រាជធានីតូក្យូ៖ ប្រជាជនកូរ៉េខាងត្បូង ហាក់បីដូចជាមានអារម្មណ៍ធុញថប់តប់ប្រមល់នឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងតូក្យូ ជុំវិញផែនការបញ្ចេញនូវទឹកកខ្វក់មានធាតុវិទ្យុសកម្ម ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈចិនកំពុងតែតវ៉ាទាមទារឲ្យផ្អាកសកម្មភាព ប៉ុន្ដែប្រទេសជប៉ុន នៅតែបន្ដរង់ចាំរបាយការណ៍របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) អង្គការសហប្រជាជាតិ មុននឹងសម្រេចចិត្តធ្វើ។

ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា ថា ជប៉ុន នឹងនៅតែរង់ចាំទទួលរបាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ពាក់ព័ន្ធនឹងផែនការរបស់ក្រុងតូក្យូ បង្ហូរទឹកកខ្វក់មានធាតុវិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima) ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្រោយពេលរោងចក្រដ៏ធំមួយនេះ បានរងនូវការបំផ្លិចបំផ្លាញ ដោយមហារលកយក្សស៊ូណាមិ កាលពីអំឡុងឆ្នាំ២០១១។
លោក រ៉ាហ្វាអែល ហ្រ្គូសស៊ី (Rafael Grossi) អគ្គនាយក ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ(IAEA) របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសជប៉ុន។ នៅក្នុងដំណើរទៅកាន់ប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ៣របស់ពិភពលោក រយៈពេល៤ថ្ងៃនេះ គេរំពឹង ថា លោកនាយក IAEA គ្រោងនឹងជួបជាមួយនឹងលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន ហើយផ្តល់លទ្ធផលត្រួតពិនិត្យកម្រិតសុវត្ថិភាព រយៈពេល២ឆ្នាំរបស់ខ្លួន ទៅដល់រដ្ឋាភិបាលតូក្យូ។

រដ្ឋាភិបាលក្រុងតូក្យូ និង ក្រុមមន្រ្តីជំនាញរបស់ជប៉ុន បានបញ្ជាក់ ថា ទឹកបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ត្រូវបានចម្រោះ ដកហូតយកធាតុវិទ្យុសកម្ម ចេញអស់ភាគច្រើនរួចមកហើយ។ សកម្មភាពនេះ នឹងមិនមានផលប៉ះពាល់ សម្រាប់កម្រិតសុវត្ថិភាពនោះដែរ។ ប៉ុន្ដែការសម្រេចចិត្តណាមួយរបស់ទីភ្នាក់ងារ IAEA ក៏ត្រូវគេរំពឹងទុក ថា អាចនឹងធ្វើឡើង នៅក្នុងសប្ដាហ៍នេះ។
ក្រោយពេលជប៉ុន បានដាក់ចេញនូវផែនការបញ្ចេញទឹកកខ្វក់មានធាតុវិទ្យុសកម្មនោះមក ក្រុមសកម្មជន នៅតាមបណ្ដាប្រទេសជិតខាង រួមមាន កូរ៉េខាងត្បូង ជាដើម កាលពីចុងខែមិថុនា បានប្រមូលផ្ដុំគ្នា តវ៉ាប្រឆាំងនឹងសកម្មភាពនេះ។ ទន្ទឹមគ្នានេះដែរ ស្ថានទូតចិន ប្រចាំនៅប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា បានអះអាង ថា ក្រុងប៉េកាំង តែងតែតវ៉ាម្តងហើយម្ដងទៀត ដោយលើកហេតុផល ថា របាយការណ៍របស់ទីភ្នាក់ងារ IAEA មិនអាចក្លាយជាច្រកមួយ សម្រាប់ផ្លូវបញ្ចេញទឹកមានធាតុវិទ្យុសកម្មនោះទេ។ ប្រទេសចិន សូមអំពាវនាវដល់ប្រទេសជប៉ុន ត្រូវឲ្យផ្អាកនូវផែនការទាំងនោះ។
ដោយឡែក ក្រសួងការបរទេសជប៉ុន បានបញ្ជាក់ ថា ក្រុងតូក្យូ បាន និង កំពុងតែព្យាយាមជាច្រើនដងផងដែរ សម្រាប់ពន្យល់អំពីវិធីសាស្រ្ដតាមបែបវិទ្យាសាស្ត្រ ដើម្បីបញ្ជាក់ អំពីគោលជំហររបស់រដ្ឋាភិបាលក្រុងតូក្យូ ជូនដល់រដ្ឋាភិបាលក្រុងប៉េកាំង។ ប៉ុន្តែប្រទេសចិន ហាក់បីដូចជា នៅតែមិនព្រមអើពើនឹងការពន្យល់របស់ជប៉ុន៕ រក្សាសិទ្ធដោយ ៖ សារាយSN














