រដ្ឋធានីកៀវ៖ ក្រោយការវាយប្រហារជាថ្មី ដោយដ្រូនសមុទ្រ ប្រឆាំងនឹងស្ពានគ្រីមៀ (Crimea) ជាផ្លូវសរសៃឈាមដ៏សំខាន់ សម្រាប់រុស្ស៊ី ដឹកជញ្ជូនកម្លាំងទាហាន គ្រឿងសព្វាវុធ និង សម្ភារៈយោធា ទៅធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន រួចមក មេដឹកនាំរុស្ស៊ី បានប្ដេជ្ញាសងសឹកដោយយោធា តបតប្រឆាំងនឹងក្រុងកៀវ វិញ។
សារព័ត៌មាន Channel News Asia បានចេញផ្សាយ នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ក្រសួងការពារជាតិរុស្ស៊ី កំពុងតែរៀបចំតាមសំណើជាច្រើន សម្រាប់ឆ្លើយតបទៅនឹងការវាយប្រហារ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ដោយបានបណ្ដាលឲ្យខូចខាតតិចតួចដល់ស្ពាន តភ្ជាប់ពីឧបទ្វីបគ្រីមៀ ទៅកាន់តំបន់ភាគខាងត្បងរបស់ប្រទេសរុស្ស៊ី។ លោកប្រធានាធិបតី បានស្ដីបន្ទោស ទៅលើអ៊ុយក្រែន ជាអ្នកនៅពីក្រោយការវាយប្រហារនេះ។

នៅចុងបញ្ចប់ នៃកិច្ចប្រជុំត្រូវបានចាក់ផ្សាយ តាមទូរទស្សន៍ ជាមួយនឹងក្រុមមន្ត្រីថ្នាក់ជាតិ និងតំបន់ សម្រាប់ការវាយតម្លៃ អំពីផលវិបាក នៃការវាយប្រហារនោះ លោកប្រធានាធិបតី ពូទីន បានហៅសកម្មភាពបែបនេះ ថា ជាទង្វើដ៏ឃោរឃៅ និង គ្មានន័យ ខណៈគាត់បានអះអាង ថា ស្ពាននេះ មិនត្រូវបានប្រើ សម្រាប់ការដឹកជញ្ជូនយោធា អស់រយៈពេលយូរមកហើយ។
អាជ្ញាធររុស្ស៊ី បានបញ្ជាក់ ថា ជនរងគ្រោះ ជាប្ដីប្រពន្ធ និង កូន បានបើករថយន្ដដឹកគ្នា ឆ្លងកាត់ស្ពាន ទៅដើរលេងវិស្សមកាល នៅឧបទ្វីបគ្រីមៀ(Crimea)។ ប៉ុន្ដែពួកគេ បានរងនូវការវាយប្រហារ ខណៈនៅលើស្ពាននោះ បានបណ្ដាលឲ្យឪពុក និងម្ដាយស្លាប់ ហើយកូនស្រី អាយុ១៤ឆ្នាំរបស់ពួកគេ បានរងរបួស។
បើទោះជាយ៉ាងណា ក្រុមមន្រ្ដីអ៊ុយក្រែន មិនបានឆ្លើយតបជាផ្លូវការ ចំពោះការចោទប្រកាន់របស់រុស្ស៊ី នោះឡើយ។ ប៉ុន្ដែបណ្ដាញផ្សព្វផ្សាយរបស់អ៊ុយក្រែន បានបញ្ជាក់ ថា ទីភ្នាក់ងារសន្ដិសុខក្រុងកៀវ បានដាក់ពង្រាយដ្រូនសមុទ្រ វាយប្រហារទៅលើស្ពានគ្រីមៀ នោះ។

ការវាយប្រហារស្រដៀងគ្នានេះ បានកើតឡើង នៅលើស្ពានគ្រីមៀ ម្ដងរួចមកហើយ កាលពីខែតុលា ឆ្នាំ២០២២ ខណៈអ៊ុយក្រែន បានអះអាងជាប្រយោល ថា ការវាយប្រហារលើស្ពានគ្រីមៀ បានធ្វើឱ្យផ្លូវថ្នល់ និង ផ្លូវដែកមិនដំណើរការមួយរយៈ។
រហូតមកដល់ពេលនេះ អ៊ុយក្រែន នៅតែចិញ្ចឹមចិត្ត រំដោះឧបទ្វីបគ្រីមៀរបស់ខ្លួន ត្រឡប់មកវិញ។ ឧបទ្វីបរបស់អ៊ុយក្រែន មួយនេះ ត្រូវបានក្រុងមូស្គូ រឹបអូសយក ដោយមិនបានចំណាយកម្លាំងទ័ព ហើយបានដាក់ជាទឹកដីរបស់រុស្ស៊ី កាលពីអំឡុងឆ្នាំ២០១៤៕រក្សាសិទ្ធដោយ ៖ សារាយSN



















