Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្ដីរបស់ពូទីន ព្រមានអំពីគ្រោះថ្នាក់ បើអ៊ុយក្រែនក្លាយជាសមាជិកណាតូ

រដ្ឋធានីវិលនីស (Vilnius)៖ ក្រោយពេលប្រធានាធិបតីតួកគី បានបើកភ្លើងខៀវ សម្រាប់ការធ្វើសច្ចាប័ន លើសំណើសុំចូលជាសមាជិករបស់ប្រទេសស៊ុយអែត នៅក្នុងអង្គការណាតូ កាលពីល្ងាច ថ្ងៃចន្ទ នោះមក អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់លោកប្រធានាធិបតី ពូទីន បានព្រមាន អំពីគ្រោះថ្នាក់យ៉ាងពិតប្រាកដ មកលើប្រទេសរុស្ស៊ី ប្រសិនបើអ៊ុយក្រែន ក្លាយជាសមាជិករបស់អង្គការសម្ពន្ធមិត្តយោធារបស់លោកខាងលិច។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១១ ខែកក្កដា ថា កិច្ចប្រជុំកំពូល រយៈពេល២ថ្ងៃរបស់អង្គការណាតូ នៅក្នុងរដ្ឋធានីវិលនីស ប្រទេសលីទុយអានី នឹងចាប់ផ្ដើម នៅថ្ងៃអង្គារ ហើយសំណើសមាជិកភាពរបស់អ៊ុយក្រែន ចូលទៅក្នុងអង្គការសម្ពន្ធភាពយោធាដ៏ខ្លាំងក្លាមួយនេះ នឹងក្លាយជាកម្រិតកំពូល នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ។ ទន្ទឹមគ្នានេះ សមាជិកទាំងអស់របស់អង្គការសម្ពន្ធមិត្តយោធាណាតូ បានឯកភាពគ្នា ថា អ៊ុយក្រែន នៅតែមិនអាចចូលរួម ជាមួយប្លុកយោធារបស់លោកខាងលិចបាននោះ ព្រោះប្រទេសអឺរ៉ុបខាងកើតមួយនេះ កំពុងតែស្ថិតក្នុងសង្រ្គាមនៅឡើយ។ បញ្ហានេះ ក៏ដោយសារតែមានការភ័យខ្លាចយ៉ាងខ្លាំង ថា វាអាចនឹងនាំឱ្យមានជម្លោះ ដោយផ្ទាល់ជាមួយរុស្ស៊ី ដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏ខ្លាំងក្លាបំផុតមួយរបស់ពិភពលោក។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន គឺគាត់ខ្លួនឯង បានមិនរំពឹង ថា ប្រទេសអ៊ុយក្រែន នឹងក្លាយជាសមាជិកភាពរបស់អង្គការណាតូ រហូតដល់ក្រោយសង្គ្រាមនេះ ប៉ុន្តែគាត់ចង់ឱ្យកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ផ្តល់«សញ្ញាឲ្យច្បាស់លាស់» សម្រាប់បេក្ខភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការយោធាមួយនេះ។

បណ្ដាប្រទេសមួយចំនួន ជាសមាជិករបស់អង្គការណាតូ នៅអឺរ៉ុបខាងកើត កំពុងតែជំរុញឱ្យពន្លឿនសមាជិកភាព នៃសប្រទេសជិតខាងរបស់ពួកគេ។ ប៉ុន្តែប្រទេសជាសមាជិកផ្សេងៗទៀតរបស់អង្គការយោធាមួយនេះ រួមទាំង សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ ត្រូវបានគេមើលឃើញ ថា កំពុងតែស្ទាក់ស្ទើរយ៉ាងខ្លាំង។

ដោយឡែក លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃចន្ទ បានព្រមាន ថា សមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការណាតូ នឹងនាំឲ្យមានផលវិបាកជាអវិជ្ជមាន សម្រាប់ស្ថាបត្យកម្មសន្តិសុខទាំងមូលរបស់រុស្ស៊ី ហើយវានឹងត្រូវបំផ្លាញប្រហែលពាក់កណ្តាល ព្រោះអង្គការសម្ពន្ធមិត្តយោធាមួយនេះ នឹងចូលមកដល់ក្នុងទ្វីបអឺរ៉ុប កាន់តែជ្រៅ។

