រដ្ឋធានីកៀវ៖ ស្របពេលរដ្ឋាភិបាលក្រុងកៀវ កំពុងតែបើកយុទ្ធនាការវាយបក រំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់ទាហានក្រុងមូស្គូ ចាប់តាំងពីថ្ងៃទី៤ ខែមិថុនា រហូតមកដល់ពេលនេះ ទាំងកងទ័ពអ៊ុយក្រែន និង រុស្ស៊ី សុទ្ធតែបានអួតអាង អំពីការបាញ់សម្លាប់គ្នាទៅវិញទៅមក មានចំនួនរាប់រយនាក់។

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Sputnik បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៥ ខែកក្កដា ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃពុធ ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ អ៊ុយក្រែន បានបាត់បង់កងទ័ព ជាង៣០០នាក់ នៅលើសមរភូមិ នាភាគខាងត្បូង តំបន់ដូណែតស្ក៍ (Donetsk) និង ហ្សាប៉ូរីស្សា។ ប៉ុន្ដែកងទ័ពរបស់អ៊ុយក្រែន បានបន្ដវាយលុក ទៅលើតំបន់ដូណែតស្ក៍, ក្រាស្នី លីម៉ាន់ (Krasny Liman) និង ហ្សាប៉ូរីសហ្សា។ ចំណែកគ្រឿងសឹកជាច្រើនផ្សេងទៀត រួមមាន រថក្រោះ និង កាំភ្លើធំជាដើម ក៏ត្រូវបានទាហានរុស្ស៊ី បាញ់កម្ទេចចោល។
ដោយឡែក សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៥ ខែកក្កដា ដែរ ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែបន្ដប្រតិបត្ដិការ វាយលុកយ៉ាងខ្លាំង នៅលើសមរភូមិនានា ស្ថិតក្នុងទីក្រុងមេលីតូប៉ូល និង តំបន់ប៊ឺឌីយានស្ក៍ (Berdiansk) ហើយបន្ដទម្លុះខ្សែត្រៀមថ្មីបន្ថែមទៀត។ រីឯកម្លាំងទាហានរុស្ស៊ី ក៏កំពុងតែបន្ដផ្ដោតទៅលើកិច្ចខំប្រឹងប្រែងទប់ទល់ដ៏ខ្លាំងក្លារបស់ពួកគេ នៅលើសមរភូមិលីម៉ិន (Lyman) បាកមូត (Bakhmut) អាវឌីយីវកា (Avdiivka) និង ម៉ារិនកា។ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា កំពុងតែកើតឡើង នៅលើសមរភូមិទាំងនេះ។ ស្របគ្នានេះ យន្ដហោះចម្បាំងជាច្រើនគ្រឿងរបស់អ៊ុយក្រែន ក៏កំពុងតែបង្កើននូវការវាយប្រហារ ទៅលើតំបន់ទាំងនោះផងដែរ។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃពុធ ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ អ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី ចំនួន ៦៧០នាក់ រួមទាំង គ្រឿងចម្បាំងជាច្រើនទៀត មានដូចជា រថក្រោះចំនួន៣គ្រឿង, រថពាសដែក ចំនួន៩គ្រឿង, កាំភ្លើងផ្លោង ចំនួន៣៦គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ ចំនួន៩គ្រឿង, ប្រព័ន្ធការពារដែនអាកាសចំនួន១គ្រឿង, ដ្រូនចំនួន១២គ្រឿង, រថយន្ដយោធា ចំនួន២២គ្រឿង, និង គ្រឿងចក្រពិសេស ចំនួន១គ្រឿង។ ប៉ុន្ដែបើគិតចាប់តាំងពីការផ្ទុះសង្គ្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ រុស្ស៊ី បានបាត់បង់ទាហាន នៅលើសមរភូមិ ចំនួន ២៣១ ៧០០នាក់។

ក្រៅពីការសម្លាប់ទាហានរុស្ស៊ី នៅក្នុងអំឡុងដូចគ្នានេះ គ្រឿងចម្បាំងទំនើបៗ មានតម្លៃរាប់ពាន់លានដុល្លារ ក៏ត្រូវបានកងទ័ពអ៊ុយក្រែន វាយប្រហារកម្ទេចចោល រួមមាន យន្ដហោះចម្បាំង ចំនួន៣១៥គ្រឿង, ឧទ្ធម្ភាគចក្រចំនួន៣០៩គ្រឿង, រថក្រោះចំនួន ៤០៦២គ្រឿង, រថពាសដែក ចំនួន ៧ ៩១៧គ្រឿង, ប្រព័ន្ធកាំភ្លើងផ្លោង ៤ ២៨៨គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ៦៥៦គ្រឿង, ប្រព័ន្ធកាំភ្លើងប្រឆាំងយន្ដហោះ ៣៩៥គ្រឿង, រថយន្ដយោធា និង រថយន្ដដឹកប្រេង ៦ ៨៦៥គ្រឿង, នាវាចម្បាំងតូចធំ ១៨គ្រឿង, ដ្រូន ៣ ៦១៤គ្រឿង និង គ្រូសមីស៊ីល ១ ២៦៤ដើម។
បើទោះជាយ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាអះអាង ពីភាគីអ៊ុយក្រែន និង រុស្ស៊ី តែប៉ុណ្ណោះ។ ប៉ុន្ដែគេមិនមានប្រភពឯករាជ្យណាមួយបញ្ជាក់នោះឡើយ។ នៅក្នុងសង្គ្រាមដ៏ឃោរឃៅនេះ ទាំងរដ្ឋាភិបាលក្រុងកៀវ និង ក្រុងមូស្គូ កម្រនឹងបង្ហាញតួលេខខ្លាំងណាស់ ពាក់ព័ន្ធនឹងទាហានរបស់ខ្លួន រងគ្រោះថ្នាក់ ស្លាប់ និង របួស នៅលើសមរភូមិ៕រក្សាសិទ្ធដោយ ៖ សារាយSN



















