រដ្ឋធានីមូស្គូ៖ ក្រោយពេលថៅកែទាហានស៊ីឈ្នួល Wagner បានព្រមព្រៀង និរទេសខ្លួន ហើយនាំកម្លាំងទាហានរបស់គាត់មួយចំនួន ទៅកាន់ប្រទេសបេឡារុស ជាថ្នូរនឹងការបញ្ចប់សកម្មភាពបះបោរនោះមក ស្រាប់តែឥឡូវនេះ អ្នកឃោសនាដ៏ល្បីល្បាញមួយរូបរបស់រុស្ស៊ី បានអះអាង ពីលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ប្រមូលលុយ ជិត១០ពាន់លានដុល្លារអាមេរិក ចេញពីប្រទេសរុស្ស៊ី។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលលពីព្រឹក ថ្ងៃចន្ទ ទី៣ ខែកក្កដា ថា កំពូលអ្នកឃោសនាមួយរូបរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ បានអះអាង ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានចាកចេញពីប្រទេស ក្រោយពេលទទួលបានលុយរាប់ពាន់លាន ពីមូលនិធិសាធារណៈ ស្របពេលក្រុងមូស្គូ កំពុងតែប្រឈមនឹងបញ្ហាដ៏ធ្ងន់ បន្ទាប់ពីការបះបោររយៈពេលខ្លី បង្កឡើងដោយក្រុមទាហានស៊ីឈ្នួល។
ថៅកែទាហានស៊ីឈ្នួល Wagner កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងទាហានរបស់គាត់ បះបោររយៈពេលខ្លី ប្រឆាំងនឹងក្រុមមន្រ្ដីជាន់ខ្ពស់ នៃក្រសួងការពារជាតិរុស្ស៊ី។ សកម្មភាពភាពរបស់កម្លាំងទាហានស៊ីឈ្នួល បានធ្វើឲ្យមានភាពអាម៉ាស់យ៉ាងខ្លាំង ដល់វិមានក្រឹមឡាំង។

លោក ឌីមីទ្រី គីសេឡេវ (Dmitry Kiselev) ជាអ្នកមានមុខមាត់ដ៏សំខាន់មួយរូប នៅក្នុងចំណោមក្បាលម៉ាស៊ីនឃោសនារបស់រុស្ស៊ី បានបញ្ជាក់ នៅតាមកញ្ចក់ទូរទស្សន៍ប្រចាំសប្ដាហ៍របស់គាត់ កាលពីថ្ងៃអាទិត្យ ថា «ព្រីហ្គោហ្ស៊ីន បានចាកចេញពីប្រទេសជាមួយនឹងលុយដ៏ច្រើនបំផុត។ គាត់កំពុងតែប្រជែងនឹងក្រសួងការពារជាតិរុស្ស៊ី រដ្ឋខ្លួនឯង និង ប្រធានាធិបតីដោយផ្ទាល់។
លោក ឌីមីទ្រី គីសេឡេវ ជាអ្នកឃោសនាដ៏ល្បីល្បាញរបស់លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ ថា ប្រតិបត្ដិការរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner នៅក្នុងប្រទេសស៊ីរី និង ទ្វីបអាហ្វ្រិក បានផ្ដល់នូវអារម្មណ៍និទណ្ឌភាព ដល់លោក ព្រីហ្គោហ្ស៊ីន ស្របពេលត្រូវបានពង្រឹងកម្លាំង ប្រកបដោយជោគជ័យ នៅលើសមរភូមិ នាភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។
បើទោះជាមិនមានភស្ដុតាងណាមួយយ៉ាងណាក្ដី ក៏អ្នកឃោសនាដ៏ល្បីល្បាញ រូបនេះ បានអះអាង ថា ក្រុមហ៊ុន Wagner បានទទួលលុយ ជាង ៨៥៨ពាន់លានរូប្លិ៍ (Rubles លុយរបស់រុស្ស៊ី) ឬស្មើនឹងប្រហែលជា ៩,៧ពាន់លានដុល្លារអាមេរិក ពីមូលនិធិនានារបស់រដ្ឋ។

ការអះអាងរបស់អ្នកឃោសនារុស្ស៊ី រូបនេះ បានកើតឡើង ក្រោយពេលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា បានអះអាង ជាលើកដំបូង ថា អាជ្ញាធរក្រុងមូស្គូ បានផ្ដល់ហិរញ្ញវត្ថុដ៏ពេញលេញ ដល់កម្លាំងទាហាន Wagner ។
លោក ពូទីន បានបញ្ជាក់ ថា ចន្លោះពីខែឧសភា ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣ រដ្ឋរុស្ស៊ី បានផ្ដល់លុយដល់ក្រុមហ៊ុន Wagner ជាង៨៦ពាន់លានរូប្លិ៍ ឬស្មើនឹងប្រហែល១ពាន់លានដុល្លារ។
ក្រោមការកំណត់គោលដៅ ដោយទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន និង ក្រុងប្រ៊ុចសែល នោះ លោក ព្រីហ្គោហ្ស៊ីន បានដំណើរការ អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងរូបភាពស្រមោល មុនពេលឈានដល់ការចាប់អារម្មណ៍ ក្រោយពេលលោក ពូទីន បានបញ្ជូនកងទ័ពចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ រហូតមក។ កាលពីដំបូងៗឡើយ រុស្ស៊ី តែងតែបដិសេធ អំពីរដ្ឋាភិបាលរបស់ខ្លួន មិនការជាប់ពាក់ព័ន្ធនឹងកម្លាំងទាហានស៊ីឈ្នួលវ៉ាគណឺរ ប៉ុន្ដែចុងក្រោយ ទើបគេដឹងការពិត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

















