Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បា​ក់​ស្ពាន​អាកាស​នៅ​ថៃទៀតហើយ! ស្លា​ប់២នាក់ និង​របួស​ច្រើន​នាក់ ខណៈ​គេ​លើកឡើង​ថា ករណី​កើតឡើង​ញឹកញាប់​​បែប​នេះ ដោយសារតែ…

ស្ពានអាកាសលើគម្រោងតម្លៃ ១,៦ ពាន់លានបាត ដែលកំពុងស្ថិតក្នុងការសាងសង់ជិតរួចរាល់ទៅហើយ ស្រាប់តែបានបាក់ស្រុតដ៏រន្ធត់ កាលពីវេលាម៉ោងជាង ៦ ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរបួសជាច្រើននាក់។

ស្ពានអាកាសនេះ ដែលឆ្លងផ្លូវប្រសព្វរវាង Lat Krabang និងផ្លូវ Luang Phaeng ស្ថិតក្នុងសង្កាត់ Tub Yao ខណ្ឌ Lat Krabang ទីក្រុងបាងកក ត្រូវបានដឹងថា បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ហើយត្រូវបញ្ចប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ដែលនៅសល់ពេល ៣០ ថ្ងៃ ប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើង គឺនៅពេលដែលធ្នឹមដែកធំៗជាច្រើនបានដួលរលំនៅលើផ្លូវខាងក្រោម។ ជាក់ស្តែង តាមរយៈវីដេអូដែលចេញផ្សាយដោយនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DPM) របស់ប្រទេសថៃ បានបង្ហាញឲ្យឃើញសសរដែកដ៏ធំៗញ័រ មុនពេលដួលរលំ។

កាសែតបាងកកប៉ុស្តិ៍ ដែលដកស្រង់សម្តីមន្ត្រីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និង ១០ នាក់បានរងរបួស ក្នុងនោះ ៤ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើមាននរណាម្នាក់ជាប់នៅក្រោមធ្នឹមដែកនោះទេ ប៉ុន្តែសាក្សីបាននិយាយថា មានរថយន្តជាច្រើនត្រូវបានកប់នៅក្រោមគំនរបាក់បែក។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា «យើងមិនទាន់ដឹងពីមូលហេតុនៃឧបទ្ទវហេតុ ឬព័ត៌មានអំពីអ្នកបាត់ខ្លួននៅឡើយ” ។ លោកក៏បានឲ្យដឹងថា «ក្រុមអ្នកជួយសង្គ្រោះត្រូវរង់ចាំវិស្វករវិភាគកន្លែងកើតហេតុ មុននឹងបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះ។ យើង​ដាក់​សុវត្ថិភាព​ជា​មុន ហើយ​ការ​ស្វែងរក​នឹង​ត្រូវ​ធ្វើ​យ៉ាង​យក​ចិត្ត​ទុក​ដាក់»។

ការដ្ឋានសំណង់ស្ពានអាកាសដែលបាក់រលំនេះ គឺមានប្រវែងប្រហែល ៥០០ ម៉ែត្រ ដែលជាផ្នែកមួយនៃគម្រោងផ្លូវប្រវែង ២.២ គីឡូម៉ែត្រ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរដ្ឋធានីរបស់ប្រទេសថៃ។

តែគិតមកត្រឹមព្រឹកថ្ងៃទី១១ ខែកក្កដា នេះ សារព័ត៌មានថៃរ័ត្នបានចុះផ្សាយថា ជនរងគ្រោះ២នាក់បានស្លាប់នៅនឹងកន្លែង ចំណែកអ្នករបួស១៣នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងចំណោមជនរងគ្រោះទាំង១៣នាក់ ដែលរងរបួសនោះ ភាគច្រើនជាកម្មករសំណង់ ដែលកំពុងធ្វើការលើស្ពានគ្រោះថ្នាក់នេះ ដែលបានបង្កឲ្យមានការកកស្ទះចរាចរណ៍ពេញតំបន់ ខណៈផ្លូវខាងក្រោមត្រូវបិទជាបណ្តោះអាសន្ន។

សូមបញ្ជាក់ថា ប្រទេស​ថៃ គឺ​ជា​ប្រទេស​មួយ​ដែល​មាន​គ្រោះថ្នាក់​សំណង់​ជា​ញឹក​ញាប់ ដែលត្រូវបានគេលើកឡើងថា ដោយសារ​បទប្បញ្ញត្តិ​សុវត្ថិភាព​ធូររលុង និង​ប្រាក់​ឈ្នួល​ទាប​សម្រាប់​កម្មករ។ ក្នុង​ឆ្នាំ​២០១៦ មនុស្ស​យ៉ាងតិច​១៣​នាក់​ បាន​ស្លាប់​ក្នុង​ហេតុការណ៍បាក់​រលំ​ការដ្ឋាន​សំណង់ស្ពានអាកាស​ខ្ពស់​មួយបែបនេះផងដែរ​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×