រាជធានីម៉ាណាម៉ា(Manama)៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានតាមដានអំពីស្ថានភាព នៅលើដែនទឹកអន្ដរជាតិ ពាក់ព័ន្ធនឹងនាវាធ្វើសកម្មភាពរត់ពន្ធ ហើយក៏មិនបានចេញអន្ដរាគមន៍ ស្ទាក់កប៉ាល់ពាណិជ្ជកម្ម ដែលអ៊ីរ៉ង់ធ្វើសកម្មភាពរឹបអូសនោះដែរ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា កងកម្លាំងឆ្មាំបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់ បានរឹបអូសទាំងបង្ខំចំពោះកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង ស្ថិតក្នុងដែនទឹកអន្ដរជាតិនៃឈូងសមុទ្រ ដែលជាប់ពាក់ព័ន្ធនឹងការរត់ពន្ធ។
កងនាវាទី៥ នៃកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មានមូលដ្ឋាន ស្ថិតក្នុងប្រទេសបារ៉ែន ( Bahrain) បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ថា «កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានតាមដាននូវឧបទ្ទវហេតុនោះ ប៉ុន្ដែបានវាយតម្លៃតាមកាលៈទេសៈនោះ ដោយមិនធានាឲ្យមានការឆ្លើយតបបន្ថែមនោះឡើយ»។

លោក ធីម ហ័រឃីនស៍ (Tim Hawkins) អ្នកនាំពាក្យ មេបញ្ជាការកងនាវាទី៥ នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «កងទ័ពសហរដ្ឋអាមេរិក នៅតែមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការពារសិទ្ធិធ្វើនាវាចរណ៍ ចំពោះចរាចរណ៍តាមផ្លូវសមុទ្រស្របច្បាប់អន្តរជាតិ ស្ថិតក្នុងដែនទឹកដ៏សំខាន់ នៅមជ្ឈិមបូព៌ា»។
បើទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់មិនបានធ្វើអត្ថាធិប្បាយណាមួយ ជុំវិញហេតុការណ៍ចាប់កប៉ាល់ពាណិជ្ជកម្មនោះទេ។

ក្រុមហ៊ុនសន្តិសុខដែនសមុទ្ររបស់អង់គ្លេស Ambrey (អាមប្រេ) បានបញ្ជាក់ ថា ខ្លួនបានដឹងអំពីកងកម្លាំងឆ្មាំបដិវត្ដអ៊ីរ៉ង់ ប៉ុនប៉ងរឹបអូសកប៉ាល់ដឹកប្រេងតូចមួយ មានដាក់ទង់ជាតិរបស់តង់ហ្សានី នៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រ នាភាគឦសាន ពីទីក្រុងកំពង់ផែដាមម៉ាម (Dammam) របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ អ៊ីរ៉ង់ តែងតែស្ទាក់ចាប់នាវាតូចៗ ដោយសារការសង័្សយ ពាក់ព័ន្ធនឹងការរត់ពន្ធ។
បើតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Vortexa (វ័រតេក្សា) បានឱ្យដឹង ថា ការផ្គត់ផ្គង់ប្រេងឆៅ និង ផលិតផលប្រេងរបស់ពិភពលោក ប្រហែល១ភាគ៥ បានឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាចំណុចដ៏តូចមួយ រវាងអ៊ីរ៉ង់ និង អូម៉ង់។ ប៉ុន្ដែនៅក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានចោទប្រកាន់គ្នា ជុំវិញឧប្បត្តិហេតុជាបន្តបន្ទាប់ នៅតាមផ្លូវទឹកឈូងសមុទ្រមួយនេះ។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ខ្លួនបានធ្វើអន្តរាគមន៍ សម្រាប់រារាំងដល់អ៊ីរ៉ង់ បញ្ចៀសពីការរឹបអូសនាវាដឹកប្រេងចំនួន២គ្រឿង នៅក្នុងឈូងសមុទ្រអូម៉ង់។
អ៊ីរ៉ង់ បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា កងឆ្មាំបដិវត្ដន៍ មានដីការបស់តុលាការ ចាប់កប៉ាល់ដឹកប្រេងមួយគ្រឿង ដែលបើកក្នុងដែនទឹកឈូងសមុទ្រ កាលពីថ្ងៃមុន បន្ទាប់ពីកប៉ាល់នោះ បានបុកជាមួយនាវារបស់អ៊ីរ៉ង់។ បន្ថែមពីលើនេះ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានរឹបអូសយកនាវាដឹកប្រេងចំនួន២គ្រឿងផ្សេងទៀត នៅក្នុងខែឧសភា រួមទាំងកោះ កប៉ាល់មានដាក់ទង់ជាតិរបស់កោះ Marshall ត្រូវបានជួលដោយក្រុមហ៊ុនដ៏ធំ Chevron របស់សហរដ្ឋអាមេរិក៕ រក្សាសិទ្ធដោយ ៖ សារាយSN















