ការសន្សំលុយ មិនមែនជារឿងងាយស្រួលដែលមនុស្សគ្រប់គ្នាសុទ្ធតែធ្វើបាននោះទេ។ បើយើងជាបុគ្គលិកធ្វើការឲ្យគេមានប្រាក់ខែតិចតួច យើងប្រាកដជាពិបាកខ្លាំងក្នុងការសន្សំលុយ ព្រោះយើងត្រូវចំណាយប្រចាំថ្ងៃ និងទិញរបស់របរចាំបាច់ប្រើប្រាស់។
ទោះយ៉ាងណា នៅមានមនុស្សមួយចំនួន ទោះបីមានប្រាក់ខែមិនសូវច្រើនក្តី ក៏ពួកគេអាចសន្សំលុយបានខ្លះ ហើយយើងគួរសរសើរពួកគេ ដែលចេះចាយពិតៗ។ ក្នុងចំណោមអ្នកទាំងនោះ ក៏មានក្មេងៗជាច្រើនផងដែរ ដែលចេះសន្សំលុយ។
ចំពោះការសន្សំលុយដែលស្ត្រីជនជាតិភីលីពីនម្នាក់ បានចែករំលែកសាច់រឿងរបស់កូនប្រុសអាយុ ៨ឆ្នាំរបស់គាត់ ទាំងរំជួលចិត្ត នៅពេលគាត់ដាច់ចិត្តបើកកូនជ្រូកសន្សំលុយរបស់កូនគាត់ ដោយសារតែគាត់កំពុងខ្វះខាត និងត្រូវការលុយយ៉ាងខ្លាំងក្នុងគ្រានោះ។
កូនប្រុសរបស់គាត់ សន្សំលុយដាក់ក្នុងកំប៉ុងតូចមួយ ហើយទោះបីជាក្រដាសប្រាក់ទាំងអស់នៅក្នុងកូនជ្រូកនោះ មិនសូវធំៗក៏ដោយ ស្ត្រីម្នាក់នោះពិតជាមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង នៅពេលគាត់បើកវាមើល ហើយឃើញកូនគាត់សរសេរអក្សរមួយឃ្លានៅលើនោះ។
អក្សរដែលកូនគាត់សរសេរនោះមានន័យថា “ទុកសម្រាប់គ្រួសារខ្ញុំ” ដែលមានន័យថា កុមារតូចនោះសន្សំលុយ ទុកសម្រាប់គ្រួសារ។ នេះជារឿងមិននឹកស្មានដល់ ព្រោះថាកុមារនេះទើបតែមានអាយុ ៨ឆ្នាំសោះ ប៉ុន្តែ គាត់បែរជាចេះគិតគូរ និងស្រឡាញ់គ្រួសារយ៉ាងខ្លាំង។
វាពិតជារឿងគួរឲ្យរំជួលចិត្តណាស់ ដោយសារតែក្មេងម្នាក់សន្សំលុយ មិនដើម្បីទុកចាយខ្លួនឯង ប៉ុន្តែបែរជាទុកសម្រាប់គួរសារទៅ វិញ។ ពុំមានក្មេងណាច្រើននោះទេ គិតគូរពីគ្រួសារ នៅពេលគេកំពុងស្ថិតក្នុងវ័យប៉ុននេះ៕ សុភ័ក្ត្រ
ប្រភព៖ trendszilla.net