Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យឯកជននៅប្រទេសថៃ គាំទ្រដល់គណបក្សភឿថៃ បង្កើតរដ្ឋាភិបាលថ្មី

រាជធានីបាងកក៖ ក្រោយពេលសមាជិកសភាទាំង២របស់ប្រទេសថៃ ភាគច្រើនបំផុត កាលពីថ្ងៃទី១៣ ខែកក្កដា មិនបានបោះឆ្នោត គាំទ្រដល់មេដឹកនាំគណបក្សឆ្ពោះទៅមុខ ឲ្យក្លាយជានាយករដ្ឋមន្រ្ដីថ្មី នោះមក វិស័យឯកជនរបស់ប្រទេសអាស៊ានមួយនេះ កំពុងតែបង្ហាញនូវការចាប់អារម្មណ៍ និង គាំទ្រដល់គណបក្សភឿថៃ (Pheu Thai) សម្រាប់ការដឹកនាំបង្កើតរដ្ឋាភិបាលថ្មី។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៧ ខែកក្កដា ថា វិស័យឯកជន បានបង្ហាញនូវការគាំទ្រ ដល់គណបក្សភឿថៃ សម្រាប់ការដឹកនាំរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ។ គោលនយោបាយសេដ្ឋកិច្ចរបស់គណបក្ស ដែលទទួលបានអាសនៈច្រើនលំដាប់លេខ២មួយនេះ នឹងជួយបង្វែរសេដ្ឋកិច្ច ឲ្យវិលមករកភាពប្រក្រតីឡើងវិញ។

លោក សាណាន អានហ្គូបូលគុល (Sanan Angubolkul) ប្រធានសភាពាណិជ្ជកម្មថៃ បានប្រាប់ដល់សារព័ត៌មាន Bangkok Post ថា ទំនុកចិត្តសម្រាប់វិស័យសេដ្ឋកិច្ច នឹងរីកច្រើនយ៉ាងឆាប់រហ័ស ប្រសិនបើគណបក្សភឿថៃ អាចបង្កើតរដ្ឋាភិបាលថ្មីបាន ជាមួយនឹងបេក្ខជនមកពីគណបក្សមួយនេះ ក្លាយជានាយករដ្ឋមន្រ្ដី និង គណបក្សចំនួន៧ផ្សេងទៀត ជាសម្ពន្ធភាព នៅក្នុងកិច្ចព្រមព្រៀងអនុស្សរណៈរបស់ពួកគេ ដែលត្រូវបានចុះហត្ថលេខា។

លោកប្រធានសភាពាណិជ្ជកម្មថៃ បានបញ្ជាក់ ថា «គណបក្សភឿថៃ មានបទពិសោធន៍យ៉ាងច្រើន សម្រាប់ដឹកនាំប្រទេស ហើយគោលនយោបាយជាច្រើនរបស់គណបក្សមួយនេះ ត្រូវបានយកទៅអនុវត្ដ ប្រកបដោយជោគជ័យ។ បន្ថែមពីលើនេះ គណបក្សភឿថៃ ក៏មានមន្រ្ដីជាច្រើន ពោរពេញទៅដោយសមត្ថភាព និង បទពិសោធន៍ សម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច»។

លោក សាណាន អានហ្គូបូលគុល បានសង្កត់ធ្ងន់ ថា «សភាពាណិជ្ជកម្មថៃ ជឿជាក់ ថា ប្រសិនបើគណបក្សភឿថៃ ដឹកនាំបង្កើតរដ្ឋាភិបាលថ្មីនោះ គោលនយោបាយសេដ្ឋកិច្ចរបស់គណបក្សមួយនេះ នឹងជំរុញឲ្យប្រទេសជាតិ ធ្វើដើរឆ្ពោះទៅមុខ ជាពិសេស ការជំរុញឲ្យមានកំណើនសេដ្ឋកិច្ច និង កាត់បន្ថយនូវវិសមភាព»។

គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP បានបញ្ជាក់ ថា គណបក្សរបស់ខ្លួន នឹងមានសុច្ឆន្ទៈ អនុញ្ញាតឱ្យដៃគូចម្រុះរបស់ខ្លួន គឺគណបក្សភឿថៃ មានលទ្ធភាពបង្កើតរដ្ឋាភិបាល ប្រសិនបើការឈរឈ្មោះរបស់មេដឹកនាំគណបក្ស MFP គឺលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) នៅតែទទួលបរាជ័យ នៅក្នុងការក្លាយជានាយករដ្ឋមន្ត្រីថ្មី។

