Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដីថ្មី នៅសប្ដាហ៍ក្រោយ

រាជធានីបាងកក៖ សភារបស់ប្រទេសថៃ នឹងកោះហៅសមាជិករបស់ខ្លួន ចូលរួមប្រជុំ និង បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដីថ្មីរបស់ព្រះរាជាណាចក្រអាស៊ានមួយនេះ នៅសប្ដាហ៍ក្រោយ បន្ទាប់ពីសមាជិកសភាទើបនឹងជាប់ឆ្នោត បានបោះឆ្នោតជ្រើសរើសប្រធានសភា អនុប្រធានទី១ និង អនុប្រធានទី២ កាលពីថ្ងៃអង្គារ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៥ ខែកក្កដា ថា លោក វ៉ាន់ មូហាម៉ាត់ ណ័រ ម៉ាថា (Wan Muhamad Noor Matha) ប្រធានសភាទើបនឹងជាប់ឆ្នោតថ្មីរបស់ប្រទេសថៃ បានបញ្ជាក់ កាលពីថ្ងៃពុធ ថា រដ្ឋសភា នឹងកោះប្រជុំរួម សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដីថ្មី នៅវេលាម៉ោង៩ និង ៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ នាសប្ដាហ៍ក្រោយ។ បន្ថែមពីលើនេះ លោកប្រធាន ក៏បានកំណត់កាលបរិច្ឆេទរួចរាល់អស់ហើយ សម្រាប់ការពិគ្រោះយោបល់ ជាមួយនឹងប្រធានព្រឹទ្ធសភា លោក ផនផេតឆ៍ វីឆីឈុលឆៃ (Pornpetch Wichitcholchai)។

បើតាមរដ្ឋធម្មនុញ្ញ សមាជិកព្រឹទ្ធសភាត្រូវបានតែងតាំង ចំនួន២៥០នាក់ ក៏មានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ ជាមួយនឹងសមាជិកសភាទើបនឹងជាប់ឆ្នោតថ្មី ចំនួន៥០០នាក់ផងដែរ

លោកប្រធាន វ៉ាន់ មូហាម៉ាត់ ណ័រ ម៉ាថា បានសង្កត់ធ្ងន់ ថា ការបោះឆ្នោត នៅថ្ងៃទី១៣ ខែកក្កដា សម្រាប់ជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី អាចនឹងត្រូវបញ្ចប់ភ្លាមៗ ឬ អាចបន្ដទៅជុំបន្ទាប់ទៀត។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ត្រូវការសំឡេងគាំទ្រ ភាគច្រើន យ៉ាងតិចចំនួន៣៧៦សំឡេង នៅក្នុងចំណោមសំឡេង ពីសមាជិកសភាទាំង២ សរុប៧៥០នាក់ ។ ប៉ុន្ដែប្រសិនបើលទ្ធផល មិនសម្រេចបានទេនោះ សម័យបោះឆ្នោតមួយផ្សេងទៀត នឹងត្រូវកំណត់ នៅពេលបន្ទាប់។ រដ្ឋសភា នឹងត្រូវតែកោះប្រជុំ រហូតល្គឹកណា នាយករដ្ឋមន្ត្រី ត្រូវជ្រើសរើស។ ចំណែកលោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ ក៏មិនមែនជាបេក្ខជនតែម្នាក់នោះដែរ។

លោក វ៉ាន់ មូហាម៉ាត់ ណ័រ ម៉ាថា មានបទពិសោធន៍ច្រើន ដែលធ្លាប់កាន់តំណែងប្រធានសភា និង តំណែងកំពូលៗ នៅក្នុងជួរគណៈរដ្ឋមន្រ្ដីថៃ នាពេលកន្លងមក បានបន្ថែម ថា « លោក ភីថា អាចនឹងត្រូវជ្រើសរើស.. បើមិនដូច្នេះទេ នាយករដ្ឋមន្ត្រីថ្មី នឹងត្រូវតែត្រូវជ្រើសរើសតាមវិធីសាស្រ្ដផ្សេងៗទៀត។ បើតាមរដ្ឋធម្មនុញ្ញ សភាមានកាតព្វកិច្ច ជ្រើសរើសនាយករដ្ឋមន្ត្រី សម្រាប់រដ្ឋបាលជាតិ ព្រោះប្រទេសជាតិ មិនអាចខ្វះនាយករដ្ឋមន្ត្រីបាននោះឡើយ»។

