រាជធានីបាងកក៖ ស្របពេលប្រធានគណបក្សជាសម្ពន្ធភាពរបស់ខ្លួន ត្រូវបានជ្រើសរើសជាប្រធានសភាថ្មីរបស់ប្រទេសថៃ រួចមក គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ កំពុងតែប្ដេជ្ញាយ៉ាងមុតមាំ នៅក្នុងការធ្វើវិសោធនកម្មច្បាប់ លើកលែងទោស ដល់អ្នកត្រូវបានកាត់ទោស ដាក់ពន្ធនាគារ ព្រោះតែការសម្ដែងមតិខាងនយោបាយរបស់ពួកគេ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីល្ងាច ថ្ងៃអង្គារ ទី៤ ខែកក្កដា ថា មេដឹកនាំគណបក្សភឿថៃ លោកបណ្ឌិត ឈុលណាន ស្រ៊ីកែវ (Cholnan Srikaew) កាលពីថ្ងៃអង្គារ បានចេញសេចក្ដីថ្លែងការណ៍រួមរបស់គណបក្សភឿថៃ និង គណបក្សឆ្ពោះទៅមុខ ដោយគាំទ្រដល់វិសោធនកម្មច្បាប់លើកលែងទោស សម្រាប់ជនទាំងឡាយណា ត្រូវបានផ្ដន្ទាទោស ព្រោះត្រឹមតែការសម្ដែងមតិយោបល់របស់ពួកគេ ពាក់ព័ន្ធនឹងរឿងនយោបាយ។ គណបក្សធំៗទាំង២នេះ ក៏នឹងធ្វើវិសោធនកម្មច្បាប់ជាច្រើនបន្ដទៀត មានដូចជា កំណែទម្រង់កម្លាំងប្រដាប់អាវុធ និង សន្ដិសុខជាតិ។ ប៉ុន្ដែការសម្រេចចិត្តបែបនេះ នឹងមិនពាក់ព័ន្ធជាមួយសម្ពន្ធភាពគណបក្សចម្រុះ ចំនួន៦ផ្សេងទៀតនោះដែរ។

លោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ និង លោកវេជ្ជបណ្ឌិត ឈុលណាន ស្រ៊ីកែវ ប្រធានគណបក្សភឿថៃ កាលពីយប់ ថ្ងៃចន្ទ បានសម្រេចចិត្តរួមគ្នា ក្រោយការប្រកាស អំពីកិច្ចព្រមព្រៀងរបស់គណបក្សទាំង២ ដើម្បីតែងតាំងលោក វ៉ាន់ មូហាម៉ាត់ ណ័រ (Wan Muhamad Noor Matha) ប្រធានគណបក្សប្រាឆាឆាត (Prachachart) ជាបេក្ខជន សម្រាប់ឈរឈ្មោះកាន់កាប់តំណែងប្រធានសភា។ នៅទីបំផុត មេដឹកនាំគណបក្សប្រាឆាឆាត បានក្លាយជាប្រធានសភាថ្មីរបស់ប្រទេសថៃ កាលពីថ្ងៃអង្គារ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះដែរ គណបក្សភឿថៃ និង គណបក្សឆ្ពោះទៅមុខ បានសម្រេច ថា គណបក្សទាំង២នេះ នឹងធ្វើសេចក្តីស្នើច្បាប់ លើកលែងទោស ដល់ជនទាំងឡាយណា ត្រូវបានចោទប្រកាន់ ហើយបានកាត់ទោសឲ្យជាប់គុក ពាក់ព័ន្ធនឹងការបញ្ចេញមតិនយោបាយរបស់ពួកគេ។ គណបក្សភឿថៃ និង គណបក្សឆ្ពោះទៅមុខ ក៏នឹងធ្វើវិសោធនកម្មច្បាប់ ពាក់ព័ន្ធនឹងកំណែទម្រង់កម្លាំងប្រដាប់អាវុធ និងសន្តិសុខជាតិ រួមទាំង ច្បាប់អាជ្ញាសឹក និង ប្រតិបត្តិការសម្រាប់បញ្ជាការដ្ឋានសន្តិសុខផ្ទៃក្នុង ផងដែរ។

