បន្ទាប់ពីមានការផ្សាយព័ត៌មានថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឱ្យទៅប្រទេសអ៊ុយក្រែន ដើម្បី ប្រយុទ្ធជាមួយកងទ័ពរុស្ស៉ីនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាស អំពាវនាវដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោម ព្រោះវាជារឿងគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតឯណោះ។

សូមបញ្ជាក់ថា តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ សហរដ្ឋអាមេរិក មានផែនការបញ្ជូន «គ្រាប់បែកចង្កោម» ទៅឱ្យអ៊ុយក្រែនដើម្បីប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំង នឹងកងកម្លាំងឈ្លានពាន រុស្ស៉ី បើទោះជាមានការជំទាស់ពីអង្គការសិទ្ធិមនុស្សក៏ដោយ តែអាវុធប្រភេទនេះអាចនឹងផ្ដល់ថាមពលបន្ថែមដល់ប្រតិបត្តិការវាយបករបស់ទីក្រុងកៀវ។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ៣នាក់ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា កញ្ចប់ជំនួយអាវុធថ្មីទំហំ ៨០០លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងនោះនឹងរួមមានបញ្ចូលគ្រាប់បែកចង្កោមបាញ់ចេញពីកាណុងកាំភ្លើងធំ Howitzer ១៥៥មីលីម៉ែត្រ គ្រោងនឹងត្រូវប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ប៉ុន្តែក៏មានប្រភពព័ត៌មានមួយទៀត បានឲ្យដឹងថា ប្រធានបទក្ដៅមួយនេះ ត្រូវរង់ចាំការសម្រេចចុងក្រោយមួយទៀត ពីលោកប្រធានាធិបតី ចូ បៃដិន ក្នុងកិច្ចប្រជុំកំពូល NATO នៅឯប្រទេសលីទុយអានី នៅសប្ដាហ៍ក្រោយ។

ចំណែក សារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងថា «ប៉ុន្មានថ្ងៃមកនេះ មានការផ្សាយព័ត៌មានយ៉ាងច្រើនថា សហរដ្ឋអាមេរិកនឹងផ្តល់ គ្រាប់បែកចង្កោមឱ្យទៅអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។
ប្រសិនរឿងនេះវាជាការពិតមែននោះ វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង នៅពេលដែលគ្រាប់បែកចង្កោមនេះ ត្រូវបានយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៉ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។
បទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពី អាមេរិកនាដើមទស្សវត្តរ៍១៩៧០ មកដល់ពេលនេះជាងកន្លះសតវត្សរ៍ទៅហើយ នៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយទេ។

សម្ដេចតេជោ ហ៊ុន សែន ÷ ខ្ញុំដឹងច្បាស់ថា ប្រទេសកម្ពុជាតូចហើយទន់ខ្សោយសំឡេងគ្មានទម្ងន់ តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែន ដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជនពិសេស គឺអ៊ុយក្រែនតែម្តង៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN



















