រដ្ឋធានីប៊្រុចសែល៖ ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក បានរិះគន់យ៉ាងខ្លាំងដល់ប្រទេសតួកគី និង ហុងគ្រី ដែលបានអូសបន្លាយពេលយ៉ាងយូរ រារាំងដល់ប្រទេសស៊ុយអែត និង ហ្វាំងឡង់ដ៍ ចូលជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស) ឬ អូតង់ (តាមភាសាបារាំង) នោះមក ឥឡូវនេះ រដ្ឋាភិបាលអង់ការ៉ា (Ankara) បានអនុញ្ញាតឲ្យប្រទេសណ័រឌីកទាំងនេះ ចូលជាសមាជិករបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោក ខណៈហ្វាំងឡង់ដ៍ បានក្លាយជាសមាជិកទី៣១រួចមកហើយ កាលពីខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ។

បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១១ ខែកក្កដា ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានបញ្ជាក់ ថា លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី បានព្រមព្រៀង គាំទ្រដល់ប្រទេសស៊ុយអែត ឲ្យចូលជាសមាជិករបស់អង្គការសម្ពន្ធមិត្តយោធារបស់លោកខាងលិច។ មេដឹកនាំតួកគី នឹងបញ្ជូនការស្នើសុំរបស់ប្រទេសស៊ុយអែត ទៅកាន់រដ្ឋសភាតួកគី ស្ថិតក្នុងរដ្ឋធានីអង់ការ៉ា ហើយដើម្បីធានាឲ្យបាននូវការផ្តល់សច្ចាប័ន សម្រាប់បើកផ្លូវឲ្យប្រទេសណ័រឌិក (Nordic ឬ Norden ជាតំបន់ភូមិសាស្រ្ដ និង វប្បធម៌ នៅតំបន់អឺរ៉ុបខាងជើង និង អាត្លង់ទិកខាងជើង ដោយរាប់បញ្ចូលទាំងរដ្ឋអធិបតេយ្យភាព ដូចជា ដាណាម៉ាក ហ្វាំងឡង់ដ៍ ន័រវ៉ែស ហើយដែនដីស្វ័យភាពកោះហ្វារ៉ូ (Faroe) និង ហ្គ្រីនឡែនដ៍ ( Greenland) ព្រមទាំងតំបន់ស្វ័យភាពអាឡែនដ៍ «Åland» ) មួយនេះ ក្លាយជាសមាជិករបស់អង្គការណាតូ។

ស្របគ្នានេះដែរ លោក អូលីហ្វ គ្រីស្ទើសសុន (Ulf Kristersson) នាយករដ្ឋមន្រ្ដីស៊ុយអែត បានបញ្ជាក់ ថា «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះវាជាថ្ងៃដ៏ល្អមួយ សម្រាប់ប្រទេសស៊ុយអែត»។
ប្រទេសតួកគី មុនដំបូង បានចំណាយពេលវេលាជាច្រើនខែ រារាំងដល់ការដាក់ពាក្យស្នើសុំរបស់ប្រទេសស៊ុយអែត ចូលជាសមាជិករបស់អង្គការណាតូ។ បន្ថែមពីលើនេះ រដ្ឋាភិបាលអង់ការ៉ា បានចោទប្រកាន់ ដល់ប្រទេសស៊ុយអែត កំពុងតែផ្ដល់ជម្រកស្នាក់នៅ សម្រាប់កងជីវពលរបស់ជនជាតិឃឺដ (Kurd)។
ដោយសារតែតួកគី ជាសមាជិកមួយ នៅក្នុងចំណោមសមាជិកចំនួន៣១របស់អង្គការណាតូ នោះ ទើបក្រុងអង់ការ៉ា មានសិទ្ធិវេតូ ទៅលើប្រទេសថ្មីណាមួយ ចូលរួម នៅក្នុងសម្ពន្ធមិត្តយោធារបស់បស្ចិមលោកមួយនេះ។ ប្រទេសហ្វាំងឡង់ដ៍ មុននឹងបានក្លាយជាសមាជិកទី៣១របស់អង្គការណាតូ ជាផ្លូវការ កាលពីខែមេសា ឆ្នាំ២០២៣នោះ ក៏ធ្លាប់ត្រូវបានប្រទេសតួកគី រារាំងផងដែរ។ ប៉ុន្ដែក្រោយពេលមានកិច្ចព្រមព្រៀង រវាងក្រុងអង់ការ៉ា និង ក្រុងហែលស៊ីនគី (Helsinki) រួចមក ទើបបានក្លាយជាសមាជិករបស់ប្លុកយោធាមួយនេះ។

