Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ កាន់តែដេកលែងលក់ ពាក់ព័ន្ធនឹងការគំរាមកំហែងលើរោងចក្រនុយក្លេអ៊ែរដ៏ធំរបស់អឺរ៉ុប

បុរីញូវយ៉ក៖ ស្របពេលរដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងកៀវ កំពុងតែចោទប្រកាន់ដាក់គ្នាទៅវិញទៅមក អំពីការបំផ្លិចបំផ្លាញរោងចក្រដ៏ធំបំផុតរបស់អឺរ៉ុបហើយវាអាចនឹងបង្កឲ្យកើតមានមហាវិនាសកម្មយ៉ាងធ្ងន់ធ្ងរមិនអាចប៉ាន់ប្រមាណបាននោះ ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) កំពុងតែព្រួយបារម្ភ កាន់តែខ្លាំងឡើង និង ស្វះស្វែងរកសិទ្ធិបន្ថែមទៀត ចូលទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ ស្ថិតក្នុងតំបន់ហ្សាប៉ូរីសហ្សារបស់ប្រទេសអ៊ុយក្រែន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ថា ទីភ្នាក់ងារថាមពលអាតូមិកអន្ដជាតិ (IAEA) របស់អង្គការសហប្រជាជាតិ កំពុងតែស្វះស្វែងរកសិទ្ធិ ចូលទៅកាន់កន្លែងដាក់ម៉ាស៊ីនរ៉េអាក់ទ័រ នៅក្នុងរោងចក្រហ្សាប៉ូរីសហ្សា (Zaporizhzhia) ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត នៅតំបន់អឺរ៉ុប ដើម្បីពិនិត្យមើលឲ្យប្រាកដ ថា មិនមានវត្តមានរបស់សារធាតុបំផ្ទុះ នៅទីនោះ។

អង្គការឃ្លាំមើលនុយក្លេអ៊ែរមួយនេះ បានអំពាវនាវ ស្នើសុំឱ្យបង្កើននូវសិទ្ធិបន្ថែមទៀត សម្រាប់ការចូលទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលត្រូវបានគ្រប់គ្រង ដោយកម្លាំងទាហានរុស្ស៊ី នៅតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ខណៈរដ្ឋាភិបាលក្រុងម៉ូស្គូ និង ក្រុងកៀវ កំពុងតែចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការរៀបចំផែនការបំផ្ទុះគ្រាប់បែក នៅក្នុងរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។

ទីភ្នាក់ងារថាមពលអាតូមិកអន្ដជាតិរបស់អង្គការសហប្រជាជាតិ (IAEA) កាលពីថ្ងៃពុធ បានបញ្ជាក់ ថា IAEA កំពុងតែស្វះស្វែងរកសិទ្ធិឲ្យកាន់តែច្រើនឡើងបន្ថែមទៀត សម្រាប់ការចូលទៅកាន់រោងចក្រហ្សាប៉ូរីសហ្សា។ គោលបំណងដ៏សំខាន់ ត្រូវតែបញ្ជាក់ ថា អវត្ដមានគ្រាប់មីន ឬ គ្រឿងបំផ្ទុះ នៅទីនោះ»។

លោក រ៉ាហ្វាអែល ហ្គ្រោសស៊ី (Rafael Grossi) អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ កាលពីថ្ងៃពុធ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ជាមួយនឹងភាពតានតឹង និង សកម្មភាពយោធា កំពុងតែកើនឡើងយ៉ាងខ្លាំង នៅក្នុងតំបន់មានរោងចក្រនុយក្លេអ៊ែរនោះ ក្រុមមន្រ្ដីជំនាញរបស់យើង ត្រូវតែមានលទ្ធភាព បញ្ជាក់អំពីស្ថានភាពនៅលើដី។ ការត្រួតពិនិត្យរបស់ IAEA កាលពីពេលថ្មីៗកន្លងមកនេះ នៅទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ មិនបានរកឃើញ ថា មានគ្រាប់មីន ឬ សារធាតុបំផ្ទុះណាមួយនោះឡើយ។ ប៉ុន្តែការចូលទៅកាន់ទីតាំងនោះបន្ថែមទៀតរបស់ភ្នាក់ងារជំនាញ នឹងជួយបញ្ជាក់ អំពីស្ថានភាពបច្ចុប្បន្ន នៅក្នុងរោងចក្រនោះ»។

លោកប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ បានបន្ថែម ថា «អ្វីដែលពិសេសនោះ គឺសិទ្ធិចូលទៅកាន់ដំបូលម៉ាស៊ីនរ៉េអាក់ទ័រទី៣ និង ទី៤ ពិតជាមានសារៈសំខាន់ខ្លាំង ក៏ដូចជា ការចូលទៅកាន់ផ្នែកជាច្រើន នៃកន្លែងធ័រប៊ីន (Turbine) និង ផ្នែកជាច្រើនផ្សេងទៀត នៃប្រព័ន្ធធ្វើឲ្យត្រជាក់ នៅក្នុងរោងចក្រ»។

អ៊ុយក្រែន និង រុស្ស៊ី កាលពីថ្ងៃពុធ បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីផែនការវាយប្រហារទៅលើរោងចក្រ Zaporizhzhia បើទោះជាភាគីទាំងពីរ មិនបានផ្តល់ភស្តុតាង សម្រាប់គាំទ្រដល់ការអះអាងរបស់ពួកគេ ជុំវិញការគំរាមកំហែង កាន់តែខិតចូលមកដល់រោងចក្រ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២២ ក្រោយការលុកលុយរបស់ក្រុងម៉ូស្គូ ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក៕ រក្សាសិទ្ធដោយ ៖ សារាយSN

×