រដ្ឋធានីសេអ៊ូល៖ ដោយសារតែកូរ៉េខាងជើង បានបាញ់មីស៊ីល ជាបន្ដបន្ទាប់ គំរាមកំហែង ដល់បណ្ដាប្រទេសជិតខាងជាសម្ពន្ធមិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទើបសហរដ្ឋអាមេរិក បានដឹកដៃប្រទេសចំនួន២ នៅក្នុងតំបន់អាស៊ីបូព៌ា ធ្វើសមយុទ្ធយោធារួមគ្នា សម្រាប់ការពារទប់ទល់ប្រឆាំងនឹងការបាញ់ប្រហារ ដោយមីស៊ីល។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៧ ខែកក្កដា ថា កងទ័ពជើងទឹករបស់កូរ៉េខាងត្បូង បានបញ្ជាក់ ក្រោយការបាញ់មីស៊ីលអន្ដរទ្វីប (ICBM) របស់កូរ៉េខាងជើង កាលពីប៉ុន្មានថ្ងៃមុននេះ ថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកក្កដា) បានធ្វើសមយុទ្ធការពារមីស៊ីលរួមគ្នារបស់កងទ័ពជើងទឹក ដើម្បីប្រឈមមុខជាមួនឹងការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និង មីស៊ីលរបស់ក្រុងព្យុងយ៉ាង។
កូរ៉េខាងជើង កាលពីថ្ងៃពុធ សប្ដាហ៍មុន បានបាញ់មីស៊ីល Hwasong-18 (វ៉ាស៊ុង-១៨) ចុងក្រោយបំផុតរបស់ខ្លួន នៅឯឆ្នេរសមុទ្រភាគខាងកើត តាមអ្វីដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានពិពណ៌នា ថា នេះជាកម្លាំងស្នូលវាយប្រហារនុយក្លេអ៊ែររបស់ខ្លួន ព្រមានជាក់ស្តែងដ៏ខ្លាំងក្លា ប្រឆាំងនឹងសត្រូវ។

កងទ័ពជើងទឹករបស់កូរ៉េខាងត្បូង បានបញ្ជាក់ ថា សមយុទ្ធយោធាត្រីភាគី កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកក្កដា) បានរៀបចំធ្វើឡើង នៅក្នុងដែនទឹកអន្តរជាតិ រវាងកូរ៉េខាងត្បូង និង ជប៉ុន ដែលប្រទេសទាំង២នេះ ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ីបូព៌ា។ សមយុទ្ធយោធានេះ ក៏មានការចូលរួមពីនាវាពិឃាដ បំពាក់ដោយប្រព័ន្ធរ៉ាដា Aegis (អ៊ីជេស) មកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ផងដែរ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង សម្ពន្ធមិត្តអាស៊ីបូព៌ារបស់សហរដ្ឋអាមេរិក បាន និង កំពុងតែកែលម្អនូវប្រព័ន្ធចែករំលែកព័ត៌មានរបស់ខ្លួន ជុំវិញការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ កូរ៉េខាងត្បូង និង ជប៉ុន ត្រូវបានចងភ្ជាប់ដោយឯករាជ្យ ទៅនឹងប្រព័ន្ធរ៉ាដារបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនមែន សម្រាប់ការផ្ដល់ឲ្យគ្នាទៅវិញទៅមកនោះឡើយ។
ក្រុមមន្រ្ដីយោធាកូរ៉េខាងត្បូង បានអះអាង ថា សមយុទ្ធនេះ មានគោលបំណង ធ្វើជាម្ចាស់ សម្រាប់ការឆ្លើយតបរបស់សម្ពន្ធមិត្ត ទប់ទល់នឹងការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ជាមួយនឹងសេណារីយ៉ូ ត្រូវបានបង្ហាញ អំពីគោលដៅនិម្មិត។

មន្ត្រីកងទ័ពជើងទឹកកូរ៉េខាងត្បូងម្នាក់ បានអះអាង ថា «យើងនឹងឆ្លើយតប ប្រកបដោយប្រសិទ្ធភាព ចំពោះការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែរ និង មីស៊ីលរបស់កូរ៉េខាងជើង ជាមួយនឹងប្រព័ន្ធឆ្លើយតបដ៏រឹងមាំរបស់យោធារបស់យើង និង កិច្ចសហប្រតិបត្តិការត្រីភាគី» ។
ការបាញ់មីស៊ីលអន្ដរទ្វីបរបស់កូរ៉េខាងជើង កាលពីប៉ុន្មានថ្ងៃមុននេះ បានរងនូវការថ្កោលទោសដ៏ខ្លាំងក្លា ពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ថ្វីបើរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានច្រានចោលនូវការថ្កោលទោសនេះ ក្រោមការអះអាង ថា សកម្មភាពបែបនេះ ជាការអនុវត្តនូវសិទ្ធិការពារខ្លួន យ៉ាងណាក្ដី៕ រក្សាសិទ្ធដោយ ៖ សារាយSN






















