Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការធម្មនុញ្ញថៃ ចាប់ផ្ដើមហាមឃាត់ដល់សាធារណៈ សម្រាប់ករណីដ៏សំខាន់

រាជធានីបាងកក៖ ស្របពេលសភាទាំង២របស់ប្រទេសថៃ គ្រោងនឹងបើកកិច្ចប្រជុំបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី នៅជុំទី២ ស្របពេលតុលាការធម្មនុញ្ញ កំពុងតែពិចារណា លើករណីកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយ iTV របស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ នោះ ស្ថាប័នកំពូលមួយនេះ ក៏បានហាមឃាត់ ដល់សាធារណៈ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៩ ខែកក្កដា ថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានប្រកាស អំពីការកំណត់ហាមឃាត់នូវការជួបជុំជាសាធារណៈ រហូតដល់ថ្ងៃព្រហស្បតិ៍ ខណៈតុលាការកំពូលមួយនេះ កំពុងតែពិចារណា លើករណីកាន់កាប់ភាគហ៊ុន iTV របស់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP) ។

ការិយាល័យរបស់តុលាការធម្មនុញ្ញ កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) បានចេញសេចក្តីប្រកាសមួយ ដាក់កម្រិតតំបន់របស់តុលាការ សម្រាប់ថែរក្សាសុវត្ថិភាព និង សន្តិសុខ ខណៈតុលាការ សម្រេច ថាតើនឹងត្រូវបន្តដំណើរការនីតិវិធីលើញត្តិមួយ ត្រូវបានប្ដឹងមក ដោយគណៈកម្មការរៀបចំការបោះឆ្នោត (Election Commission) ហៅកាត់ EC ក្រោមមាត្រទី៨២ នៃរដ្ឋធម្មនុញ្ញ នៅថ្ងៃពុធ ចាប់ពីម៉ោង ៩ និង ៣០នាទីព្រឹក។

គណៈកម្មការរៀបចំបោះឆ្នោត បានស្នើដល់តុលាការធម្មនុញ្ញ ពិនិត្យមើល អំពីលក្ខខណ្ឌសមាជិកសភារបស់លោក ភីថា ថាតើគាត់នឹងនៅតែមានសិទ្ធិ ក្រោមមាត្រាទី១០១ និង មាត្រាទី៩៨ ដែរឬយ៉ាងណា។ វិធានការប្រកាសបិទរបស់តុលាការ បានធ្វើឡើង ក្រោយពេលទីភ្នាក់ងារពាក់ព័ន្ធនឹងសន្តិសុខ បានព្រមានមកដល់ការិយាល័យនេះ ឱ្យអនុវត្ត ដោយការប្រុងប្រយ័ត្ន សម្រាប់ការពារឧប្បត្តិហេតុជាយថាហេតុ។

ក្រោមបម្រាមនេះ តំបន់ជុំវិញបរិវេណរដ្ឋាភិបាល ប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ ត្រូវបានកំណត់ ជាតំបន់ខាងក្រៅ សម្រាប់ការថែរក្សាសន្តិភាព និង សុវត្ថិភាព។

តុលាការ បានបញ្ជាក់ ថា មានតែបុគ្គល និង យានជំនិះរបស់មន្ត្រី មានភារកិច្ចរក្សាសន្តិភាព និង សុវត្ថិភាពប៉ុណ្ណោះ ទើបអាចចូលទៅក្នុងតំបន់ទាំងនោះបាន។ តំបន់ជាក់លាក់ រួមមានអគារ Rajaburi Direkriddhi (រាជបុរី ដាយរីគ្រីដឌី) និង Ban Chao Praya Rattana Thibej (បាន ចៅ ប្រាយ៉ា រតនៈ ធីបេជ៍) ត្រូវបានកំណត់ ថា ជាតំបន់គ្រប់គ្រង ដោយយោងតាមបទប្បញ្ញត្តិរបស់តុលាការធម្មនុញ្ញ។ សេចក្តីប្រកាសនេះ បានចូលជាធរមាន កាលពីថ្ងៃអង្គារ ហើយនឹងនៅមានសុពលភាព រហូតដល់ថ្ងៃព្រហស្បតិ៍ (ទី២០ ខែកក្កដា)។

ជាមួយគ្នានេះដែរ ស្នងការដ្ឋានប៉ូលិសក្រុងបាងកក កំពុងតែរៀបចំ ដាក់ពង្រាយរថយន្ដបាញ់ទឹក ឈរការពា នៅក្បែរអគារតុលាការធម្មនុញ្ញ ដើម្បីគ្រប់គ្រងហ្វូងមនុស្ស។

