ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តនាព្រឹកថ្ងៃចន្ទ ០៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញ ជាអធិប តីនៅក្នុង ពិធីបញ្ចុះបឋមសិលាសាង សង់ ច្រាំងទន្លេវ៉ៃគោ ផ្នែកខាងលិច (ទំនប់តាណេង) ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់អស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាព តំណាងកងកម្លាំង លោកអភិបាលក្រុងស្វាយរៀង និងមន្ត្រីពាក់ព័ន្ធជាច្រើន រូបទៀត។
សូមបញ្ជាក់ថា ច្រាំងទន្លេដែលត្រូវស្ថាបនាពេលនេះ មានប្រវែង ៩៧៥ម៉ែត្រ នឹងមានរៀបចំក្រាលការ៉ូឡា សួនច្បារ ដាំដើមឈើលម្អ កន្លែងហាត់ប្រាណ ព្រមទាំងមានរៀបចំវេទិកាសម្រាប់ប្រារព្ធពិធីប្រណាំងទូក ហើយការអភិវឌ្ឍ និងកែលម្អច្រាំងទន្លេវ៉ៃគោនេះ គឺជាគម្រោងផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្នុងក្រុង និងបង្កើតនូវលំហទីក្រុងបៃតងសម្រាប់ជាទីកម្សាន្ត លំហែអារម្មណ៍ និងហាត់កីឡា ដែលជាផ្នែកមួយចូលរួមចំណែកក្នុងកិច្ចលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ហើយក៏ជាសំណង់ប្រត្តិសាស្ត្រសម្រាប់ខេត្តស្វាយរៀងផងដែរ។
ចំពោះគម្រោងអភិវឌ្ឍន៍នេះ រដ្ឋបាលខេត្ត សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងក្រុងស្វាយរៀង នឹងអបអរសាទរទទួលយកសមិទ្ធថ្មីដែលជាប្រយោជន៍រួមនេះ ដោយក្ដីរីករាយ ៕ វ៉ៃកូ