រដ្ឋធានីវិលនីស (Vilnius)៖ មេដឹកនាំកំពូលៗ នៃបណ្ដាប្រទេសជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ហៅកាត់ ណាតូ តាមភាសាអង់គ្លេស ឬ អូតង់ តាមភាសាបារាំង) កំពុងតែបង្ហាញវត្ដមាន នៅក្នុងរដ្ឋធានីវិលនីស ប្រទេសលីទុយអានី ដើម្បីចូលរួម នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោក ហើយកិច្ចប្រជុំនេះ ក៏ផ្ដោត អំពីរបៀបវារៈយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែង ជួយគាំទ្រដល់ប្រទេសអ៊ុយក្រែន និង អនាគតសមាជិកភាពរបស់ប្រទេសហែកហួរដោយសារសង្គ្រាមមួយនេះ រហូតធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូ ខឹងច្រឡោត ដាក់លោកខាងលិច។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ថា ប្រទេសរុស្ស៊ី បានប្រឆាំងជំទាស់យ៉ាងខ្លាំង ចំពោះសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការសម្ពន្ធមិត្តយោធារបស់បស្ចិមលោក។ កិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅសប្ដាហ៍នេះ កំពុងតែលើកយករឿងចាស់ ដែលវិមានក្រឹមឡាំងប្រឆាំង មកធ្វើជារបៀបវារៈ ស្របពេលប្រមុខអង្គការសម្ពន្ធមិត្តយោធា បានផ្ញើសារជាវិជ្ជមាន សម្រាប់អនាគតសមាជិកភាពរបស់អ៊ុយក្រែន នៅលើមាគ៌ាឆ្ពោះទៅកាន់អង្គការយោធាដ៏ខ្លាំងក្លាមួយនេះ។

ប្រទេសរុស្ស៊ី បានបញ្ចេញនូវការគំរាមកំហែងជាបន្ដបន្ទាប់ ស្របពេលបណ្ដាមេដឹកនាំរបស់អង្គការណាតូ ធ្វើដំណើរទៅកាន់ប្រទេសលីទុយអានី ដែលជាអតីតរដ្ឋរបស់សហភាពសូវៀត ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន។ កិច្ចប្រជុំនេះ បានផ្ដោតទៅលើសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន និង បំណងប្រាថ្នារបស់រដ្ឋាភិបាលក្រុងកៀវ ចូលរួមជាមួយនឹងសម្ពន្ធមិត្តយោធាមួយរបស់លោកខាងលិច។
លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី បានប្រាប់ដល់បណ្ដាញទូរទស្សន៍ Al Jazeera កាលពីថ្ងៃអង្គារ ថា « យើងមានគោលបំណង ធ្វើឱ្យអង្គការណាតូ ចុះខ្សោយ ព្រោះតែសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អង្គការសម្ពន្ធមិត្តយោធារបស់លោកខាងលិច ទាំងមូល មានគោលបំណងធ្វើឱ្យរុស្ស៊ី ចុះខ្សោយ។ ពួកគេបានថ្លែង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ចង់ធ្វើឲ្យប្រទេសយើង ចុះខ្សោយ»។

ទន្ទឹមគ្នានេះដែរ លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្រ្ដី ក្រសួងការបរទេសរុស្ស៊ី បានព្រមាន ថា រដ្ឋាភិបាលក្រុងមូស្គូ នឹងចាត់វិធានការដ៏សមស្រប នៅក្នុងព្រឹត្ដិការណ៍ពង្រីកខ្លួនរបស់អង្គការណាតូ។ ប្រទេសរបស់លោក នឹងការពារផលប្រយោជន៍សន្ដិសុខស្របច្បាប់របស់រុស្ស៊ីទាំងមូល។
ថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅក្នុងរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ លោកប្រមុខការទូត ឡាវរ៉ូវ បានបញ្ជាក់ នៅក្នុងការធ្វើអត្ថាធិប្បាយ ហើយត្រូវបានទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass ដកស្រង់យកមកចុះផ្សាយ ថា វិមានក្រឹមឡាំង បានរងការវាយប្រហារយ៉ាងលឿន ខណៈប្រទេសហ្វាំងឡង់ដ៍ (Finland) និង ស៊ុយអែត បានបោះបង់ចោលនូវគោលការណ៍អព្យាក្រឹតរបស់ខ្លួន ដែលធ្លាប់ប្រកាន់យកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ ដោយបានងាកទៅចូលរួមជាមួយនឹងអង្គការណាតូ។