ប្រតិកម្មទៅនឹងព័ត៌មាននេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបញ្ជាក់ ថា គាត់សូមស្វាគមន៍ ចំពោះការប្តេជ្ញាចិត្តរបស់សមភាគីតួកគី លោក អេដូហ្គេន នៅក្នុងដំណើរការ សម្រាប់«ការផ្តល់សច្ចាប័នដ៏ឆាប់រហ័ស»នេះ។
សេតវិមាន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន ថា «ខ្ញុំត្រៀមខ្លួនរួចជាស្រេចសម្រាប់ធ្វើការជាមួយនឹងលោកប្រធានាធិបតី អេដូហ្គេន និង ប្រទេសតួកគី លើការពង្រឹងនូវកិច្ចការពារ និង ការទប់ស្កាត់ នៅក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក (Euro-Atlantic)។ ខ្ញុំទន្ទឹងរង់ចាំស្វាគមន៍លោកនាយករដ្ឋមន្រ្តី គ្រីស្ទើសសុន និង ប្រទេសស៊ុយអែត ជាសម្ពន្ធមិត្តរបស់អង្គការណាតូទី៣២»។
លោក អានណាឡែន ប៊ែរបក់ខ៍ (Annalen Baerbock) រដ្ឋមន្រ្ដី ក្រសួងការបរទេសអាល្លឺម៉ង បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «យើងនឹងមានសមាជិកទី៣២ ហើយយើងទាំងអស់គ្នារួបរួមគ្នា នឹងមានសុវត្ថិភាព»។

ស្របគ្នានេះដែរ លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានបញ្ជាក់ ថា ការចូលរួមរបស់ប្រទេសស៊ុយអែត នឹងធ្វើឲ្យយើងទាំងអស់គ្នា មានសុវត្ថិភាព។
ប្រមុខអង្គការណាតូ បានប្រកាស ថា កិច្ចព្រមព្រៀង កាលពីល្ងាច ថ្ងៃចន្ទ បានកើតឡើង ក្រោយការចរចាគ្នា រវាងមេដឹកនាំតួកគី និង ស៊ុយអែត នៅក្នុងរដ្ឋធានីវិលនីស (Vilnius) ប្រទេសលីទុយអានី (Lithuanian) ជាកន្លែងដែលមេដឹកនាំកំពូល នៃបណ្ដាប្រទេសជាសមាជិកអង្គការណាតូ ចូលរួម នៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន។ កិច្ចប្រជុំកំពូលរបស់អង្គការសម្ពន្ធមិត្តយោធារបស់លោកខាងលិច ក៏នឹងផ្ដោតយ៉ាងសំខាន់បំផុត ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ផងដែរ។
ប្រទេសស៊ុយអែត និង ហ្វាំងឡង់ដ៍ ដែលមានព្រំដែនប្រវែង១៣៤០គីឡូម៉ែត្ររួមជាគ្នាជាមួយនឹងរុស្ស៊ី មានប្រវត្តិប្រកាន់ខ្ជាប់នូវគោលនយោបាយអព្យាក្រឹតភាព អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។ ប៉ុន្ដែប្រទេសទាំង២នេះ បានបោះបង់ចោលនូវគោលនយោបាយរបស់ខ្លួន ហើយបានរត់ទៅដាក់ពាក្យស្នើសុំ ចូលជាសមាជិករបស់អង្គការណាតូ នៅក្នុងខែឧសភា ឆ្នាំ២០២២ ក្រោយពេលរុស្ស៊ី បានលើកទ័ពចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ រីឯប្រទេសហ្វាំងឡង់ដ៍ ក៏បានក្លាយជាសមាជិកផ្លូវការរបស់អង្គការណាតូ នៅក្នុងខែមេសា ឆ្នាំ២០២៣៕ រក្សាសិទ្ធដោយ ៖ សារាយSN