អ្នកនាំពាក្យ វិមានក្រឹមឡាំង រូបនេះ បានសង្កត់ធ្ងន់ ថា «សមាជិកភាពរបស់អ៊ុយក្រែន នឹង តំណាងឱ្យមានគ្រោះថ្នាក់យ៉ាងពិតប្រាកដ និង មានការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត មកលើប្រទេសរបស់យើង។ ដូច្នេះយើងនឹងត្រូវតែបញ្ចេញប្រតិកម្មយ៉ាងម៉ឺងម៉ាត់ និង ច្បាស់លាស់ ចំពោះបញ្ហានេះ»។

ផ្ទុយពីនេះ អង្គការណាតូ បានបញ្ជាក់ ថា ប្រទេសស៊ុយអែត នឹងគាំទ្រយ៉ាងសកម្មនូវកិច្ចខិតខំប្រឹងប្រែង សម្រាប់ពង្រឹងដំណើរការ ចូលជាសមាជិក នៃសហភាពអឺរ៉ុបរបស់តួកគីឡើងវិញ។ បញ្ហានេះ នឹងរួមបញ្ចូលទាំងទំនើបភាវូបនីកម្ម សម្រាប់សហភាពគយអឺរ៉ុប-តួកគី និង សេរីភាវូបនីយកម្ម លើទិដ្ឋាការ ផងដែរ។

បើទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីសង្គ្រាមរបស់រុស្ស៊ី បានផ្ទុះឡើង នៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី បានដើរតួនាទីយ៉ាងពិសេស ជាមេដឹកនាំមួយរូបរបស់អង្គការណាតូ ដែលមានឥទ្ធិពល ទៅលើក្រុងមូស្គូ។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតី បានក្លាយជាអាជ្ញាកណ្តាល សម្រាប់គំនិតផ្តួចផ្តើម នាំគ្រាប់ធញ្ញជាតិ ចេញពីសមុទ្រខ្មៅ កាលពីឆ្នាំ២០២២ ហើយអនុញ្ញាតដល់ប្រទេសអ៊ុយក្រែន អាចនាំផលិតផលកសិកម្ម ចេញពីកំពង់ផែរបស់ខ្លួន ទៅកាន់ទីផ្សាររបស់ពិភពលោក។

ថ្វីបើប្រទេសរុស្ស៊ី តែងតែគំរាមកំហែងដកខ្លួន ចេញពីកិច្ចព្រមព្រៀង នាំគ្រាប់ធញ្ញជាតិ ចេញពីសមុទ្រខ្មៅ ជាញឹកញាប់យ៉ាងណាក្ដី ក៏តួកគី នៅតែអាចថែរក្សាកិច្ចព្រមព្រៀងនេះ ឲ្យនៅរស់បន្ដទៀត។ បន្ថែមពីលើនេះ តួកគី ក៏បានធ្វើឲ្យវិមានក្រឹមឡាំង ខឹងសម្បាយ៉ាងខ្លាំងផងដែរ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ប្រដាប់ដោយអាវុធ ជួយដល់កងទ័ពអ៊ុយក្រែន យកទៅប្រើប្រាស់ សម្រាប់វាយប្រហារ ទៅលើកម្លាំងទាហានរបស់រុស្ស៊ី។

ក្រុមមន្ត្រីរុស្ស៊ី កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានបន្ដខឹងសម្បាយ៉ាងខ្លាំង ស្របពេលតួកគី បានផ្លាស់ប្តូរឥរិយាបថដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយអនុញ្ញាតឱ្យអតីតមេបញ្ជាការយោធភូមិភាគចំនួន៥នាក់របស់អ៊ុយក្រែន នៅទីក្រុងម៉ារីយ៉ូប៉ូល (Mariupol) បានជិះយន្ដហោះ វិលត្រឡប់ទៅទីក្រុងកៀវ វិញ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី។ ក្រោមលក្ខខណ្ឌនៃការដោះដូរអ្នកទោស កាលពីឆ្នាំ២០២០ រុស្ស៊ី រំពឹង ថា ឈ្លើយសឹកទាំងនេះ នឹងបន្តស្ថិតក្នុងប្រទេសតួកគី រហូតដល់ចុងបញ្ចប់ នៃសង្គ្រាមនេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×