Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់ ចាប់ធ្វើពាណិជ្ជកម្មទ្វេភាគីដ៏ធំបំផុតជាមួយអ៊ីរ៉ាក់ បញ្ចុះតម្លៃលុយរបស់អាមេរិក

រដ្ឋធានីតេអ៊ីរ៉ង់៖ អ៊ីរ៉ង់ និង បណ្ដាប្រទេសមហាអំណាចបស្ចិមលោក ព្រមទាំងសម្ពន្ធមិត្ត ជាពិសេស សហរដ្ឋអាមេរិក តែងតែចាត់ទុកជាអមិត្តជាមួយគ្នាទៅវិញទៅមក ហើយឥឡូវនេះ រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ កំពុងតែផ្ដើម ធ្វើពាណិជ្ជកម្មទ្វេភាគី ជាមួយនឹងអ៊ីរ៉ាក់ មានទំហំទឹកប្រាក់ រហូតដល់១០ពាន់លានដុល្លារអាមេរិក ប៉ុន្ដែរដ្ឋាភិបាល នៃប្រទេសទាំង២ នឹងមិនទទួលការទូទាត់ ជាប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក នោះទេ។

សារព័ត៌មាន Watcher Guru បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ថា រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ កំពុងតែពិចារណា លើការមិនទទួលយកប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក សម្រាប់ការធ្វើពាណិជ្ជកម្មទ្វេភាគី ជាមួយនឹងប្រទេសអ៊ីរ៉ាក់ មានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន ប្រទេសជិតខាងទាំង២នេះ មានគោលបំណង ចង់បង្កើនតម្លៃរូបិយប័ណ្ណជាតិរបស់ពួកគេ និង បញ្ឈប់នូវការពឹងផ្អែកទាំងស្រុក ទៅលើប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។

រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ មានផែនការ ជំរុញសេដ្ឋកិច្ចក្នុងប្រទេសនេះ ឲ្យងើបឡើង ហើយជួយឲ្យពាណិជ្ជកម្មមាននិរន្តរភាព នៅក្នុងរយៈពេលយូរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី រវាងរដ្ឋាភិបាលអ៊ីរ៉ង់ និង អ៊ីរ៉ាក់ បានកើតឡើង ស្របពេលក្រុមសម្ពន្ធភាព BRICS (ប្រ៊ីកស៍) កំពុងតែស្វះស្វែងបង្កើតរូបិយប័ណ្ណថ្មីមួយរបស់ពួកគេ សម្រាប់ការចាយវាយ ឬ ទូទាត់លើការធ្វើពាណិជ្ជកម្ម យកមកជំនួសប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ ប្រទេសអ៊ីរ៉ង់ កំពុងតែពិចារណា លើការចាយវាយ ឬទូទាត់ជាប្រាក់ឌីណា (Dinar) របស់ប្រទេសអ៊ីរ៉ាក់ នៅក្នុងការធ្វើពាណិជ្ជកម្មរួមគ្នា រវាងប្រទេសទាំង២នេះ ដោយមានទំហំទឹកប្រាក់ រហូតដល់១០ពាន់លានដុល្លារអាមេរិក។ រីឯគោលដៅដ៏ចម្បងរបស់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ ចង់លុបបំបាត់រូបិយប័ណ្ណដុល្លាររបស់សហរដ្ឋអាមេរិក។ ប្រសិនបើការធ្វើពាណិជ្ជកម្មរបស់ខ្លួន ទទួលបានជោគជ័យនោះ រូបិយប័ណ្ណ ឬ ប្រាក់ឌីណារបស់ប្រទេសអ៊ីរ៉ាក់ អាចនឹងក្លាយជារូបិយប័ណ្ណដ៏សំខាន់មួយ រវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ នៅក្នុងគោលដៅឆ្ពោះទៅមុខ ហើយនឹងមិនទទួលការទូទាត់ គិតជាប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក នោះឡើយ។ ការយកប្រាក់ឌីណារបស់អ៊ីរ៉ាក់ មកជំនួសប្រាក់របស់អាមេរិក អាចនឹងធ្វើឱ្យតម្លៃប្រាក់ដុល្លារ ធ្លាក់ចុះបន្ថែមទៀត ហើយវានឹងធ្វើឱ្យរូបិយប័ណ្ណរបស់អាមេរិក មានការពិបាក សម្រាប់ការផ្តល់មូលនិធិ ទប់ទល់នឹងឱនភាពរបស់ខ្លួន។

