Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្រាអតិផរណានៅកម្ពុជា ធ្លាក់ចុះមកនៅត្រឹម ១,៤% នៅឆមាសទី១ ឆ្នាំនេះ

ភ្នំពេញ៖ អត្រាអតិផរណានៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ បានធ្លាក់ទាបក្នុងរង្វង់ប្រមាណ ១,៤ភាគរយ ដោយសារការធ្លាក់ចុះថ្លៃប្រេងឥន្ធនៈ នឹងធ្វើឲ្យប្រសើរឡើងវិញនៃស្ថានភាពផ្គង់ផ្គង់ម្ហូបអាហារ និងការថយចុះថ្លៃដើមផលិត ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក មានភាពល្អប្រសើរឡើងវិញ។

ក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ កាលពីថ្ងៃទី៦ ខែកក្កដា លោកជំទាវ  ជា សិរី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ជុំវិញអតិផរណានេះ ទោះបីនៅក្នុងឆមាសទី១ ក្នុងឆ្នាំ២០២៣ បានថយចុះក្នុងអត្រារង្វង់អត្រាប្រមាណ ១,៤ភាគរយក៏ដោយ តែសម្រាប់បំណាចឆ្នាំ ២០២៣ នេះ ធនាគារជាតិនៃកម្ពុជា បានព្យាករថា អតិផរណានេះ អាចស្ថិតនៅក្នុងរង្វង់ប្រមាណ ២ភាគរយ ក្នុងនោះប្រសិនអតិផរណាស្ថិតនៅក្នុងកម្រិតនេះ គឺជាអត្រាមួយល្អប្រសើរ ស្របពេលកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងនឹងកើនឡើងជាង ៥ភាគរយ។

ដោយឡែក ស្ថានភាពនៃអត្រាប្តូរប្រាក់រៀលវិញ ត្រូវបានរក្សាឲ្យមានស្ថិរភាពក្នុងរង្វង់ ៤១០២រៀល ក្នុងមួយដុល្លារអាមេរិក តាមរយៈនៃការផ្គត់ផ្គង់រូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងៗ សំដៅការពារអំណាចទិញនៃប្រាក់រៀល និងការកាត់បន្ថយសម្ពោធអតិផរណា។

ចំណែកអត្រាការប្រាក់វិញ ប្រាក់ដុល្លារបច្ចុប្បន្នកំពុងមានសម្ពាធ ដោយសារការកើនឡើងនៃអត្រាការប្រាក់គោលរបស់សហរដ្ឋអាមេរិក។ ពាក់ព័ន្ធបញ្ហានេះ ប្រសិនសហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់គោល ដោយល្បឿននៃការបង្កើន គឺបានកើនឡើង ០,៧៥ភាគរយ ហើយក្រោយមកបានទម្លាក់នៅត្រឹម ០,៥ភាគរយ បច្ចុប្បន្ន អត្រានេះ គឺស្ថិតនៅក្នុងកម្រិត ០,២៥ភាគរយ ចំពោះការកើនឡើងអត្រាការប្រាក់របស់អាមេរិក គឺបានទាក់ទាញលុយហូរចូលទៅអាមេរិកវិញ ខណៈដែលធ្វើឲ្យសម្ពោធលុយប្រទេសផ្សេងៗ ក៏ដូចកម្ពុជាផងដែរ ក៏មានសម្ពោធនេះកើតឡើង។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានប្រឹងប្រែងគ្រប់គ្រងលុយរៀលកុំឲ្យហើម ពោលគឺ អត្រាប្រាក់រៀល ចាប់តាំងពីមុនជំងឺកូវីដ១៩ បានផ្ទុះឡើងរហូតមកដល់បច្ចុប្បន្ន មានការប្រែប្រួលក្នុងរង្វង់ប្រមាណ ១ភាគរយប៉ុណ្ណោះ ដែលបានជួយដល់អតិផរណាក្នុងស្រុក៕

×