រដ្ឋធានីកៀវ៖ ដោយសារតែប្រេសិតពិសេសរបស់ចិន មេដឹកនាំអាហ្វ្រិក និង តំណាងពិសេស នៃវិមានវ៉ាទីកង់របស់ស្ដេចសង្ឃកាតូលិក ខិតខំស្វះស្វែងរកកិច្ចព្រមព្រៀងចរចាសន្ដិភាព ត្រូវទទួលបរាជ័យ មិនអាចបញ្ចុះបញ្ចូលដល់រដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងកៀវ បាន ទើបមេដឹកនាំអ៊ុយក្រែន អះអាង ថា លោកប្រធានាធិបតី ពូទីន នឹងយល់ព្រមចរចា ខណៈកងទ័ពការពារទឹកដីរបស់គាត់ ចូលដល់ព្រំដែនរដ្ឋបាល នៃឧបទ្វីបគ្រីមៀ (Crimea)។

ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) បានថ្លែង នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងបណ្ដាញទូរទស្សន៍របស់អូស្រ្ដាលី ABC ថា « លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងចាប់ផ្ដើមស្វះស្វែង ងាកមករកតុចរចា ជាមួយនឹងអ៊ុយក្រែន ប្រសិនបើកងទ័ពការពារទឹកដីរបស់រដ្ឋាភិបាលក្រុងកៀវ ចូលទៅដល់ព្រំដែនរដ្ឋបាល នៃឧបទ្វីបគ្រីមៀ ដែលក្រុងមូស្គូ បានដាក់បញ្ចូលជាទឹកដីរបស់រុស្ស៊ី ដោយខុសច្បាប់ នៅក្នុងឆ្នាំ២០១៤»។

លោកប្រធានាធិបតី ហ្សេឡែនស្គី បានបញ្ជាក់ ថា «ជាការពិតណាស់ សង្គ្រាមវោហារសាស្ត្រដ៏សមហេតុសមផលបំផុត នៅពេលនោះ នឹងកើតឡើង ស្របពេលកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ចូលទៅដល់ព្រំដែនរដ្ឋបាលរបស់ឧបទ្វីបគ្រីមៀ។ សកម្មភាពបែបនេះ នឹងធ្វើឲ្យលោក ពូទីន ងាកមករកការសន្ទនាគ្នា ជាមួយពិភពអរិយធម៌ មិនដូចអ្វីដែលវាបានកើតឡើង នាពេលកន្លងមកនោះទេ។ បញ្ហានេះ ក៏ដោយសារតែការវាយលុកពេញលេញរបស់ទាហានរុស្ស៊ី នឹងចុះខ្សោយ»។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានលើកឡើង នៅក្នុងការផ្ដល់បទសម្ភាសន៍មួយ ជាមួយបណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN កាលពីពេលមុននោះ ថា «គោលដៅចុងក្រោយរបស់អ៊ុយក្រែន ត្រូវតែរំដោះឧបទ្វីបគ្រីមៀ (Crimea) របស់ខ្លួន ត្រឡប់មកវិញ។ យើងមិនអាចស្រមៃមើល ថា អ៊ុយក្រែន នឹងគ្មានឧបទ្វីបគ្រីមៀ នោះឡើយ។ ត្រង់ន័យនេះ ចង់បញ្ជាក់ ថា វាមានន័យតែមួយគត់ គឺសង្រ្គាមនៅមិនទាន់បញ្ចប់នោះទេ»៕ រក្សាសិទ្ធដោយ ៖ សារាយSN
















