Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចព្រមព្រៀង រវាងប្រធានាធិបតីរុស្ស៊ីនិងថៅកែទាហានស៊ីឈ្នួលវ៉ាគណឺ អាចប្រែប្រួល

រដ្ឋធានីមូស្គូ៖ ការបះបោរប្រដាប់ដោយអាវុធធុនធ្ងន់របស់កម្លាំងទាហានស៊ីឈ្នួល Wagner Group ក្រោមហេតុផលទៅផ្ដួលរំលំថ្នាក់ដឹកនាំក្រសួងការពារជាតិរុស្ស៊ី បានបញ្ចប់ទៅវិញភ្លាៗ កាលពីថ្ងៃទី២៤ ខែមិថុនា ក្រោមការសម្របសម្រួល ពីប្រធានាធិបតីបេឡារុស អាឡិកសានដឺរ លូកាសេនកូ (Alexander Lukashenko) ប៉ុន្ដែក្រុមអ្នកវិភាគរបស់លោកខាងលិច មើលឃើញអំពីកិច្ចព្រមព្រៀងនោះ អាចនឹងប្រែប្រួលឡើងវិញ។

សារព័ត៌មាន Newsweek បានចេញផ្សាយ នៅព្រឹក ថ្ងៃចន្ទ ទី១០ ខែកក្កដា ដោយដកស្រង់ការវាយតម្លៃថ្មីរបស់វិទ្យាស្ថានសិក្សាពីសង្គ្រាម (ហៅកាត់ ISW) អះអាង ថា កិច្ចព្រមព្រៀង រវាងលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី និង លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ក្រោយការបះបោរ កាលពីចុងខែមិថុនា ឆ្នាំ២០២៣ អាចនឹងប្រែប្រួល។

ការបះបោរប្រដាប់អាវុធរយៈពេលខ្លីរបស់កម្លាំងទាហានស៊ីឈ្នួល Wagner Group កាលពីថ្ងៃទី២៣ និង ២៤ ខែមិថុនា ហើយការលើកទ័ពឆ្ពោះទៅកាន់រដ្ឋធានីក្រុងមូស្គូ បានបញ្ចប់ទៅវិញភ្លាមៗ ក្រោយពេលមានសេចក្ដីប្រកាស ថា មេដឹកនាំបេឡារុស បានសម្របសម្រួល រហូតបង្កើតឲ្យមានកិច្ចព្រមព្រៀង រវាងវិមានក្រឹមឡាំង និង លោក ព្រីហ្គោហ្ស៊ីន។

មេដឹកនាំវិមានក្រឹមឡាំង បានអះអាង ថា «អ្នកចង់ទៅ អាចទៅកាន់ប្រទេសបេឡារុស។ ការសន្យានេះ គឺខ្ញុំនឹងធ្វើឲ្យបានពេញលេញ»។

ទោះបីជាយ៉ាងណាក៏ដោយ លោក អាឡិកសានដឺរ លូកាសេនកូ (Alexander Lukashenko) មេដឹកនាំបេឡារុស និង ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធដ៏យូររបស់លោកប្រធានាធិបតី ពូទីន បានអះអាង កាលពីប៉ុន្មានថ្ងៃមុនេះ ថា លោក ព្រីហ្គោហ្ស៊ីន មិនបានស្ថិតក្នុងប្រទេសបេឡារុស នោះទេ ប៉ុន្តែអាចនឹងស្ថិតនៅទីក្រុងធំលំដាប់ទី២របស់រុស្ស៊ី គឺសាំងពែធើសប៊ឺគ (St Petersburg) ។ មេដឹកនាំបេឡារុស ក៏បានស្នើឱ្យកងកម្លាំង Wagner បន្តនៅក្នុងមូលដ្ឋានត្រូវបានបង្កើតឡើង សម្រាប់ពួកគេ ជាជាងការធ្វើដំណើរទៅកាន់ប្រទេសបេឡារុស។ ប៉ុន្ដែគាត់មិនបានបង្ហាញទីតាំងទាំងនេះ ជាមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី និង អ៊ុយក្រែន ឬ មូលដ្ឋាននៅក្នុងប្រទេសទាំង២នេះ។

វិទ្យាស្ថានសិក្សាពីសង្គ្រាម មានមូលដ្ឋាន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃសៅរ៍ ថា សកម្មភាពទាំងនេះ ផ្ទុយទៅនឹងការយល់ដឹងជាសាធារណៈ ត្រង់ថា យុទ្ធជន Wagner គួរតែចុះកិច្ចសន្យារួចហើយ ជាមួយនឹងក្រសួងការពារជាតិរុស្ស៊ី សម្រាប់ការវិលត្រឡប់ មកកាន់មាតុប្រទេស ដើម្បីចូលនិវត្តន៍ ឬ ផ្លាស់ទៅកាន់ប្រទេសបេឡារុស។ រីឯបទសម្ភាសន៍មួយជាមួយនឹងមេបញ្ជាការ Wagner ត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រ នៅលើបណ្ដាញសង្គម Telegram បានបង្ហាញ ថា សមាជិកកម្លាំងទាហាន Wagner នៅតែអាចផ្លាស់មូលដ្ឋាន ដោយសេរី នៅក្នុងប្រទេសរុស្ស៊ី ហើយនៅតែទាក់ទងគ្នាទៅវិញទៅមក។