គណបក្សឆ្ពោះទៅមុខ (MFP) របស់លោក ភីថា លីមចារឿនរ៉ាត បានឈ្នះអាសនៈចំនួន១៥១ ដែលជាសំឡេង ភាគច្រើនបំផុត នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ គណបក្សនេះ មានសិទ្ធិដំបូង សម្រាប់ការប៉ុនប៉ង បង្កើតរដ្ឋាភិបាល។

លោក វ៉ាន់ មូហាម៉ាត់ ណ័រ ម៉ាថា ប្រធានសភាថ្មីរបស់ប្រទេសថៃ បានបន្ដ ថា ដោយផ្អែកលើសំឡេងបោះឆ្នោត គាំទ្រដល់លោក ផាឌីផា ស៊ុនទិផាដា (Padipat Suntiphada) ជាសមាជិកសភា មកពីគណបក្ស MFP រហូតបានក្លាយជាអនុប្រធានសភាទី១ នោះ នឹងបង្ហាញ ថា គណបក្សសម្ពន្ធភាពចម្រុះទាំង៨គណបក្ស មានសំឡេងសរុប៣១២ សម្រាប់ការគាំទ្រដល់លោក ភីថា លីមចារឿនរ៉ាត ប្រធានបក្សឆ្ពោះទៅមុខ (MFP) ជានាយករដ្ឋមន្រ្ដី។ ដូច្នេះមេដឹកនាំគណបក្សឈ្នះឆ្នោតមួយនេះ ត្រូវការសំឡេង ត្រឹមតែ៦៤ប៉ុណ្ណោះ ដើម្បីគម្រប់៣៧៦ តាមច្បាប់កំណត់ សម្រាប់ការជាប់ឆ្នោតជានាយករដ្ឋមន្រ្ដីថ្មី។ ប៉ុន្ដែប្រសិនបើលោក ភីថា មិនជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រី នៅក្នុងជុំទី១នោះទេ រដ្ឋធម្មនុញ្ញ ក៏មិនកំណត់ ថាតើអ្នកដែលត្រូវបានតែងតាំងពីមុន ឬ បេក្ខជនថ្មី គួរតែត្រូវបង្ហាញវត្តមាន នៅក្នុងចំណោមសមាជិកសភាចូលរួមនោះដែរ។

បើទោះយ៉ាងណាក៏ដោយ បេក្ខជននាយករដ្ឋមន្រ្ដី ត្រូវតែជ្រើសរើស មកពីក្នុងចំណោមអ្នកត្រូវបានផ្ទៀងផ្ទាត់ពីមុន ដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត និង ឈ្មោះរបស់ពួកគេ ត្រូវបានចុះនៅក្នុងបញ្ជី ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់គណបក្សនយោបាយនីមួយៗ។

លោកប្រធានសភា បានបន្ថែម ថា ប្រសិនបើអ្នកត្រូវបានចុះឈ្មោះទាំងអស់ មិនបានទទួលការយល់ព្រមពីសភា និង ព្រឹទ្ធសភានោះទេ បេក្ខជនខាងក្រៅ អាចត្រូវបានគេតែងតាំង ប៉ុន្តែត្រូវតែឈ្នះយ៉ាងហោចណាស់២ភាគ៣ នៃសំឡេងឆ្នោតរបស់សមាជិកសភាចូលរួម។ប្រសិនបើមិនអាចសម្រេច លើការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅក្នុងកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួនទេនោះ សម័យប្រជុំបន្ទាប់ សម្រាប់ការបោះឆ្នោត នឹងអាស្រ័យទៅលើភាពសមស្រប និង មតិរបស់ភាគីពាក់ព័ន្ធផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×