លោក យេយ៉ា អេសហាគ (Yehya Eshaq) ប្រធានសភាពាណិជ្ជកម្មអ៊ីរ៉ង់-អ៊ីរ៉ាក់ បានបញ្ជាក់ ថា ប្រទេសជិតខាងទាំង២ ចង់ឲ្យការចាយវាយ ឬ ទូទាត់រូបិយប័ណ្ណជាតិរបស់ពួកគេ ត្រូវបានប្រើប្រាស់ សម្រាប់ការធ្វើពាណិជ្ជកម្ម។ ទន្ទឹមគ្នានេះដែរ មានប្រទេសមួយចំនួនទៀត កំពុងតែចាប់ដៃគ្នា កាត់បន្ថយនូវអនុត្តរភាពរបស់សហរដ្ឋអាមេរិក លើផ្នែកទីផ្សារហិរញ្ញវត្ថុសកល។ ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ការធ្វើពាណិជ្ជកម្មសកល នឹងក្លាយជាជំហានដំបូង សម្រាប់ការជំរុញឲ្យប្រាក់ដុល្លារធ្លាក់ចុះ។

លោក យេយ៉ា អេសហាគ បានថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរបស់អ៊ីរ៉ង់ Mehr News ថា «ប្រទេស ភាគច្រើន នៅលើពិភពលោក កំពុងតែស្វះស្វែងរកគ្រប់មធ្យោបាយបំបែកអនុត្តរភាពរបស់សហរដ្ឋអាមេរិក នៅក្នុងការផ្លាស់ប្តូររបស់ពួកគេ។ ការប្រើប្រាស់រូបិយប័ណ្ណជាតិ អាចជួយពន្លឿនដំណើរការនេះបន្ថែមទៀត»។

លោក ប្រធានសភាពាណិជ្ជកម្មអ៊ីរ៉ង់-អ៊ីរ៉ាក់ បានបន្ថែម ថា រដ្ឋាភិបាលអ៊ីរ៉ង់ មានគោលបំណងបំផ្លាញនូវការត្រួតត្រារបស់ពិភពលោក ដោយប្រាក់ដុល្លារអាមេរិក ហើយដំណើរការនេះ កំពុងតែបន្តទៅមុខ។ ការងាកមកចាយវាយប្រាក់ឌីណារបស់អ៊ីរ៉ាក់ ជំនួសប្រាក់ដុល្លាររបស់អាមេរិក នៅក្នុងប្រតិបត្តិការពាណិជ្ជកម្ម ជាមួយប្រទេសអ៊ីរ៉ាក់ នោះ យើងកំពុងតែធ្វើឱ្យខូចឥទ្ធិពលរបស់ប្រាក់ដុល្លារយ៉ាងខ្លាំង នៅក្នុងប្រតិបត្តិការនាំចូល-នាំចេញរបស់យើង។ សកម្មភាពបែបនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល កាន់តែមានភាពទូលំទូលាយឡើង។

ស្របគ្នានេះដែរ ក្រុមសម្ពន្ធមិត្ត BRICS នឹងចាប់ផ្តើមបង្កើតរូបិយប័ណ្ណថ្មីរបស់ខ្លួន ក្នុងពេលដ៏ឆាប់ៗនេះ ហើយទាំងអ៊ីរ៉ង់ និង អ៊ីរ៉ាក់ ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ សម្រាប់ការទទួលទូទាត់ជាប្រាក់ថ្មីនេះ។ អ៊ីរ៉ាក់ និង អ៊ីរ៉ង់ មានបំណង ចង់បញ្ចប់នូវការពឹងផ្អែក ទៅលើប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ហើយទទួលយកនូវរូបិយប័ណ្ណរបស់សម្ពន្ធមិត្ត BRICS ។ គោលនយោបាយនេះ នឹងធ្វើឱ្យប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ស្ថិតក្រោមសម្ពាធ កាន់តែខ្លាំងឡើង។ ផែនការបែបនេះ ក៏នឹងធ្វើឱ្យរូបិយប័ណ្ណ BRICS មាននិរន្តរភាព នៅទូទាំងពិភពលោក។

សូមជម្រាប ថា BRIC ជាអក្សរកាត់ សម្រាប់ប្រទេសប្រេស៊ីល (Brazil) រុស្ស៊ី (Russia) ឥណ្ឌា (India) និង ចិន ខណៈ BRICS គ្រាន់តែបន្ថែមបញ្ចូលប្រទេសអាហ្វ្រិកខាងត្បូង (South Africa) នៅក្នុងឆ្នាំ២០១០។ បើតាម Wikipedia បានឲ្យដឹង ថា BRIC ឬ BRICS គឺជាការកំណត់ប្រទេស ដោយសារមហាអំណាចសេដ្ឋកិច្ច កំពុងតែកើនឡើង។ ពាក្យនេះ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០០១ ដោយលោក ជីម អូណែល (Jim O’Neill) ជាសេដ្ឋវិទូជនជាតិអង់គ្លេស ដោយប្រើអក្សរកាត់ សម្រាប់ប្រទេសទាំងបួន (Brazil Russia India China) ដោយគាត់បានកំណត់ ថា ប្រទេសទាំងនេះ កំពុងស្ថិតក្នុងដំណាក់កាលស្រដៀងគ្នា នៃសេដ្ឋកិច្ចជឿនលឿនថ្មី៕ ប្រែសម្រួល ដោយលោក ណុប ស៊ីនួន

×