Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេគណបក្សប្រឆាំងឈ្នះឆ្នោតនៅថៃ អះអាងថា ការប៉ុនប៉ងអាក្រក់មកលើគាត់ នឹងខាតបង់ច្រើន

រាជធានីបាងកក៖ ក្រោយពេលគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ (ហៅកាត់ EC) បានបញ្ជូនករណីរបស់ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ទៅកាន់តុលាការធម្មនុញ្ញ ដើម្បីវិនិច្ឆ័យ អំពីការដកសិទ្ធិរបស់គាត់ ចេញពីសភានោះមក មេដឹកនាំគណបក្សឈ្នះឆ្នោតរូបនេះ បានអះអាង អំពីការខាតបង់ច្រើន ប្រសិនបើប៉ុនប៉ងអាក្រក់ មកលើរូបគាត់ តាមរូបភាពនយោបាយ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១២ ខែកក្កដា ថា លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ បានបញ្ជាក់ ថា គាត់មិនបានគិត ថា សកម្មភាពបែបនេះ ជាយុទ្ធនាការមួយ បៀតបៀនខាងនយោបាយ ប្រឆាំងនឹងរូបគាត់នោះឡើយ ព្រោះថា ប្រសិនបើពិតជាមានករណីបែបនេះមែន នឹងត្រូវខាតបង់ច្រើន។

លោក ភីថា លីមចារឿនរ៉ាត ជាបេក្ខជនឈរឈ្មោះ សម្រាប់តំណែងនាយករដ្ឋមន្រ្ដីរបស់គណបក្សឈ្នះឆ្នោត គឺគណបក្សឆ្ពោះទៅមុខ កាលពីថ្ងៃពុធ បានឆ្លើយតបទៅនឹងព័ត៌មាន ថា គណៈកម្មការរៀបចំការបោះឆ្នោត (Election Commission) ហៅកាត់ EC បានដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការធម្មនុញ្ញ ដើម្បីបញ្ជាក់អំពីការរកឃើញរបស់ EC ថាតើ ការកាន់កាប់ភាគហ៊ុនពីមុនរបស់គាត់ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc នឹងធ្វើឱ្យគាត់ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ក្លាយជាសមាជិកសភាដែរឬយ៉ាងណា។

លោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ បានបញ្ជាក់ ថា ថ្វីបើករណីនេះ ជាដំណោះស្រាយរបស់គណៈកម្មការរៀបចំការបោះឆ្នោតក៏ពិតមែន ប៉ុន្ដែសីលធម៌របស់គាត់ នៅតែខ្ពស់ ហើយគាត់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់បន្តនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីកាន់តំណែង ជានាយករដ្ឋមន្ត្រី និង បង្កើតរដ្ឋាភិបាលចម្រុះរបស់គាត់។ គាត់មិនបានគិត ថា សមាជិកសភា នឹងលើកយកបញ្ហារបស់គណៈកម្មការរៀបចំការបោះឆ្នោត មកធ្វើជាលេស មិនបោះឆ្នោតជ្រើសរើសគាត់ ធ្វើជានាយករដ្ឋមន្រ្ដី នៅថ្ងៃព្រហស្បតិ៍ នេះទេ។

បើទោះជាយ៉ាងណាក៏ដោយ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានលើកយកករណីភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ មិនមែនក្លាយជាឧបសគ្គ តាមផ្លូវច្បាប់តែមួយគត់ប៉ុណ្ណោះទេ ដែលលោក ភីថា និង គណបក្សរបស់គាត់ ត្រូវប្រឈមមុខ។ តុលាការធម្មនុញ្ញរបស់ប្រទេសអាស៊ានមួយនេះ កាលពីថ្ងៃពុធ បានទទួលយកពាក្យបណ្តឹងរបស់មេធាវីសកម្មជនមួយរូប ដោយលើកយកការស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីការប្រមាថព្រះមហាក្សត្រ មកអះអាង ថា គណបក្សឆ្ពោះទៅមុខ កំពុងតែបង្កនូវការគំរាមកំហែង ផ្តួលរំលំប្រព័ន្ធប្រជាធិបតេយ្យទាំងមូល។

មេដឹកនាំគណបក្សឆ្ពោះទៅមុខ បានត្អូញត្អែរ ថា គណៈកម្មការរៀបចំការបោះឆ្នោត មិនបានផ្ដល់ឱកាស ដល់រូបគាត់ សម្រាប់ការពារឋានៈជាសមាជិកសភានោះឡើយ។ ប៉ុន្ដែគាត់បានបញ្ជាក់ ថា គាត់បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការពារតួនាទីរបស់គាត់ ជាមួយនឹងតុលាការធម្មនុញ្ញ។

លោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ បានសង្កត់ធ្ងន់ ថា «ការពិចារណារបស់គណៈកម្មការរៀបចំការបោះឆ្នោត លើករណីរបស់ខ្ញុំ ប្រើប្រាស់ពេលវេលាត្រឹមតែ រយៈពេល៣២ថ្ងៃតែប៉ុណ្ណោះ។ រឿងនេះ អាចដំណើរការដ៏លឿនបំផុត នៅក្នុងប្រវត្ដិសាស្រ្ដ…លើករណីរបស់ខ្ញុំ ដោយចំណាយពេលត្រឹមតែ៣២ថ្ងៃ បន្ទាប់មក ប្ដឹងទៅតុលាការធម្មនុញ្ញ នៅមុនពេលសភាទាំង២ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ។ ខ្ញុំប្រាថ្នា ថា ករណីនេះមិនមែនជាការបៀតបៀនខាងនយោបាយនោះទេ។ …បើមិនដូច្នេះទេ ការធ្វើទុក្ខបុកម្នេញ មកលើរូបខ្ញុំ នឹងត្រូវចំណាយច្រើន សម្រាប់យន្តការខាងមុខងាររដ្ឋប្បវេណី ការគ្រប់គ្រងជាតិ និង គោលជំហរ សម្រាប់អ្នកនយោបាយបន្ថែមទៀត»។

មេដឹកនាំគណបក្សឆ្ពោះទៅមុខ បានបន្ថែម ថា «វាគួរឲ្យអាណិត នៅក្នុងការរារាំងខ្ញុំ និង គណបក្សឆ្ពោះទៅមុខ ជាតំណាងឲ្យសំឡេងរបស់ប្រជាជន ដែលបានបោះឆ្នោតគាំទ្រដ៏ច្រើន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ យើងនឹងនៅតែជាក្តីសង្ឃឹមរបស់ពួកគាត់»។

លោក ភីថា បានទទួលស្គាល់ ថា ការព្រួយបារម្ភរបស់អ្នកគាំទ្រ លើករណីរបស់គាត់ បានបង្កឱ្យមានការប្រមូលផ្តុំគ្នា កាលពីថ្ងៃពុធ ហើយពួកគេជាច្រើនទៀត គ្រោងនឹងជួបជុំគ្នា នៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែគាត់មិនគិត ថា ការប្រមូលផ្ដុំគ្នាបែបនេះ នឹងនាំឲ្យមានបញ្ហានោះដែរ។

មេដឹកនាំគណបក្សឆ្ពោះទៅមុខ បានបន្ថែម ថា «ការខកចិត្ត នឹងក្លាយជារឿងមិនល្អនោះឡើយ ព្រោះវាទាក់ទងនឹងអ្វីដែលយើងចង់ធ្វើ ហើយអ្វីដែលសំខាន់ និង អ្វីដែលអស្ចារ្យ ត្រូវតែចំណាយពេល និង មានការលំបាក។ ខ្ញុំគិត ថា ស្ថានការណ៍ នឹងអាចគ្រប់គ្រងបាន។ ខ្ញុំនឹងទៅកាន់រដ្ឋសភា នៅថ្ងៃព្រហស្បតិ៍ នេះ ដើម្បីបង្ហាញ អំពីចក្ខុវិស័យរបស់ខ្ញុំ នៅក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រី ដោយក្តីសង្ឃឹម លើការបញ្ចុះបញ្ចូលសមាជិកសភា និង សមាជិកព្រឹទ្ធសភា ឱ្យបោះឆ្នោត គាំទ្រខ្ញុំ ធ្វើជានាយករដ្ឋមន្រ្ដី។

ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ គ្រោងនឹងធ្វើឡើង នៅវេលាម៉ោង៥ល្ងាច ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពេលសភា ពិភាក្សា និង ជជែកដេញដោលគ្នា រយៈពេល៦ម៉ោង។ តុលាការធម្មនុញ្ញ នៅថ្ងៃព្រហស្បតិ៍នេះ នឹងមានឱកាសព្យួរលោក ភីថា ពីក្នុងនាមជាសមាជិកសភា ស្របពេលតុលាការនេះ កំពុងតែពិនិត្យមើលសំណុំរឿងរបស់គណៈកម្មការរៀបចំការបោះឆ្នោត (EC)។ ប៉ុន្តែបើទោះជារឿងនេះ កើតឡើងយ៉ាងណាក៏ដោយ ក៏លោក ភីថា នៅតែអាចឈរឈ្មោះ ជាបេក្ខជននាយករដ្ឋមន្ត្រី ផងដែរ៕

គណបក្សឆ្ពោះទៅមុខ បានបង្ហោះសារតាមបណ្ដាញសង្គមធ្វីរធ័រ កាលពីថ្ងៃពុធ ដោយលើកទឹកចិត្ត ដល់អ្នកគាំទ្រទាំងអស់ ឱ្យពាក់ពណ៌ទឹកក្រូច និង បង្ហាញនិមិត្តសញ្ញារបស់គណបក្ស នៅថ្ងៃព្រហស្បតិ៍ ដើម្បីគាំទ្រ ដល់លោក ភីថា និង សម្ពន្ធមិត្តចម្រុះ ចំនួន៨គណបក្ស ខណៈគាត់នៅតែមានបំណង ដឹកនាំប្រទេស៕ រក្សាសិទ្ធដោយ ៖ សារាយSN

×