រដ្ឋធានីកៀវ៖ ស្របពេលអ៊ុយក្រែន កំពុងតែពិចារណាឡើងវិញ អំពីយុទ្ធសាស្រ្ដរបស់ខ្លួន ក្រោយការបាត់បង់គ្រឿងយុទ្ធោបករណ៍ ប្រហែល២០ភាគរយ នៅក្នុងការចាប់ផ្ដើមប្រតិបត្ដិការវាយបករបស់ខ្លួននោះមក ក៏មានសេចក្ដីរាយការណ៍ អំពីកម្លាំងទាហានរុស្ស៊ី បានបាត់បង់រថចម្បាំង ជាង១ម៉ឺនគ្រឿង និង គ្រឿងសឹកជាច្រើនទៀត នៅលើសមរភូមិវាយប្រយុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន។
បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya បានផ្សាយ កាលពីថ្ងៃចន្ទ ទី១៧ ខែកក្កដា ថា បើតាម Oryx ជាប្លុកយោធា ដែលបានកត់ត្រា អំពីការបាត់បង់គ្រឿងយុទ្ធោបករណ៍របស់ភាគីជម្លោះទាំងសងខាង ដោយផ្អែកលើភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន បានអះអាង ថា កម្លាំងទាហានរុស្ស៊ី បានបាត់បង់សម្ភារៈយោធា និង គ្រឿងសព្វាវុធ ជាង ១១ ០០០គ្រឿង ចាប់តាំងពីការចាប់ផ្ដើមវាយលុក នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

ប្លុកយោធា Oryx បានរាយការណ៍ ថា បើនិយាយជារួម រុស្ស៊ី បានបាត់បង់ រថចម្បាំង ចំនួន ១១ ១៤៦គ្រឿង ដោយក្នុងនោះ មានចំនួន ៧ ៤៥៩គ្រឿង ត្រូវបានកម្ទេចចោល, ចំនួន ៤២៥គ្រឿង បានរងការខូចខាត, ចំនួន ៤២២គ្រឿង ត្រូវបោះបង់ចូល និង ចំនួន ២ ៨៤០គ្រឿង ត្រូវបានភាគីសត្រូវរឹបអូសយក។
បន្ថែមពីលើនេះ រុស្ស៊ី ក៏បានបាត់បង់រថក្រោះ ចំនួន ២ ១៣៦គ្រឿង ដោយក្នុងនោះ មានចំនួន ១ ៣៥២គ្រឿង ត្រូវបានកម្ទេច, ចំនួន ១២១គ្រឿង ខូចខាត, ចំនួន ១២១ ត្រូវបោះបង់ចោល និង ចំនួន ៥៤៨គ្រឿង ត្រូវបានរឹបអូស។ រថក្រោះទាំងនោះ រួមមាន មូដែល T-62M (តេ-៦២អឹម), T-62MV (តេ-62 អឹមវី), T-64A, T-64BV, T-72A, T-72B, T-72BA, T-72B3, T-80BV, T-80U, T-80BVM, T-90A, និង T-90M។ ក្រៅពីនេះ រុស្ស៊ី ក៏បាត់បង់យន្ដហោះចម្បាំង ឧទ្ធម្ភាគចក្រ និង នាវាចម្បាំងយ៉ាងច្រើន ខណៈរថយន្ដចម្បាំងផ្សេងៗទៀត ត្រូវបានអ៊ុយក្រែន ចាប់បាន និង បាញ់កម្ទេចចោល នៅលើសមរភូមិ រួមមាន រថយន្ដឈ្លបយកការណ៍ BRM-1(K), BRDM-2, MT-LB, MT-LBVM and MT-LBVMK, MT-LB និង MT-LBu …ជាដើម។

ដោយឡែក សារព័ត៌មានរបស់សហរដ្ឋអាមេរិក New York Times ក៏បានរាយការណ៍ ថា អ៊ុយក្រែន បានបាត់បង់គ្រឿងសព្វាវុធ និង រថចម្បាំងរបស់ខ្លួន ប្រហែល២០ភាគរយ នៅលើសមរភូមិប្រយុទ្ធជាមួយនឹងកម្លាំងទាហានរុស្ស៊ី។ គ្រឿងសឹកទាំងនេះ ត្រូវបានខូចខាត និង ត្រូវបានកម្ទេចចោលយ៉ាងច្រើន ដោយគូសត្រូវ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ នៃយុទ្ធនាការវាយបករបស់ក្រុងកៀវ។ សកម្មភាពទាំងនេះ កំពុងតែជំរុញឲ្យអ៊ុយក្រែន ពិចារណាឡើងវិញ អំពីយុទ្ធសាស្រ្ដរបស់ខ្លួន ហើយសុខចិត្តវាយបកយឺតៗ ដើម្បីកាត់បន្ថយនូវការខូចខាតគ្រឿងចម្បាំងទាំងនោះ៕ រក្សាសិទ្ធដោយ ៖ សារាយSN










