Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរខួប៦ឆ្នាំ នៃការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧-៨ កក្កដា ២០២៣

spot_img

កំពង់ធំ ៖ នាថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ ២០២៣ នេះ នៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការអាជ្ញាធរជាតិសំបូរព្រៃគុក បានប្រារព្ធពិធីអបអរសាទរខួប៦ឆ្នាំ នៃការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិសំបូរព្រៃគុក ថ្នាក់ដឹកនាំខេត្តកំពង់ធំ ក្រុមប្រឹក្សាភិបាលខេត្តកំពង់ធំ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងទាំងអស់នៅតំបន់សំបូរព្រៃគុក សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណ៦០០នាក់។

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមាន ចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។
ប្រាសាទសំបូរព្រៃគុក កសាងទ្បើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងស.វ.ទី៧ នៃគ.ស.។ បើតាមសិលាចារឹក ជាភាសាសំស្រ្ដឹក និងភាសាខ្មែរ រាជធានីនេះ មានឈ្មោះថា «ឥសានបុរ» ជានាមរបស់ព្រះអង្គផ្ទាល់។ អ្វីដែលសំខាន់នោះ ក្នុងរជ្ជកាលព្រះអង្គ ចំពោះការគ្រប់គ្រង គឺផ្អែកតាមនយោបាយ និងសាសនា ដោយហេតុនេះ បានជាក្នុងរាជ្យព្រះអង្គ មានការកសាងប្រាសាទយ៉ាងច្រើន។ ប្រាសាទសំបូរព្រៃគុក ត្រូវបានគេចាត់ថ្នាក់ក្នុងរចនាបថ មានដូចជា៖ សំបូរព្រៃគុក ព្រៃក្មេង កំពង់ព្រះ គូលេន និងបាពួន នាស.វ.ទី១១។ ប្រាសាទសំបូរព្រៃគុក ភាគច្រើនកសាងឡើងដោយព្រះបាទឦសានវរ្ម័ន ដើម្បីឧទ្ទិសចំពោះព្រះសីវៈ ។
ប្រាសាទសំបូរព្រៃគុកសង់មានលក្ខណៈជាប្រាសាទទោល និងសង់ជាក្រុមក្នុងកំពែងតែមួយ។ សម្ភារៈសំណង់គឺ ឥដ្ឋកំបោរបាយអ ថ្មភក់ ឯប្លង់ប្រាសាទមានរាងបួនជ្រុង គ្រឿងលំអស្ថាបត្យកម្មមានផ្តែ និងសរសរពេជ្រ សុទ្ធសឹងធ្វើអំពីថ្មភក់ និង មានចំលាក់លើកំបោរបាយអ។
ក្រុមប្រាសាទសំបូរព្រៃគុកអ្នកប្រាជ្ញជំនាន់មុនបានកំណត់បែងចែកក្រុមប្រាសាទទាំងនោះជាបីក្រុមធំៗខុសគ្នា និង មានក្រុមតូចៗជាច្រើនទៀតដូចជា ៖
១. ក្រុមប្រាសាទខាងជើង (ក្រុមប្រាសាទសបូរ) សាងឡើងនៅដើមស.វទី ៧ ដោយព្រះបាទឦសនវរ្ម័នទី១។ ដែលព័ទ្ធជុំវិញដោយក្រុមប្រាសាទតូចៗជាច្រើន កសាងពីឥដ្ឋ ដើម្បីឧទ្ទិសចំពោះព្រះសិវៈ។

២. ក្រុមប្រាសាទកណ្តាល ហៅថាប្រាសាទតោ៖ ក្រៅ(ពីប្រាសាទតោ មានតួប៉មប្រាសាទតូចៗចំនួនប្រាំពីរទៀតសាងពីឥដ្ឋក្នុងដើមស.វ ទី៧ ដោយព្រះបាទឦសនវរ្ម័នទី១។ ចំពោះប្រាសាទតោដែលស្ថិតនៅក្នុងក្រុមកណ្តាល សាងឡើងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី២ក្នុងស.វទី៩ តាមរចនាបទរបស់ជ្វាឧទ្ទិសចំពោះព្រះសីវៈ ដែលគោរពលទ្ធិទេវរាជ។

៣. ក្រុមប្រាសាទខាងត្បូង ហៅថានាគព័ន្ធ ឬ យាយព័ន្ធ៖ សាងឡើងដោយព្រះបាទឦសានវរ្ម័នទី១ ដើមស.វទី៧ ជាសំណង់ដែលសង់ឡើងមានតួប៉មកណ្តាលមួយឈ្មោះថាប្រាសាទនាគព័ន្ធ ឬប្រាសាទយាយព័ន្ធ និង តួប៉មបន្ទាប់បន្សំទៀតមានចំនួន៧ដែលស្ថិតនៅក្នុងកំពែងពីរជាន់ព័ន្ធជុំវិញ កំពែងខាងក្នុងសាងពីឥដ្ឋ កសាងឡើងសម្រាប់ឧទ្ទិសចំពោះព្រះសីវៈ(ជាសិល្បៈចម្លងចេញពីស្នាដៃសិល្បៈឥណ្ឌា) ។

ក្រុមប្រាសាទតូចៗមាន៖
-ក្រុមប្រាសាទរបងរមាស ឬ ក្រោលរមាស
-ក្រុមប្រាសាទត្រពាំងរពាក់, ក្រុមប្រាសាទឬស្សីរលែក, ក្រុមប្រាសាទសណ្តាន់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×