លោក ឡេវនីដ កាស៊ីនស្គី (Leonid Kasinsky) អនុរដ្ឋមន្ត្រីការពារជាតិបេឡារុស បានបញ្ជាក់ កាលពីថ្ងៃសុក្រ ថា បុគ្គលិកត្រូវជ្រើសរើសរបស់ក្រុមហ៊ុនទាហាន Wagner នៅមិនទាន់បានទៅដល់មូលដ្ឋានត្រូវបានកំណត់ នៅក្នុងប្រទេសបេឡារុស នៅឡើយ។ រីឯវីដេអូមួយត្រូវបានបង្ហោះតាមអ៊ីនធឺណិត ដោយអ្នកសារព័ត៌មាន រួមទាំងនិពន្ធនាយករបស់ BBC រុស្ស៊ី លោក ស្ដេវ រ៉ូសេនប៊ឺគ (Steve Rosenberg) បានបង្ហាញមូលដ្ឋានដែលប្រើប្រាស់ នៅក្នុងប្រទេសបេឡារុស ដោយមានបំណង សម្រាប់ទាហានស៊ីឈ្នួល Wagner បើទោះជាទាហានជ្រើសរើសថ្មី នៅមិនទាន់បង្ហាញខ្លួនយ៉ាងណាក៏ដោយ។

វិទ្យាស្ថានសិក្សាពីសង្គ្រាម នៅមិនទាន់បានឃើញសញ្ញាណាមួយ បង្ហាញថា «អាជ្ញាធររុស្ស៊ីកំពុងតែនិរទេស ឬ ឃុំខ្លួនមេបញ្ជាការ Wagner ឬ អ្នកប្រយុទ្ធដែលចូលរួម នៅក្នុងការបះបោរ កាលពីថ្ងៃទី២៤ ខែមិថុនា នៅឡើយ។ ចំណែកស្ថានភាព នៃកិច្ចព្រមព្រៀង រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង លោក ព្រីហ្គោហ្ស៊ីណ ក៏នៅតែមិនច្បាស់លាស់ដែរ ហើយកិច្ចព្រមព្រៀងនេះ អាចនឹងប្រែប្រួល»។

ស្របពេល Wagner បានលើកកម្លាំងទាហានរបស់ខ្លួន ធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីមូស្គូ ជាបេះដូងរបស់រុស្ស៊ី នោះ លោកប្រធានាធិបតី ពូទីន បានហៅសកម្មភាពរបស់ពួកគេ ថា ជា «ការក្បត់» ដោយអះអាងបន្ថែមទៀត ថា «មហិច្ឆតាដ៏ហួសហេតុ និង ផលប្រយោជន៍ផ្ទាល់ខ្លួន នាំឲ្យធ្លាក់ខ្លួន ធ្វើសកម្មភាពក្បត់ជាតិ»។

លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ ថា «អ្នកដែលរៀបចំ និង ការរៀបចំការបះបោរដោយយោធា ដែលបានលើកអាវុធប្រឆាំងនឹងគាត់ គឺជាការក្បត់នឹងរុស្ស៊ី។ ពួកគេនឹងឆ្លើយតប ចំពោះសកម្មភាពទាំងនេះ។

ISW បានបន្ថែម ថា បើទោះជាយ៉ាងនេះក្ដី លោកប្រធានាធិបតី ពូទីន នៅតែអនុញ្ញាតឱ្យទាំងទាហានស៊ីឈ្នួល Wagner និង លោក ព្រីហ្គោហ្ស៊ីណ ធ្វើប្រតិបត្តិការ ហើយវាអាចនៅតែបង្កការគំរាមកំហែង ដល់របបរបស់គាត់»។

ក្រោមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនេះ លោក ព្រីហ្គោហ្ស៊ីន នឹងត្រូវនិរទេស ទៅនៅប្រទេសបេឡារុស ហើយលោក ពូទីន បានសន្យា នៅក្នុងសុន្ទរកថាជាសាធារណៈ ថា ទាហានស៊ីឈ្នួល Wagner អាចបន្តបម្រើរុស្ស៊ី តាមរយៈការចុះកិច្ចសន្យា ជាមួយក្រសួងការពារជាតិ ឬទីភ្នាក់ងារអនុវត្តច្បាប់ផ្សេងៗទៀត ឬក៏ត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×