រដ្ឋធានីមូស្គូ៖ អង្គការសហប្រជាជាតិ និង តួកគី បានសម្របសម្រួល ជំរុញឲ្យមានកិច្ចព្រមព្រៀង នាំគ្រាប់ធញ្ញជាតិ ចេញពីប្រទេសអ៊ុយក្រែន តាមច្រកសមុទ្រខ្មៅ ប៉ុន្ដែឥឡូវ វិមានក្រឹមឡាំង បានប្រកាសអំពីការលែងចូលរួមជាមួយនឹងកិច្ចព្រមព្រៀងនេះ ហើយសកម្មភាពបែបនេះ នឹងធ្វើឲ្យមនុស្សរាប់លាននាក់ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ជាពិសេស បណ្ដាប្រទេសនៅតំបន់អាហ្វ្រិក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ថា វិមានក្រឹមឡាំង បានអះអាង ថា រុស្ស៊ី ផ្អាកលែងចូលរួមជាមួយនឹងកិច្ចព្រមព្រៀងមួយ ដោយអនុញ្ញាតដល់អ៊ុយក្រែន អាចនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួន តាមសមុទ្រខ្មៅ ឆ្ពោះទៅកាន់តំបន់ជាច្រើនរបស់ពិភពលោកដែល កំពុងតែប្រឈមមុខនឹងគ្រោះអត់ឃ្លាន។
កិច្ចព្រមព្រៀងនេះ បានដោះស្រាយផលប៉ះពាល់ ដល់សន្តិសុខស្បៀងអាហាររបស់ពិភពលោក ក្រោយពេលសង្គ្រាមរបស់រដ្ឋាភិបាលក្រុងម៉ូស្គូ បានផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២។ សកម្មភាពទាំងនេះ បានធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិ កើនឡើងខ្ពស់។

ត្រឹមប៉ុន្មានម៉ោងមុននេះ ក្រោយការបំផ្ទុះស្ពានគ្រីមៀ តភ្ជាប់ពីដីគោករបស់ប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីគ្រីមៀនោះ ក្រុងមូស្គូ បានអះអាង ថា នេះជាការវាយប្រហារដោយដ្រូនសមុទ្ររបស់អ៊ុយក្រែន។ ការវាយប្រហារដោយដ្រូនសមុទ្រ មកលើស្ពានគ្រីមៀ ឬ ស្ពាន Kerch កាលពីថ្ងៃចន្ទ បានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ចំនួន៣នាក់ ដោយក្នុងនោះ ឪពុក និង ម្ដាយបានស្លាប់ ខណៈកូនស្រីបានរងរបួស។
លោក វ៉្លាឌីមៀ ពូទីន កាលពីឆ្នាំ២០១៨ បានទៅសម្ពាធស្ពានគ្រីមៀនេះ ដោយផ្ទាល់ ព្រោះវាជាតំណែងឲ្យជ័យជម្នះរបស់រុស្ស៊ី។ ស្ពានគ្រីមៀ ត្រូវបានសាងសង់ សម្រាប់ជាផ្លូវរថយន្ដ និង ផ្លូវរថភ្លើង តភ្ជាប់ពីដីគោករបស់រុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ ហើយវាក៏ជាសរសៃឈាមដ៏សំខាន់បំផុត សម្រាប់រដ្ឋាភិបាលក្រុងមូស្គូ ដឹកជញ្ជូនទាហានរុស្ស៊ី គ្រឿងយុទ្ធភណ្ឌ និង សម្ភារយោធា សម្រាប់ការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។

បើទោះជាយ៉ាងណាក៏ដោយ ក្រុងមូស្គូ បានបញ្ជាក់ ថា ការផ្អាកកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ចេញពីសមុទ្រខ្មៅជាមួយនឹងអ៊ុយក្រែន មិនជាប់ពាក់ព័ន្ធជាមួយនឹងការវាយប្រហារនេះឡើយ។
អង្គការសហប្រជាជាតិ និង តួកគី បានធ្វើជាអាជ្ញាកណ្ដាល សម្របសម្រួលដល់ចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយអ៊ុយក្រែន និង រុស្ស៊ី កាលពីខែកក្កដា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះ បានជួយសម្រួល ដល់ការដឹកជញ្ជូនស្បៀងអាហារ និង ជីរបស់រុស្ស៊ី ទៅកាន់ទីផ្សាររបស់ពិភពលោក។
លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានបញ្ជាក់ កាលពីថ្ងៃចន្ទ ត្រឹមតែប៉ុន្មានម៉ោង នៅមុនពេលគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវផុតកំណត់ ថា «រុស្ស៊ី នឹងត្រឡប់មករកកិច្ចព្រមព្រៀងនេះភ្លាមៗ ប្រសិនបើការទាមទាររបស់ក្រុងមូស្គូ លើការនាំចេញ ត្រូវបានបំពេញ។ រីឯកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ចេញតាមសមុទ្រខ្មៅ លែងមានសុពលភាព នៅត្រឹមថ្ងៃចន្ទ ទី១៧ ខែកក្កដានេះ»។

ដោយឡែក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា ប្រទេសរបស់គាត់ បានរៀបចំបន្ដការនាំចេញគ្រាប់ធញ្ញជាតិ។ បើទោះជាគ្មានសហព័ន្ធន៍រុស្ស៊ី យ៉ាងណាក៏ដោយ ក៏អ្វីៗត្រូវតែធ្វើ សម្រាប់យើងអាចប្រើប្រាស់ច្រករបៀងសមុទ្រខ្មៅនេះបាន។ យើងមិនខ្លាចទេ។ យើងមានក្រុមហ៊ុន ដែលមានកប៉ាល់ បានមកតាមរកយើង។
គ្រាប់ធញ្ញជាតិ ជាង៣២លានតោន រួមមាន ពោត ស្រូវសាលី និង គ្រាប់ធញ្ញជាតិផ្សេងៗទៀត ត្រូវបានអ៊ុយក្រែនចេញ ក្រោមការរៀបចំនេះ ដោយមានកប៉ាល់ បានចាកចេញពីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ។ ប្រសិនបើមានករណីរាំងខ្ទប់ ដល់ការនាំចេញ ពីសមុទ្រខ្មៅ នឹងធ្វើឲ្យការចំណាយខ្ពស់ សម្រាប់គ្រាប់ធញ្ញជាតិ ដែលជាត្រូវការដ៏សំខាន់បំផុត សម្រាប់អាហារ នៅក្នុងប្រទេសមជ្ឈិមបូព៌ា និង អាហ្រ្វិក។ បញ្ហានេះ នឹងធ្វើឱ្យប្រឈមនឹងសេដ្ឋកិច្ច កាន់តែធ្ងន់ធ្ងរ ហើយវានឹងជំរុញឲ្យមនុស្សរាប់លាននាក់បន្ថែមទៀត ធ្លាក់ចូលទៅក្នុងភាពក្រីក្រ ឬ កង្វះខាតស្បៀងអាហារ៕ ប្រែសម្រួល ដោយលោក ណុប ស៊ីនួន

























