Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមនិស្សិតថៃ ផ្ទុះការថ្កោលទោស ចំពោះការបោះឆ្នោតនាយករដ្ឋមន្រ្ដីថ្មី

រាជធានីបាងកក៖ ក្រោយពេលសភាទាំង២របស់ប្រទេសថៃ បានបោះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្ដីរបស់មេបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដោយមានសំឡេងគាំទ្រ ត្រឹមតែចំនួន៣២៤, សំឡេងប្រឆាំងចំនួន១៨២ និង អនុបវាទ ចំនួន១៩៩សំឡេង ដែលជាចំនួនមិនមានគ្រប់គ្រាន់ សម្រាប់អនុញ្ញាតឲ្យលោក ភីថា ក្លាយជានាយករដ្ឋមន្រ្ដី នោះមក ក្រុមនិស្សិត បានចេញមុខប្រតិកម្មយ៉ាងខ្លាំង ថ្កោលទោសដល់ស្ថាប័នទាំង២នេះ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៤ ខែកក្កដា ថា ក្រុមប្រឹក្សានិស្សិត សាកលវិទ្យាល័យ Thammasat (ធម្មសាត) បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសការបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ដោយបានចោទប្រកាន់ ថា សមាជិកសភា និង សមាជិកព្រឹទ្ធសភា បានបោះឆ្នោតប្រឆាំងនឹងឆន្ទៈរបស់ប្រជាជន ឬ មិនចូលរួម នៅក្នុងការបោះឆ្នោត កំពុងតែក្លាយជាការអាម៉ាស់បំផុតមួយរបស់ស្ថាប័ននីតិប្បញ្ញត្ដិទាំង២នេះ។

គណៈកម្មាធិការអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាទទួលបន្ទុកផ្នែកនយោបាយ និង ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ បានថ្កោលទោស ដល់ស្ថាប័ននីតិប្បញ្ញត្ដិទាំង២នេះ ក្រោយការបោះឆ្នោត នៅក្នុងការប្រជុំរួមគ្នា នៃសភាតំណាងរាស្រ្ត និង ព្រឹទ្ធសភា។

លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ បានបរាជ័យ នៅក្នុងការក្លាយជានាយករដ្ឋមន្រ្ដីទី៣០របស់ប្រទេសថៃ ក្រោយការមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ពីសមាជិកសភា និង សមាជិកព្រឹទ្ធសភា។ ការបោះឆ្នោតរបស់សភា កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ សម្រាប់ជ្រើសរើសលោក ភីថា ធ្វើជានាយករដ្ឋមន្រ្ដី នោះ គឺទទួលបានសំឡេងគាំទ្រ ចំនួន៣២៤ ដោយរួមទាំងសំឡេងគាំទ្រពីព្រឹទ្ធសភា ចំនួន១៣សំឡេងផងដែរ ហើយមានសំឡេងប្រឆាំងចំនួន១៨២សំឡេង និង សំឡេងអនុបវាទ១៩៩សំឡេង នៅក្នុងចំណោម៧០២នាក់ ចូលរួមបោះឆ្នោត នៅក្នុងសភា។ គណបក្សឆ្ពោះទៅមុខរបស់លោក ភីថា បានឈ្នះ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ជាមួយនឹងសំឡេង ចំនួន ១៥១អាសនៈ នៅក្នុងរដ្ឋសភា។

លោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ ក្លាយជាបេក្ខជនតែងតាំងនាយករដ្ឋមន្រ្ដី តែម្នាក់គត់ សម្រាប់ឲ្យសភាទាំង២បោះឆ្នោតគាំទ្រ។ គាត់ត្រូវការសំឡេងគាំទ្រ ចំនួន៣៧៥ មកពីក្នុងចំណោមសមាជិកសភា និង ព្រឹទ្ធសភា ចំនួន៧៤៩ ខណៈសមាជិកព្រឹទ្ធសភាមួយរូបបានលាលែងពីតំណែង កាលពីថ្ងៃពុធ ពោលគឺ១ថ្ងៃ នៅមុនការបោះឆ្នោតនេះ។

