រាជធានីបាងកក៖ ក្រោយពេលគណបក្សចម្រុះ ជាសម្ពន្ធភាពទាំង៨គណបក្ស បានព្រមព្រៀងគ្នា ទុកឱកាសម្ដងទៀត ជូនមេដឹកនាំគណបក្សឆ្ពោះទៅមុខ រួចមក គណបក្សភឿថៃ ក៏បានប្រកាស អំពីការត្រៀមខ្លួនរួចជាស្រេច សម្រាប់ការធ្វើជានាយករដ្ឋមន្រ្ដី ដឹកនាំប្រទេស ដើម្បីស្ដារសេដ្ឋកិច្ចរបស់ថៃ ឡើងវិញ។
សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៨ ខែកក្កដា ថា លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូប នៅក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ចំនួន៣នាក់របស់គណបក្សភឿថៃ បានប្រកាស ថា គាត់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការក្លាយជានាយករដ្ឋមន្ត្រី ប្រសិនបើគាត់ទទួលបាននូវទំនុកចិត្ត ពីគណបក្សរបស់គាត់ ដើម្បីឈានទៅកាន់កាប់តំណែងកំពូលមួយនេះ។

បុរស វ័យ៦០ឆ្នាំ ជាអតីតនាយកប្រតិបត្ដិ និង ប្រធានក្រុមហ៊ុន Sansiri Pcl (សានស៊ីរី) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសថៃ ហើយក៏ជាមនុស្សដ៏គួរឲ្យទុកចិត្តបំផុតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត (Thaksin Shinawatra) នាយករដ្ឋមន្រ្ដីថៃ ដែលត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារ បណ្ដេញចេញពីអំណាច កំពុងតែឆ្លើយតបទៅនឹងសំណួរចោទសួរ ចំពេលមានពាក្យចចាមអារ៉ាម ថា គាត់នឹងត្រូវតែងតាំង សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ប្រសិនបើលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) មេដឹកនាំគណបក្ស Move Forward (MFP) មិនត្រូវតែងតាំងជាថ្មី សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី ដែលនឹងត្រូវបោះឆ្នោតជុំទី២ នៅក្នុងសភា នាថ្ងៃពុធ ទី១៩ ខែកក្កដា។
លោក ស្រេតថា ថាវីស៊ីន បានបញ្ជាក់ ថា «យើងនៅគណបក្សភឿថៃ បានពិភាក្សាគ្នា លើបញ្ហានេះ អស់រយៈពេល៤ខែកន្លងមកហើយ ប្រសិនបើខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការងារនេះទេ ខ្ញុំក៏នឹងមិនជាប់ឈ្មោះ ជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូប នៅក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីនាក់របស់គណបក្សមួយនេះដែរ»។

បើទោះជាយ៉ាងណាក៏ដោយ បេក្ខជននាយករដ្ឋមន្រ្ដីរបស់គណបក្សភឿថៃ រូបនេះ បានសង្កត់ធ្ងន់ ថា បញ្ហាសំខាន់ជាងនេះទៀតនោះ ត្រូវបង្កើនល្បឿន បង្កើតរដ្ឋាភិបាលចម្រុះថ្មី និង ចាប់ផ្ដើមវិធានការ ជំរុញសេដ្ឋកិច្ចឡើងវិញ។
លោក ស្រេតថា ថាវីស៊ីន បានបន្ថែម ថា មនុស្សជាច្រើន ពិតជាកំពុងតែមានបញ្ហា ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ។ ចំណែកការទទួលខុសត្រូវដ៏ចម្បងរបស់គណបក្សភឿថៃ ត្រូវតែដោះស្រាយនូវបញ្ហាទាំងអស់នេះ ជាបន្ទាន់។ ការពិភាក្សា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង ការផ្លាស់ប្តូរគួរឱ្យភ័យខ្លាច សម្រាប់ការវិនិយោគបរទេស ចាកចេញពីប្រទេសថៃ ទៅកាន់ប្រទេសជិតខាង កំពុងតែក្លាយជាបញ្ហាអាទិភាព ត្រូវតែដោះស្រាយ ឱ្យបានទាន់ពេលវេលា។
មនុស្សដ៏គួរឲ្យទុកចិត្តបំផុតរបស់អតីតនាយករដ្ឋមន្រ្ដីថៃ លោក ថាក់ស៊ីន រូបនេះ បានសង្កត់ធ្ងន់ទៀត ថា «ខ្ញុំតែងតែជាអ្នកដើរតួដ៏សំខាន់មួយ សម្រាប់គណបក្ស ហើយយើងជាគណបក្សភឿថៃ ត្រូវតែប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ។ បើទោះជាមានការសម្រេចចិត្តបែបណាក៏ដោយ យើងក៏ត្រូវតែធ្វើតាមការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ហើយខ្ញុំនឹងគោរពតាម»។

