ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា “ទិដ្ឋភាពផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគី (គីឡូម៉ែត្រលេខ ១០៦-១០៧) ដែលត្រូវបានទឹកជន់ហូរកាត់ពីលើផ្លូវប្រវែងជាង ១០០ ម៉ែត្រ នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ ការធ្វើចរាចរឆ្លងកាត់ ត្រូវបានអាជ្ញាធរ ផ្អាកជាបណ្តោះអាសន្ន “។
អាជ្ញាធរខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរលើផ្លូវជាតិលេខ៤ ព្រោះតែស្ថានភាពទឹកជំនន់ បានហូរកាត់ផ្លូវស្ពានគួរឲ្យបារម្ភ។
របាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅព្រឹកនេះនៅចំណុចស្ពានអូរគគីរ ព្រំប្រទល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ មានករណីជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៦-១០៧ មានកម្ពស់លើស្ពានប្រហែល១ម៉ែត្រ មានចម្ងាយប្រមាណ១០០ម៉ែត្រកំពុងហូរកាត់ផ្លូវ។ ពេលនេះចរាចរណ៍ ត្រូវបានផ្អាកបណ្តោះអាសន្នសិន។
នៅពេលនេះ នៅចំណុចទឹកហូរកាត់ខាងលើ កម្លាំងសមត្ថកិច្ចកំពុងរៀបចំសណ្តាប់ធ្នាប់ ហើយអាជ្ញាធរខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ បានឯកភាពសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ៕ ដោយ ៖ កូឡាប