្ឋាភិបាលចម្រុះ នៃសម្ពន្ធភាពរបស់គណបក្សចម្រុះទាំង៨នោះ គាត់នឹងសុខចិត្តទទួលយកតំណែងកំពូល នៅក្នុងសភា។ ព្រោះកាលពីមុន គាត់ក៏ធ្លាប់ធ្វើជាសមាជិកគណបក្សភឿថៃ ចន្លោះពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៨ផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×