ទន្ទឹមគ្នានេះសមាជិកសភាគណបក្សភឿថៃ លោក ស៊ូទិន ខ្លាងសេង (Sutin Khlangsaeng) បានថ្លែង ថា គាត់នៅតែងឿងឆ្ងល់ ចំពោះសេចក្តីថ្លែងការណ៍រួមនេះ។ គណបក្សភឿថៃ បានបង្ហាញជំហរយ៉ាងច្បាស់លាស់រួចហើយ ប៉ុន្ដែបញ្ហាទាំងអស់នេះ មិនត្រូវបានដាក់បញ្ចូល នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខា ដោយភាគីសម្ពន្ធភាពទាំង៨នោះឡើយ។
មេដឹកនាំគណបក្សភឿថៃ លោកបណ្ឌិត ឈុលណាន ស្រ៊ីកែវ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា គាត់ចង់ប្រកាសឲ្យបានច្បាស់ ថា សេចក្ដីថ្លែងការណ៍នេះ មិនពាក់ព័ន្ធនឹងគណបក្សចំនួន៦ផ្សេងទៀត នៅក្នុងសម្ពន្ធភាពគណបក្សចម្រុះរបស់ខ្លួននោះទេ។ សេចក្ដីប្រកាសនេះ មានតែគណបក្សភឿថៃ និង គណបក្សឆ្ពោះទៅមុខ តែប៉ុណ្ណោះ។

នៅពេលសួរ អំពីការធ្វើវិសោធនកម្ម លើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ ថា ជាច្បាប់ពាក់ព័ន្ធឹងនឹងការប្រមាថព្រះមហាក្សត្រ នោះ មេដឹកនាំបក្សភឿថៃ បានអះអាង ថា បញ្ហានេះ មិនត្រូវបានលើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍នោះឡើយ។ សេចក្ដីស្នើច្បាប់វិសោធនកម្មលើកំណែទម្រង់កម្លាំងប្រដាប់អាវុធ និង សន្តិសុខផ្ទៃក្នុង នឹងត្រូវធ្វើឡើង តាមរយៈដំណើរការរបស់រដ្ឋសភា ថាតើសមាជិកសភា នឹងត្រូវអនុម័តទៅជាច្បាប់ដែរឬអត់ គឺអាស្រ័យលើរដ្ឋសភា។
នៅពេលសួរ ថា តើការលើកលែងទោសនេះ នឹងគ្របដណ្តប់សមាជិករណសិរ្សរួបរួម ដើម្បីប្រជាធិបតេយ្យ ប្រឆាំងនឹងរបបផ្តាច់ការ (UDD) និង គណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន (PDRC) ឬយ៉ាងណានោះ លោកបណ្ឌិត បានបន្ថែម ថា ច្បាប់នេះ នឹងត្រូវអនុវត្ដ សម្រាប់តែមនុស្សត្រូវបានកាត់ទោស នៅក្នុងសំណុំរឿងនយោបាយតែប៉ុណ្ណោះ។ បញ្ហាទាំងនេះ នឹងត្រូវដោះស្រាយ ដោយការប្រុងប្រយ័ត្នបំផុត។

សមាជិកព្រឹទ្ធសភា លោក ស៊េរី ស៊ូវ៉ាន់ផេណន (Seri Suwanphanon) ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍នយោបាយ និង ការចូលរួមរបស់ព្រឹទ្ធសភា បានបញ្ជាក់ ថា សមាជិកព្រឹទ្ធសភាមិនជំទាស់ នឹងការលើកលែងទោសដល់យុវជន ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងបទបញ្ចេញមតិនយោបាយនោះទេ។ ប៉ុន្តែសមាជិកព្រឹទ្ធសភា ប្រាកដជាប្រឆាំងនឹងការធ្វើវិសោធនកម្មលើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។
សមាជិកព្រឹទ្ធសភា លោក ស៊ុមឆៃ សាវេងខាន (Somchai Sawaengkarn) បានអះអាងផងដែរ ថា ការធ្វើវិសោធនកម្មច្បាប់ លើមាត្រានេះ នៅមិនទាន់ច្បាស់ទេ ថាតើសេចក្ដីស្នើច្បាប់លើកលែងទោសនេះ ក៏នឹងគ្របដណ្តប់ទៅលើជនជាប់ចោទ នៅក្នុងសំណុំរឿងពុករលួយ ពាក់ព័ន្ធនឹងនយោបាយដែរឬយ៉ាងណា។
លោក វីសសានូ គ្រាង៉ាម (Wissanu Krea-ngam) ឧបនាយករដ្ឋមន្រ្ដី ដែលលាលែងពីតំណែង បានបញ្ជាក់ ថា គណបក្សធំៗទាំង២ គឺបក្សឆ្ពោះទៅមុខ និង ភឿថៃ អាចនឹងរៀបចំធ្វើវិសោធនកម្មច្បាប់ ស្តីអំពីកំណែទម្រង់កម្លាំងប្រដាប់អាវុធ និង សន្តិសុខជាតិ។ ប៉ុន្តែបញ្ហាចោទ នៅត្រង់ ថា ការនិយាយពិតជាស្រួលជាងការធ្វើ ព្រោះការអនុម័តច្បាប់ នឹងត្រូវតែស្ថិតក្រោមការពិនិត្យរបស់ព្រឹទ្ធសភា៕ រក្សាសិទ្ធដោយ ៖ សារាយSN



