មេដឹកនាំគណបក្សឆ្ពោះទៅមុខ ទទួលបានសំឡេងគាំទ្រ ពីរដ្ឋសភាចំនួន៣១១សំឡេង, ប្រឆាំង ចំនួន ១៤៨ និង អនុបវាទ ចំនួន៣៩សំឡេង ហើយគាត់ក៏ទទួលបានសំឡេងគាំទ្រ ពីសមាជិកព្រឹទ្ធសភា ចំនួន១៣សំឡេង, ប្រឆាំង ៣៤សំឡេង និង អនុបវាទ ចំនួន១៥៩សំឡេង។

គណៈកម្មាធិការក្រុមប្រឹក្សាសាកលវិទ្យាល័យធម្មសាត បានបញ្ជាក់ ថា សមាជិកសភា និងព្រឹទ្ធសមាជិក ដែលបានបោះឆ្នោតប្រឆាំង និង អនុប្បវាទ បានប្រព្រឹត្តផ្ទុយនឹងឆន្ទៈរបស់ប្រជាជន ដូចអ្វីដែលបានបង្ហាញ តាមរយៈការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ គណបក្ស MFP បានឈ្នះការបោះឆ្នោត ជាមួយនឹងអាសនៈសភា ចំនួន១៥១ ហើយមេដឹកនាំរបស់ខ្លួន បានទទួលអាណត្តិរបស់ប្រជាជន ដើម្បីធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់។

គណៈកម្មាធិការអចិន្រ្ដៃយ៍មួយនេះ បានសង្កត់ធ្ងន់ ថា «សកម្មភាពរបស់អស់លោក ពិតជាគួរឲ្យស្អប់ខ្ពើម និង អាម៉ាស់ ចំពោះប្រព័ន្ធរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និង ប្រវត្តិសាស្ត្រនយោបាយរបស់ប្រទេសថៃ។ ការបោះឆ្នោតប្រឆាំងនឹងលោក ភីថា និង អ្នកបោះឆ្នោតអនុប្បវាទ ក៏ជាអ្នកមិនអើពើនឹងតួនាទីរបស់ខ្លួន ដែលជាអ្នកតំណាងរបស់ប្រជាជនថៃ ដោយមានកាតព្វកិច្ចបំពេញភារកិច្ច សម្រាប់ផលប្រយោជន៍ជាតិ សុខុមាលភាពរបស់ប្រជាជន និង សន្លឹកឆ្នោតរបស់ពួកគាត់។

គណៈកម្មាធិការក្រុមប្រឹក្សាសាកលវិទ្យាល័យធម្មសាត បានអំពាវនាវដល់សមាជិកសភា និង ព្រឹទ្ធសភា ត្រូវតែគោរពសំឡេងរបស់ប្រជាជន។ កុមារក្នុងយុគសម័យអភិវឌ្ឍន៍ប្រទេស នឹងដឹកនាំប្រទេសឱ្យរីកចម្រើន ប៉ុន្តែសមាជិកព្រឹទ្ធសភា នឹងដឹកនាំស្រុកទេស ទៅរកគ្រោះមហន្តរាយ។

អ្នកគាំទ្រគណបក្ស MFP ជាច្រើន បានសម្តែងនូវការខកចិត្ត ចំពោះការបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែពួកគេបាននិយាយ ថា លទ្ធផលមិននឹកស្មានដល់នោះឡើយ។ ពួកគេបានជំរុញឲ្យសមាជិកព្រឹទ្ធសភា ដែលត្រូវបានតែងតាំង ត្រូវតែគោរពសន្លឹកឆ្នោតរបស់ប្រជាជន។

សភារបស់ប្រទេសថៃ នឹងត្រូវរៀបចំការបោះឆ្នោតជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ។ រីឯបេក្ខជនដដែល ក៏នឹងនៅតែអាចឈរឈ្មោះជាថ្មី ឬ ក៏បេក្ខជនផ្សេងទៀត ត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីរបស់សភាបែបនេះ នឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនណាម្នាក់ ត្រូវទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនបានកំណត់ពីចំនួន នៃការបោះឆ្នោត ឬ កាលបរិច្ឆេទផុតកំណត់នោះឡើយ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×