ក្រសួងការបរទេសម៉ាឡេស៊ី (Wisma Putra) កំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការស្វែងរកក្រុមជនជាតិម៉ាឡេស៊ីរបស់ខ្លួនចំនួន ១២ នាក់ ដែលបានបាត់ខ្លួននៅក្នុងប្រទេសឥណ្ឌា។ ក្រុមនោះត្រូវបានគេនិយាយថា មិនអាចទាក់ទងបានដោយក្រុមគ្រួសាររៀងខ្លួនរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏គំហុក បង្កទឹកជំនន់យ៉ាងខ្លាំងក្លា ដែលបានវាយប្រហារតំបន់ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន (៩ កក្កដា)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ Wisma Putra, ពួកគេបានប្រកាសថា កិច្ចខិតខំប្រឹងប្រែងតាមដានត្រូវបានអនុវត្តតាមរយៈគណៈកម្មាធិការជាន់ខ្ពស់ម៉ាឡេស៊ី នៅទីក្រុងញូវដេលី ដោយសហការជាមួយអាជ្ញាធរឥណ្ឌា។
គណៈកម្មការជាន់ខ្ពស់ត្រូវបានគេជូនដំណឹងថា ក្រុមដែលពាក់ព័ន្ធកំពុងចូលរួមក្នុងដំណើរផ្សងព្រេងនៅ Hampta Pass រដ្ឋ Himachal Pradesh ។
ពួកគេបានបន្ថែមថា “ការវិវឌ្ឍន៍ចុងក្រោយបំផុតណាមួយទាក់ទងនឹងស្ថានភាពរបស់ប្រជាជនម៉ាឡេស៊ី ដែលរងគ្រោះនៅក្នុងឧបទ្ទវហេតុនេះ នឹងត្រូវបានទាក់ទងពីពេលមួយទៅពេលមួយ តាមដែលអាចធ្វើទៅបាន”។
ចាប់តាំងពីពេលនោះមក គណៈកម្មាធិការជាន់ខ្ពស់ម៉ាឡេស៊ីនៅក្នុងប្រទេសឥណ្ឌា បានផ្តល់ដំបូន្មានដល់ប្រជាជនម៉ាឡេស៊ី ដែលត្រូវការជំនួយផ្នែកកុងស៊ុល ឱ្យទាក់ទងពួកគេតាមរយៈ +91 85955 50594 ឬអ៊ីមែលទៅ mwdelhi@kln.gov.my ។
ក្រសួងការបរទេសម៉ាឡេស៊ី Wisma Putra ក៏បានដាស់តឿនប្រជាជនម៉ាឡេស៊ី ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ហើយត្រូវតាមដានអាកាសធាតុនៅគ្រប់ទីកន្លែងដែលពួកគេទៅលេង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






