រដ្ឋធានីមូស្គូ៖ រហូតមកដល់ពេលនេះ បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត បាន និង កំពុងតែបង្កើននូវការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ជុំវិញសង្គ្រាម នៅអ៊ុយក្រែន ហើយឃើញឱកាសដ៏ល្អបែបនេះ ចិនហក់ទៅក្ដោបក្ដាប់កាន់កាប់យ៉ាងណែននៅក្នុងដៃ សម្រាប់ទីផ្សារលក់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៥ ខែកក្កដា ថា M.Video-Eldorado ជាក្រុមហ៊ុនលក់រាយគ្រឿងអេឡិកត្រូនិកឈានមុខគេ បានអះអាង ថា ទូរស័ព្ទស្មាតហ្វូនរបស់ចិន កំពុងតែគ្រប់គ្រងទីផ្សាររបស់រុស្ស៊ី នៅឆមាសទី១ នៃឆ្នាំ២០២៣ ដោយកើនឡើងខ្ពស់ លើសពី៧០ភាគរយ នៅក្នុងចំណោមការលក់ទូរស័ព្ទទាំងអស់។ នេះចង់និយាយ ថា ការលក់កើនឡើង លើសកាលពីឆ្នាំ២០២២ ប្រហែល៥៥ភាគរយ។
ទូរស័ព្ទស្មាតហ្វូន នាំចូលដោយក្រុមហ៊ុនលក់រាយរបស់ចិន មានជាអាទិ៍៖ Xiaomi (ស៊ាវមី) និង Realme (រៀលមី) កំពុងតែក្លាយជាទូរស័ព្ទលក់ដាច់ជាងគេបំផុត នៅរុស្ស៊ី ស្របពេលមានការហាមឃាត់ដល់ការលក់ទូរស័ព្ទ Samsung និង Apple នៅក្នុងប្រទេសមហាអំណាចនុយក្លេអ៊ែរមួយនេះ ដោយសារតែមានការពាក់ព័ន្ធនឹងសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ ដោយឡែក តម្រូវការសរុប សម្រាប់ទូរស័ព្ទស្មាតហ្វូន នៅរុស្ស៊ី កើនឡើង រហូតដល់១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ខណៈមានផលិតផលសរុប ត្រឹមតែជិត១៣លានគ្រឿងប៉ុណ្ណោះ ត្រូវបានលក់ចេញ។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងមូស្គូ កំពុងតែពឹងផ្អែកកាន់តែយ៉ាងខ្លាំង ទៅលើរដ្ឋាភិបាលក្រុងប៉េកាំង សម្រាប់អ្វីៗគ្រប់យ៉ាង ចាប់តាំងពីគ្រឿងអេឡិកត្រូនិក រហូតដល់រថយន្ត។ សកម្មភាពបែបនេះ បានកើតឡើង ក្រោយពេលក្រុមហ៊ុនល្បីៗរបស់លោកខាងលិច ភាគច្រើន បានចាកចេញពីទីផ្សាររបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

ក្រុមហ៊ុន M.Video កាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា បានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ម៉ាកយីហោ ឬប្រែនដ៍ជាច្រើន នាំចូលមកពីប្រទេសចិន ក្លាយជាប្រព័ន្ធបន្តពង្រឹងវត្តមានរបស់ឧបករណ៍អេឡិកត្រូនិកទាំងនោះ។ រីឯម៉ូដែលស្មាតហ្វូន និង ទូរស័ព្ទស្មាតហ្វូនដែលអាចបត់បាន ដែលជាម៉ាកយីហោរបស់ចិន កំពុងតែមើលឃើញ អំពីតម្រូវការយ៉ាងពិសេសបំផុត។ ទូរស័ព្ទស្មាតហ្វូន ចំនួន៨ប្រភេទ នៅក្នុងចំណោម១០ ត្រូវបានលក់ដាច់បំផុត នៅរុស្ស៊ី នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៣ ហើយវាជាទូរស័ព្ទរបស់ចិន។
វិមានក្រឹមឡាំង បានណែនាំដល់ក្រុមមន្ត្រីក្រុងមូស្គូ ឱ្យឈប់ប្រើប្រាស់ iPhone របស់ក្រុមហ៊ុនអាមេរិក Apple ក្រោយការផ្ដល់ហេតុផល ថា ទីភ្នាក់ងារចារកម្មរបស់លោកខាងលិច បានសម្របសម្រួល បង្កប់កម្មវិធី Software នៅក្នុងឧបករណ៍ទាំងនេះ សម្រាប់ឈ្លបយកការណ៍សម្ងាត់។ ប៉ុន្ដែក្រុមហ៊ុន Apple បានបដិសេធ ប្រឆាំងនឹងការអះអាងរបស់រុស្ស៊ី៕ រក្សាសិទ្ធដោយ ៖ សារាយSN



















