រាជធានីបាងកក៖ រហូតមកដល់ពេលនេះ គណបក្សឆ្ពោះទៅមុខ កំពុងតែមានគោលបំណងបន្ថយល្បឿនរបៀបវារៈកំណែទម្រង់របស់ខ្លួន ក្រោយពេលគណបក្សនេះ បានទទួលសំឡេងគាំទ្រពីសមាជិកសភាទាំង២របស់ប្រទេសថៃ តិចជាងសំឡេងប្រឆាំង និង អនុបវាត ហើយមិនអាចឲ្យមេបក្សមួយនេះ ក្លាយជានាយករដ្ឋមន្រ្ដី និង បង្កើតរដ្ឋាភិបាលថ្មីបាន។
សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីល្ងាច ថ្ងៃអង្គារ ទី១៨ ខែកក្កដា ថា លោកប្រធាន ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) បេក្ខជននាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) ថា គាត់មានសុច្ឆន្ទៈបន្ថយមហិច្ឆតាកំណែទម្រង់របស់គណបក្សឆ្ពោះទៅមុខ (Move Forward) ហៅកាត់ MFP ប្រសិនបើគាត់ក្លាយជាមេដឹកនាំប្រទេស។ បើទោះជាយ៉ាងណាក្ដី គាត់នឹងនៅតែប្តេជ្ញាចិត្ត ថា គាត់នឹងមិនរាថយ ចំពោះផែនការធ្វើវិសោធនកម្ម លើមាត្រា ១១២ ពាក់ព័ន្ធនឹងច្បាប់ប្រមាថព្រះមហាក្សត្រ ព្រោះត្រូវតែបង្កើតច្បាប់ សម្រាប់ដោះលែងអ្នកជាប់គុក ដោយសារគ្រាន់តែបញ្ចេញយោបល់ខាងនយោបាយរបស់ពួកគេ។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters នៅមុនថ្ងៃបោះឆ្នោតជុំទី២របស់គាត់ សម្រាប់ការកាន់កាប់តំណែងនាយករដ្ឋមន្រ្ដី នៅថ្ងៃពុធ ទី៩ ខែកក្កដា នេះ លោក ភីថា មេដឹកនាំគណបក្ស MFP ដែលបានដឹកនាំគណបក្សរបស់គាត់ ឱ្យទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសកល កាលពីខែឧសភា ឆ្នាំ២០២៣ បានពណ៌នា អំពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកយោធា រារាំងគាត់ សម្រាប់ការបំបែកកំណត់ត្រានវ។ គាត់បានអះអាង ថា ប្រទេសថៃ បានឈានចូលយុគសម័យថ្មី ជាមួយនឹងបទញុះញង់ ជាសាធារណៈ ត្រូវតែលុបចោល។

លោក ភីថា វ័យ៤២ឆ្នាំ គ្រោងនឹងឈរឈ្មោះជានាយករដ្ឋមន្រ្ដី សម្រាប់ការបោះឆ្នោតសភាជុំទី២ នៅថ្ងៃពុធ ក្រោយពេលគាត់បានរងនូវបរាជ័យ កាលពីថ្ងៃទី១៣ ខែកក្កដា ដោយសារតែសមាជិកព្រឹទ្ធសភា ដែលត្រូវបានតែងតាំង ដោយពួកយោធាអភិរក្សនិយម រារាំងគាត់ មិនឲ្យក្លាយជានាយករដ្ឋមន្រ្ដីថ្មីរបស់ថៃ។ បើទោះជាមានអ្វីកើតឡើង នៅថ្ងៃស្អែក ហើយមានការរីកចម្រើន នៅក្នុងសង្គម គណបក្សរបស់គាត់ ត្រូវតែទាមទារធ្វើអ្វីដែលថ្មី។
គណបក្សឆ្ពោះទៅមុខ បានទទួលការគាំទ្រច្រើន ពីយុវជន សម្រាប់របៀបវារៈកំណែទម្រង់របស់គណបក្ស រហូតបានទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ដោយបានផ្តួលគូប្រជែងពួកយោធាអភិរក្សនិយម។ នេះជាអ្វីដែលត្រូវបានគេមើលឃើញយ៉ាងច្បាស់ ថា វាជាការបដិសេធដ៏ខ្លាំងក្លាបំផុត សម្រាប់រដ្ឋាភិបាល បានគ្រប់គ្រង អស់រយៈពេលជិតមួយទសវត្សរ៍ ក្រោមការដឹកនាំ ឬ គាំទ្រដោយពួកយោធារាជានិយម៕ រក្សាសិទ្ធដោយ ៖ សារាយSN