ដូច្នេះប្រតិបត្តិការយោធាយ៉ាងពេញទំហឹងរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ របស់រុស្ស៊ី គឺជាការព្រមានដល់អង្គការសម្ពន្ធមិត្ដយោធារបស់លោកខាងលិច ប្រឆាំងនឹងសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការយោធាមួយនេះ។ ក្រុងមូស្គូ បានអះអាង ថា រុស្ស៊ី មិនចង់ឲ្យអង្គការណាតូ ឈានជើងមកដល់មាត់ទ្វាររបស់ខ្លួននោះឡើយ។
ស្របគ្នានេះ ក៏មានការឯកភាពយ៉ាងទូលំទូលាយ នៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិករបស់អង្គការណតូ គាំទ្រដល់អនាគតសមាជិកភាពរបស់អ៊ុយក្រែន។ បណ្ដាប្រទេសមួយចំនួន នៅក្នុងអង្គការយោធាដ៏ខ្លាំងក្លាមួយនេះ មានដូចជា អាល្លឺម៉ង់ និង សហរដ្ឋអាមេរិក…ជាដើម បានសង្កត់ធ្ងន់ ថា ការដាក់ពាក្យស្នើសុំរបស់រដ្ឋាភិបាលក្រុងកៀវ អាចនឹងត្រូវពិចារណាដ៏លំបាក ក្រោយការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី។
លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ថា «បណ្ដាមេដឹកនាំរបស់អង្គការណាតូ តែងតែចាត់ទុករុស្ស៊ី ជាសត្រូវដ៏ខ្លាំងក្លាបំផុត។ រីឯការពិភាក្សា នៅក្នុងរដ្ឋធានីវិលនីស ប្រទេសលីទុយអានី នឹងផ្ដោតលើបញ្ហានេះ។ យើងកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះវាជាអ្វីដែលត្រូវនិយាយ ថា នឹងក្លាយជាប្រធានបទវិភាគដ៏ស៊ីជម្រៅបំផុត សម្រាប់ចាត់វិធានការ ធ្វើឲ្យប្រាកដប្រជា ដល់សន្ដិសុខរបស់ប្រទេសយើង»។

ចំណុចសំខាន់ នៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ មានរយៈពេល២ថ្ងៃ នៅក្នុងរដ្ឋធានីវិលនីស ប្រទេសលីទុយអានី ផ្ដោតលើបញ្ហា នៃការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន និង វិធីសាស្រ្ដ ត្រូវប្រឈមមុខនឹងក្រុងមូស្គូ។ ប៉ុន្ដែប៉ុន្មានម៉ោង នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ចាប់ផ្ដើមនោះ កម្លាំងទាហានរុស្ស៊ី បានវាយប្រហារយ៉ាងខ្លាំង ទៅលើរដ្ឋធានីកៀវ ជាមួយនឹងដ្រូន Shahed (សាហេដ) ផលិតដោយអ៊ីរ៉ង់ និង ការវាយប្រហារតាមអាកាស។ ដោយឡែកអ៊ុយក្រែន ក៏បានអះអាង អំពីការបាញ់ទម្លាក់ដ្រូនទាំងនោះ។
លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានបញ្ជាក់ ថា គាត់រំពឹង ថា អង្គការសម្ពន្ធមិត្តយោធាមួយនេះ ត្រូវតែផ្ញើសារយ៉ាងច្បាស់ ដោយរួបរួមគ្នា និង ប្រកបដោយវិជ្ជមាន សម្រាប់មាគ៌ា ចំពោះសមាជិកភាពរបស់អង្គណាតូ។ ប៉ុន្ដែការធ្វើអត្ថាធិប្បាយទាំងនេះ មិនមានកម្លាំងគ្រប់គ្រាន់ សម្រាប់បំពេញបំណងប្រាថ្នារបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ដែលបានអះអាង ថា វាមិនសមហេតុផល ខណៈពេលវេលា ចូលជាសមាជិករបស់អង្គការណាតូ នៅមិនទាន់បានកំណត់។
ទន្ទឹមគ្នានេះដែរ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតី សហរដ្ឋអាមរិក បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង សម្ពន្ធមិត្តរបស់ខ្លួន កំពុងតែពិភាក្សាគ្នា អំពីការបញ្ជូនគ្រឿងយុទ្ធភណ្ឌ និង សម្ភារៈសឹកបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន។ ការសន្យាផ្ដល់ជំនួយរបស់លោកខាងលិច បានកើតឡើង ស្របគ្នានឹងការមើលឃើញ អំពីការប្រយុទ្ធរបស់កម្លាំងទាហានរុស្ស៊ី ធ្លាក់ចុះ៕ រក្សាសិទ្ធដោយ ៖ សារាយSN



















