Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុះភ្លៀងនិងទឹកជំនន់ បន្តលុកលុយភាគឦសានសហរដ្ឋអាមេរិក

អាមេរិក ៖ ការជន់លិចយ៉ាងខ្លាំងក្លាដែលបង្កឡើងដោយភ្លៀងធ្លាក់ បាននិងកំពុងបន្តលុកលុយតំបន់ភាគឦសាននៃសហរដ្ឋអាមេរិក ដោយរដ្ឋ New York និង Vermont ជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ។ នេះ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។

ទីភ្នាក់ងារជាតិឧតុនិយមនៃសហរដ្ឋអាមេរិក បាននិយាយក្នុងការព្យាករកាលពីថ្ងៃចន្ទរបស់ខ្លួនថា ប្រជាជនអាមេរិកសរុបជាង១៣លាននាក់ ត្រូវស្ថិតនៅក្រោមការព្រមានឱ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ ចាប់តាំងពីរដ្ឋ New York ទៅដល់រដ្ឋ Vermont និងរដ្ឋ Maine បន្ទាប់ពី ព្យុះភ្លៀងដែលបានចាប់ផ្តើម កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅតែបន្តធ្លាក់ហើយបានធ្វើឱ្យជន់លិចដងទន្លេ និងដៃទន្លេជាច្រើន។

ប្រតិបត្តិការហោះហើរសរុបលើស១,០០០ជើង ទៅនិងមកតាមអាកាសយានដ្ឋាន នៅទូទាំងតំបន់ត្រូវបានពន្យារពេល ឬលុបចោលតែម្តង កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយសារតែភ្លៀងធ្លាក់ ហើយសេវាកម្មរថភ្លើងមួយចំនួនក៏ត្រូវបានផ្អាកផងដែរ បន្ទាប់ពីផ្លូវដែកបានខូចខាត។ មិនតែប៉ុណ្ណោះផ្លូវថ្នល់ជាច្រើនខ្សែ ត្រូវបានកាត់ផ្តាច់ ឬជន់លិចប្រែក្លាយទៅប្រៀបជាដូចទន្លេ ហើយផ្ទះសម្បែងរាប់រយខ្នងបានរងការលិចលង់។ យោងតាមការគណនាជាបឋម របស់ក្រុមហ៊ុនព្យាករអាកាសធាតុឯកជន AccuWeather ការបំផ្លិចបំផ្លាញនិងការខាតបង់ផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងដោយ មហន្តរាយជំនន់ទឹកភ្លៀងនេះ គឺមានទំហំខ្ទង់៣-៥ពាន់លានដុល្លារ។
ខាងក្រោមនេះ គឺជាទិដ្ឋភាពជំនន់ទឹកភ្លៀងនៅតំបន់ភាគឦសាននៃសហរដ្ឋអាមេរិក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×