Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់-បារាំង បំពាក់មីស៊ីលទំនើបៗដល់អ៊ុយក្រែន អាចវាយលុកចូលជ្រៅទៅលើរុស្ស៊ី

រដ្ឋធានីវិលនីស (Vilnius)៖ ស្របពេលកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែវាយរុលទៅមុខ នៅលើសមរភូមិជាច្រើន ទាំងនៅភាគខាងត្បូង និង ភាគខាងកើតប្រទេសរបស់ខ្លួននោះ មេដឹកនាំបារាំង និង អាល្លឺម៉ង់ បានថ្លែងទៅកាន់មេដឹកនាំរបស់អង្គការណាតូ នៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន នៅក្នុងរដ្ឋធានីវិលនីស ប្រទេសលីទុយអានី អំពីការបញ្ជូនមីស៊ីល និង អាវុធទំនើបៗ សម្រាប់ជួយបង្កើនសមត្ថភាព ដល់កម្លាំងប្រយុទ្ធរបស់ក្រុងកៀវ បន្ថែមទៀត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី១១ ខែកក្កដា ថា ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងប្រទេសលីទុយអានី កាលពីថ្ងៃអង្គារ នោះ លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងប៉ារីស នឹងបញ្ចេញមីស៊ីលដ៏ទំនើប បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដោយមានគោលបំណង ធ្វើឲ្យកងទ័ពការពារទឹកដីរបស់ក្រុងកៀវ មានលទ្ធភាព វាយប្រហារចូលជ្រៅ ទៅក្នុងសមរភូមិប្រយុទ្ធ។

លោកប្រធានាធិបតីបារាំង បានសង្កត់ធ្ងន់ ថា «ខ្ញុំបានសម្រេចចិត្តបញ្ចេញគ្រឿងសព្វាវុធ និង សម្ភារៈសឹក ទៅកាន់អ៊ុយក្រែន ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ បន្ថែមទៀត»។

ថ្វីបើលោកប្រធានាធិបតី ម៉ាក្រុង មិនបានបញ្ជាក់ អំពីប្រភេទគ្រឿងសព្វាវុធ នឹងត្រូវបញ្ជូនទៅឲ្យអ៊ុយក្រែន យ៉ាងណាក្ដី ប៉ុន្ដែក្រុមមន្រ្ដីរដ្ឋាភិបាលបារាំង បានប្រាប់ដល់ក្រុមអ្នកកាសែត ថា លោកប្រធានាធិបតី នឹងចង់និយាយសំដៅទៅលើមីស៊ីល SCALP ដ៏ទំនើប ហើយអាចវាយប្រហារ ទៅលើគោលដៅនានារបស់សត្រូវ នៅក្នុងចម្ងាយ យ៉ាងតិច២៥០គីឡូម៉ែត្រ។

ស្របគ្នានេះដែរ លោក បូរីស ភីស្ដូរៀស (Boris Pistorius) រដ្ឋមន្រ្ដី ក្រសួងការពារជាតិអាល្លឺម៉ង់ បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ នាថ្ងៃដំបូង ថា រដ្ឋាភិបាលក្រុងប៊ែរឡាំង បានសម្រេច បញ្ជូនកញ្ចប់ជំនួយយោធាបន្ថែម មានទំហំទឹកប្រាក់ ៧៧០លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែន។ កញ្ចប់ជំនួយទាំងនោះ នឹងរាប់បញ្ចូលទាំងជើងទម្របាញ់ Patriot ចំនួន២គ្រឿង, រថចម្បាំងបន្ថែម ប្រភេទ Marder ចំនួន៤០គ្រឿង, រថក្រោះបន្ថែម ប្រភេទ 1 A5 ចំនួន២៥គ្រឿង និង រថក្រោះ Bergepanzer 2 ចំនួន៥គ្រឿង, គ្រាប់កាំភ្លើងផ្លោងចំនួន ២០ ០០០គ្រាប់ និង គ្រាប់កាំភ្លើងផ្សែង១៥៥មិល្លីម៉ែត្រ ចំនួន៥០០០គ្រាប់។

ចក្រភពអង់គ្លេស កាលពីខែឧសភា ឆ្នាំ២០២៣ បានផ្ទេរមីស៊ីលដ៏ទំនើប Storm Shadow ឬ SCALP នេះ ទៅកាន់ប្រទេសអ៊ុយក្រែន រួចមកហើយ។ ប៉ុន្ដែឥឡូវ ប្រធានាធិបតីបារាំង ក៏នឹងបញ្ជូនមីស៊ីលដ៏ទំនើបប្រភេទនេះ ទៅឲ្យក្រុងកៀវ បន្ថែមទៀត។

មីស៊ីល Storm Shadow (ជាឈ្មោះហៅតាមភាសាអង់គ្លេស) ឬ មីស៊ីល SCALP (ហៅតាមភាសាបារាំង) ត្រូវបានប្រទេសមហាអំណាចទាំង២នេះ អភិវឌ្ឍឡើងរួមគ្នា ប៉ុន្ដែគ្រាន់តែដាក់តាមភាសារបស់ប្រទេសមួយរៀងៗខ្លួនប៉ុណ្ណោះ។ មីស៊ីលប្រភេទនេះ បានបំពាក់ដល់កងទ័ពបារាំង និង ចក្រភពអង់គ្លេស នៅក្នុងអំឡុងឆ្នាំ២០០៣ ហើយបានយកវា ទៅធ្វើប្រតិបត្ដិការ នៅក្នុងសង្គ្រាម ជាច្រើនប្រទេស រួមមាន អ៊ីរ៉ាក់ លីប៊ី ស៊ីរី យេមែន និង សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

បើតាមគេហទំព័រ Wikipedia បានឲ្យដឹង ថា មីស៊ីលដ៏ទំនើប Storm Shadow ឬ SCALP មានទម្ងន់ ១ ៣០០គីឡូក្រាម, ប្រវែង៥,១ម៉ែត្រ, ទទឹង ៦៣០មិល្លីម៉ែត្រ ស្លាបប្រវែង៣ម៉ែត្រ ហើយវាបានក្បាលគ្រាប់ទម្ងន់៤៥០គីឡូក្រាម និង ដើរដោយម៉ាស៊ីន Microturbo TRI 60-30 turbojet
5.4 kN ។ មីស៊ីលដ៏ទំនើបប្រភេទនេះ មានបំពាក់ប្រព័ន្ធនាំផ្លូវ GPS, INS, IIR និង TERPROM ហើយវាក៏អាចបំពាក់ នៅលើយន្ដហោះជាច្រើនប្រភេទ រួមទាំងយន្ដហោះរបស់លោកខាងលិច និង យន្ដហោះរបស់រុស្ស៊ី ផងដែរ ដោយអាចវាយប្រហារ នៅក្នុងចម្ងាយ ជាអតិបរមា ៥៥០គីឡូម៉ែត្រ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×