លោកប្រធានសភាពាណិជ្ជកម្មថៃ ក៏បានជំរុញឲ្យរដ្ឋាភិបាលថ្មី ត្រូវតែដោះស្រាយនូវបញ្ហាជាច្រើន ដោយទាមទារឱ្យមានវិធានការជាបន្ទាន់ ជាពិសេស បញ្ហានំប៉័ង និង ប៊ឺ នាំឲ្យប៉ះពាល់ដល់ជីវភាពជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជា ការជួយគាំទ្រដល់សហគ្រាសខ្នាតតូច និង ខ្នាតមធ្យម ផងដែរ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាល ក៏គួរតែសម្លឹងមើលនូវការកាត់បន្ថយ ចំពោះការចំណាយលើជីវភាពរស់នៅ ហើយបង្កើនប្រាក់ចំណូលដោយផ្ទាល់ សម្រាប់ជួយឲ្យប្រជាពលរដ្ឋ មានប្រាក់ចំណូលបន្ថែមទៀត លើការចំណាយ។ លើសពីនេះទៅទៀត សហគ្រាសខ្នាតតូច និង មធ្យម ត្រូវការចាំបាច់ ដើម្បីទទួលបានប្រភពមូលនិធិជាច្រើន ដើម្បីកសាងអាជីវកម្មរបស់ខ្លួនឡើងវិញ ក្រោយវិបត្ដិកូវីដ-១៩។ រដ្ឋាភិបាល ក៏គួរតែតាមដាននូវការផ្លាស់ប្តូរ តាមប្រព័ន្ធឌីជីថល សម្រាប់កែលម្អសេវាសាធារណៈ និង ធានាឱ្យមានតម្លាភាព។

លោកប្រធាសភាពាណិជ្ជកម្ម បានបន្ថែម ថា រដ្ឋាភិបាល ត្រូវតែបង្កើតផែនការ ដោះស្រាយបញ្ហាគ្រោះរាំងស្ងួត អាចកើតឡើង ដោយសារបាតុភូតអាកាសធាតុ El Niño (អែលនីញ៉ូ) អាចនាំឲ្យប៉ះពាល់ ដល់វិស័យកសិកម្ម។ រហូតមកដល់ពេលនេះ កសិផល កំពុងតែឡើងថ្លៃ។ រីឯតម្រូវការស្បៀងអាហារជាសកល ក៏កំពុងតែកើនឡើង ហើយសកម្មភាពបែបនេះ កំពុងតែបង្ហាញអំពីឱកាសដ៏ល្អបំផុត សម្រាប់ប្រទេសថៃ ផងដែរ។ ស្របគ្នានេះ រដ្ឋាភិបាល និង វិស័យឯកជន ក៏គួរតែដាក់បញ្ចូលលើផែនការគ្រប់គ្រងទឹករួមគ្នា សម្រាប់ធានានូវការផ្គត់ផ្គង់ទឹក ឲ្យបានគ្រប់គ្រាន់ សម្រាប់វិស័យកសិកម្ម និង ឧស្សាហកម្ម។

ក្រោមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ ចែងថា ការក្លាយជានាយករដ្ឋមន្រ្ដី ត្រូវតែទទួលបានសំឡេងគាំទ្រ យ៉ាងតិច ៣៧៦នាក់ មកពីក្នុងចំណោមសមាជិកសភា ៥០០នាក់ និង សមាជិកព្រឹទ្ធសភា ចំនួន២៥០នាក់។ បច្ចុប្បន្ន សម្ពន្ធមិត្តចំនួន៨គណបក្ស ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ មានសមាជិកសរុប ចំនួន៣១២នាក់ នៅក្នុងរដ្ឋសភា។

ដោយឡែក សមាជិកសភា និង ព្រឹទ្ធសភារបស់ប្រទេសថៃ កាលពីថ្ងៃព្រស្បតិ៍ ទី១៣ ខែកក្កដា បានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ ប៉ុន្ដែលោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ សម្រាប់ការក្លាយជានាយករដ្ឋមន្រ្ដីថៃ។

លោក ភីថា ត្រូវការសំឡេងគាំទ្រ យ៉ាងតិចបំផុតចំនួន៣៧៥សំឡេង មកពីក្នុងចំណោមសមាជិកសភា ចំនួន៥០០នាក់ និង សមាជិកព្រឹទ្ធសភា ចំនួន២៥០ ខណៈឥឡូវសមាជិកព្រឹទ្ធសភា នៅសល់តែ ចំនួន២៤៩នាក់ ដោយសារសមាជិកព្រឹទ្ធសភាម្នាក់ បានលាលែងពីតំណែង នៅមុនថ្ងៃបោះឆ្នោតនាយករដ្ឋមន្រ្ដី ត្រឹមតែ១ថ្ងៃ។ នៅក្នុងចំណោមសមាជិកសភាទាំង២នោះ បានចូលរួមបោះឆ្នោតគាំទ្រលោក ភីថា ឲ្យធ្វើជានាយករដ្ឋមន្រ្ដី ត្រឹមតែចំនួន៣២៤សំឡេង ដោយរួមបញ្ចូលទាំងសមាជិកព្រឹទ្ធសភា ចំនួន១៣សំឡេងផងដែរ។ ចំណែកសំឡេងប្រឆាំង មានចំនួន១៨២សំឡេង និង អនុបវាទ ចំនួន១៩៩សំឡេង។

ដូច្នេះសភាទាំង២របស់ប្រទេសថៃ នឹងត្រូវរៀបចំការបោះឆ្នោត ជាថ្មីម្តងទៀត នៅសប្តាហ៍នេះ។ ចំណែកបេក្ខជនដដែល ក៏នឹងនៅតែអាចឈរឈ្មោះជាថ្មី ឬ ក៏បេក្ខជនផ្សេងទៀត ត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីរបស់សភាបែបនេះ នឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនណាម្នាក់ ត្រូវទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនបានកំណត់ពីចំនួន នៃការបោះឆ្នោត ឬ កាលបរិច្ឆេទផុតកំណត់នោះឡើយ៕ រក្សាសិទ្ធដោយ ៖​ សារាយSN

×