រដ្ឋធានីជេរូសាឡឹម៖ កងទ័ពអ៊ីស្រាអែល បានឆ្មក់វាយប្រហារតាមអាកាស និង ផ្លូវគោក ទៅលើដែនដីរបស់ប៉ាឡេស្ទីន ដោយបានសម្លាប់មនុស្សយ៉ាងតិច៩នាក់ ហើយនេះជាប្រតិបត្ដិការយោធាទ្រង់ទ្រាយធំមួយ នៅទីក្រុងជេនីន (Jeni) នាភាគខាងជើងតំបន់វ៉េស្ដបែង (West Bank) របស់ប៉ាឡេស្ទីន នៅក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅព្រឹក ថ្ងៃអង្គារ ទី៤ ខែកក្កដា ថា កម្លាំងទាហានអ៊ីស្រាអែល មានចំនួនរាប់រាយនាក់ បានបើកប្រតិបត្ដិការ វាយឆ្មក់តាមអាកាស និង ផ្លូវគោកជាទ្រង់ទ្រាយធំបំផុត នៅក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ប្រឆាំងនឹងទីក្រុងជេនីនរបស់ប៉ាឡេស្ទីន ដោយបានសម្លាប់មនុស្សយ៉ាងតិច ចំនួន៨នាក់ ខណៈជនជាតិប៉ាឡេស្ទីន ទី៩ ត្រូវបានទាហានអ៊ីស្រាអែល បាញ់សម្លាប់ នៅជិតរ៉ាម៉ាលឡាហ៍ (Ramallah)។
លោក រ៉ាមី ជេ. ឃូមី (Rami G. Khouri) សហនាយកកម្មវិធីចូលរួមជាសកល នៃសាកលវិទ្យាល័យអាមេរិកាំងបេរូត (Beirut) បានបញ្ជាក់ ថា «កម្រិតនៃកម្លាំងវាយប្រហារចុងក្រោយបំផុតរបស់កម្លាំងប្រដាប់អាវុធអ៊ីស្រាអែល គឺមានចំនួនច្រើនជាងប្រជាជន រស់នៅទីក្រុងជេនីន ដែលជាសកម្មភាពមិនធ្លាប់មានពីមុនមក។ ប្រតិបត្តិការយោធាបែបនេះ គឺស្ថិតក្នុងបរិបទអំពើហិង្សាអាណានិគមរបស់អ៊ីស្រាអែល បាន និង កំពុងតែបន្ត អស់រយៈពេលមួយសតវត្សមកហើយ។ ចំណែកកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល កំពុងតែប្រតិបត្តិការ ជាមួយនឹងនិទណ្ឌភាពទាំងស្រុង»។

លោក រ៉ាមី ជេ. ឃូមី បានបន្ដ ថា «ជនជាតិអ៊ីស្រាអែល មានអំណាចធំជាងនេះ ហើយមាននិទណ្ឌភាពទាំងស្រុង នៅឯអង្គការសហប្រជាជាតិ ដោយសារតែសហរដ្ឋអាមេរិក និង ប្រទេសមានសិទ្ធិវេតូផ្សេងៗទៀត អាចធ្វើអ្វីគ្រប់យ៉ាង តាមពួកគេចង់បាន។ ពួកគេធ្វើអ្វីដែលពួកគេមានអារម្មណ៍ ថា ចង់ធ្វើ។ បើទោះយ៉ាងណា វាជារឿងដ៏ហួសហេតុ ហើយគ្មានអ្នកណាម្នាក់ទទួលខុសត្រូវនោះឡើយ»៕ រក្សាសិទ្ធដោយ ៖ សារាយSN











