រដ្ឋធានីកៀវ៖ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានរាយការណ៍ អំពីការធ្វើបច្ចុប្បន្នភាព កាលពីថ្ងៃអាទិត្យ សម្រាប់ការខូចខាតរបស់រុស្ស៊ី នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដោយក្រុងមូស្គូ បានបាត់បង់កងទ័ព ចំនួន៦០០នាក់ និង គ្រឿងយុទ្ធភណ្ឌយ៉ាងច្រើន រួមមាន រថក្រោះ ចំនួន៤គ្រឿង រថពាសដែកចំនួន១១គ្រឿង ប្រព័ន្ធកាំភ្លើងផ្លោង ចំនួន២០គ្រឿង ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន៧គ្រឿង ប្រព័ន្ធការពារដែនអាកាសចំនួន៣គ្រឿង និង ដ្រូនចំនួន១៩គ្រឿង។

សារព័ត៌មាន Newsweek របស់សហរដ្ឋអាមេរិក បានផ្សាយ កាលពីថ្ងៃអាទិត្យ ទី៩ ខែកក្កដា ថា បើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានអះអាង ថា គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ រុស្ស៊ី បានបាត់បង់ទាហាន ចំនួន ២៣៤ ០៤០នាក់។ ក្រៅពីនេះ កងទ័ពការពារទឹកដីរបស់ក្រុងកៀវ ក៏បានកម្ទេចគ្រឿងចម្បាំងរបស់រុស្ស៊ី យ៉ាងច្រើន មានតម្លៃរាប់ពាន់លានដុល្លារអាមេរិក រួមមាន រថក្រោះ ចំនួន ៤ ០៧៨គ្រឿង, រថពាសដែក ចំនួន ៧ ៩៦៤គ្រឿង, ប្រព័ន្ធកាំភ្លើងផ្លោង ចំនួន ៤ ៣៦៦គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ ចំនួន៦៦៨គ្រឿង, ប្រព័ន្ធការពារប្រឆាំងនឹងយន្ដហោះចំនួន៤១៣គ្រឿង , យន្ដហោះចម្បាំង ចំនួន៣១៥គ្រឿង, ឧទ្ធម្ភាគចក្រចម្បាំង ចំនួន៣០៩គ្រឿង, រថយន្ដយោធា និង រថយន្ដដឹកប្រេង ចំនួន ៦ ៩២៩គ្រឿង, នាវាចម្បាំងតូចធំ ចំនួន១៨គ្រឿង, ដ្រូន ចំនួន ៣ ៦៨៥គ្រឿង, គ្រឿងចក្រពិសេស ចំនួន៦២៨គ្រឿង និង មីស៊ីលគ្រូស ចំនួន ១២៧១ដើម។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ នៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួន ថា អ៊ុយក្រែន បានបាត់បង់រថក្រោះ និង រថពាសដែក ចំនួន ១០ ៦០៤គ្រឿង។
សេចក្ដីរាយការណ៍ទាំងនេះ បានកើតឡើង ក្រោយពេលរដ្ឋាភិបាលក្រុងកៀវ បានប្រារព្ធទិវាទី៥០០ នៃសង្គ្រាមទ្រង់ទ្រាយធំជាមួយនឹងរុស្ស៊ី។ ភាគីជម្លោះទាំង២ បាន និង កំពុងតែបាត់បង់គ្រឿងសឹកយ៉ាងច្រើន នៅក្នុងសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ តាមអ្វីដែលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ហៅ«ជាប្រតិបត្ដិការយោធាពិសេស»។
បើទោះជាយ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាការអះអាងរបស់ភាគីអ៊ុយក្រែន និង រុស្ស៊ី តែប៉ុណ្ណោះ ហើយក៏មិនមានប្រភពឯករាជ្យណាមួយ បញ្ជាក់នោះដែរ។ ភាគីជម្លោះទាំង២ តែងតែលាក់ អំពីចំនួនគ្រោះថ្នាក់របស់កងទ័ពខ្លួន ស្លាប់ និង រងរបួស៕ រក្សាសិទ្ធដោយ ៖ សារាយSN


