ថ្វីបើមានការលើកឡើងយ៉ាងនេះក្តី ក៏លោក ស្រេតថា ថាវីស៊ីន បានបដិសេធនូវការធ្វើអត្ថាធិប្បាយណាមួយ អំពីលទ្ធភាពប្តូរដៃគូសម្រាប់បក្សភឿថៃ និង ងាកទៅចូលរួមជាមួយប្លុករបស់គណបក្សជាគូប្រជែង រួមមាន គណបក្សភូមិចៃថៃ (Bhumjaithai) និង គណបក្សប៉ាឡាំងប្រាចារ៉ាត (Palang Pracharath) សម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី ដូចអ្វីដែលគេបានរំពឹងទុក។
បើតាមប្រភពព័ត៌មាន ចេញមកពីគណបក្សភឿថៃ បានអះអាង ថា នៅក្នុងករណី លោក ភីថា លីមចារឿនរ៉ាត មិនត្រូវតែងតាំងជាថ្មី សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ឬ មិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ពីសភាទាំង២នោះ គណបក្សភឿថៃ នឹងស្នើទុកជាមុន សម្រាប់ការពន្យារពេលការបោះឆ្នោត រហូតដល់សប្តាហ៍ក្រោយទៀត ស្របពេលគណបក្សមួយនេះ នឹងតែងតែបេក្ខភាពរបស់លោក ស្រេតថា ថាវីស៊ីន ដើម្បីក្លាយជាបេក្ខជន សម្រាប់ការកាន់កាប់តំណែងនាយករដ្ឋមន្រ្ដី។
ស្របគ្នានេះដែរ លោក ភូមថាម វេចាយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានគណបក្សភឿថៃ កំពុងតែជំរុញទៅដល់គណបក្សឆ្ពោះទៅមុខ (MFP) ឲ្យផ្ដោតែទៅលើការស្វែងរកវិធីសាស្រ្ដនាំមកនូវជោគជ័យ សម្រាប់ការបង្កើតរដ្ឋាភិបាលចម្រុះថ្មី ជាជាងការរំខាន ដោយយុទ្ធនាការចុងក្រោយរបស់ខ្លួន ដើម្បីស្វែងរកនូវការកែប្រែមាត្រា ២៧២ នៃរដ្ឋធម្មនុញ្ញ ដើម្បីបញ្ចប់សិទ្ធិបោះឆ្នោតរបស់ព្រឹទ្ធសភា នៅក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី។

បើទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សមាជិកសភាថៃ បាន និង កំពុងតែព្យាយាម យ៉ាងហោចណាស់ចំនួន៦ដងរួចមកហើយ ដើម្បីបិទសិទ្ធិអំណាចរបស់សមាជិកព្រឹទ្ធសភា ចូលរួមបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្ដី។ ប៉ុន្តែសមាជិកសភាទាំងនោះ នៅតែមិនអាចប្រមូលបាននូវការគាំទ្រឲ្យមានចំនួនសំឡេងគ្រប់គ្រាន់ ពីក្នុងសភា ដើម្បីជំរុញឱ្យមានចលនាធ្វើវិសោធនកម្ម លើច្បាប់នេះ។ ចលនាបែបនេះ ទាមទារឱ្យមានការយល់ព្រម ពីសមាជិកព្រឹទ្ធសភាយ៉ាងតិច ១ភាគ៣ ឬ ស្មើនឹងសមាជិកព្រឹទ្ធសភា ចំនួន៨៤រូប ចូលរួមអនុម័ត។
លោក ភូមថាម បានសង្កត់ធ្ងន់ ថា «លោក ភីថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ មិនអាចប្រមូលបានសំឡេងត្រឹមតែចំនួន៦៤សំឡេង ពីសមាជិកព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែកក្កដា។ គាត់ពឹងផ្អែក លើលោក ភីថា បញ្ជាក់អំពីពេលណា និង វិធីសាស្រ្ដ មានគោលបំណងជំរុញប្រទេសជាតិ ឲ្យធ្វើដំណើរឆ្ពោះទៅមុខ ចំពេលមានជម្លោះកំពុងតែបន្ត ជុំវិញការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ ជាឧទាហរណ៍ វិស័យទេសចរណ៍ ចង់ដឹង ថា តើនៅពេលណារដ្ឋាភិបាលថ្មី នឹងចូលកាន់តំណែង។ វិស័យនេះ មានការព្រួយបារម្ភ ថា ប្រទេសថៃ អាចនឹងរងផលប៉ះពាល់ ដោយសារតែមានភាពមិនច្បាស់លាស់ខាងនយោបាយ»៕ ប្រែសម្រួល ដោយលោក ណុប ស៊ីនួន






