លោកឧត្តមសេនីយ៍ទោ អាតថាផន អានុស៊ីត (Atthapon Anusit) នាយការិយាល័យទី២របស់ប៉ូលិសក្រុង បានបញ្ជាក់ ថា ទីតាំងជាក់លាក់ សម្រាប់ការជួបជុំ ជាសាធារណៈ ត្រូវបានរៀបចំឡើង នៅទីធ្លាខាងមុខបង្គោលទង់ជាតិរបស់នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ដែលមានចម្ងាយ៥០ម៉ែត្រ ពីអគាររបស់តុលាការ។

ជាការប្រតិកម្មនឹងព័ត៌មាននេះ គណៈកម្មាធិការយុទ្ធនាការសម្រាប់រដ្ឋធម្មនុញ្ញប្រជាជន (CCPC) បានអំពាវនាវ ដល់តុលាការធម្មនុញ្ញ ឲ្យទម្លាក់ចោលនូវសំណុំរឿងរបស់លោក ភីថា ដែលត្រូវបានប្តឹងឡើង ដោយគណៈកម្មការរៀបចំការបោះឆ្នោត (EC)។

លោក គ្រិតសាផន ស៊ីរីគិតទិគុល (Kritsapon Sirikittikul) តំណាង CCPC បានសម្តែងនូវការព្រួយបារម្ភ អំពីការ​លម្អៀងរបស់តុលាការ ដោយបានសំអាង ថា មានមនុស្សជាច្រើន បានដឹងថា ក្រុមហ៊ុន iTV លែងដំណើរការ ក្លាយជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ចាប់តាំងពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០០៧ មកម៉្លេះ។

សម្ពន្ធភាពគណបក្សចម្រុះទាំង៨ បានតែងតែលោក ភីថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ សម្រាប់ការបោះឆ្នោតជុំទី២របស់គាត់ នៅថ្ងៃពុធ ក្រោយពេលគាត់មិនបានទទួលសំឡេងគាំទ្រគ្រប់គ្រាន់តាមច្បាប់កំណត់ ពីសមាជិកសភា និង ព្រឹទ្ធសភា កាលពីថ្ងៃទី១៣ ខែកក្កដា។ ការបោះឆ្នោតជុំទី១ លោក ភីថា បានទទួលសំឡេងគាំទ្រ ចំនួន៣២៤ ដោយក្នុងនោះមានការគាំទ្រមកពីសមាជិកព្រឹទ្ធសភា ចំនួន១៣សំឡេង ខណៈសំឡេងប្រឆាំង មានចំនួន ១៨២សំឡេង និង អនុបវាទ ចំនួន១៩៩សំឡេង។

ក្រោមច្បាប់រដ្ឋធម្មនុញ្ញថៃ ចែងថា ដើម្បីក្លាយជានាយករដ្ឋមន្រ្ដី ត្រូវតែទទួលបានសំឡេងភាគច្រើន យ៉ាងតិច ចំនួន ៣៧៦សំឡេង មកពីក្នុងចំណោមសមាជិកសភា ចំនួន៥០០សំឡេង និង សមាជិកព្រឹទ្ធសភា ចំនួន២៥០សំឡេង។ ប៉ុន្ដែ១ថ្ងៃ នៅមុនពេលសភាទាំង២របស់ប្រទេសថៃ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី នោះ ក៏មានសមាជិកព្រឹទ្ធសភាមួយរូប បានលាឈប់ ពីតំណែងរបស់គាត់។ ដូច្នេះលោក ភីថា ពិតជាត្រូវការចាំបាច់នូវសំឡេងគាំទ្រ ចំនួន ៣៧៥សំឡេង ពីក្នុងចំណោមសមាជិកសភា ចំនួន៥០០នាក់ និង សមាជិកព្រឹទ្ធសភា ចំនួន២៤៩នាក់។

បើទោះជាសភាមិនរារាំងដល់បេក្ខភាពរបស់លោក ភីថា សម្រាប់ការបោះឆ្នោតជុំទី២នេះយ៉ាងណាក្ដី ហើយគាត់នៅតែមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ចំនួន៣៧៥សំឡេង សម្រាប់ការក្លាយជានាយករដ្ឋមន្រ្ដី នៅក្នុងការបោះឆ្នោត នៅថ្ងៃពុធ នេះទេ គណបក្សភឿថៃ នឹងតែងតាំងលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ជាអ្នកជំនាញខាងពាណិជ្ជកម្ម និង សេដ្ឋកិច្ច ឲ្យឈរឈ្មោះ សម្រាប់ការកាន់កាប់តំណែងកំពូលមួយនេះ។

បុរសវ័យ៦០ឆ្នាំរូបនេះ ត្រូវបានគេស្គាល់ ថា ជាមនុស្សដ៏គួរឲ្យទុកចិត្តបំផុតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត (Thaksin Shinawatra) នាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ ហើយត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារបណ្ដេញ ចេញពីអំណាច កាលពីអំឡុងឆ្នាំ២០០៦។ លោក ស្រេតថា ថាវីស៊ីន ជាអតីតប្រធានក្រុមហ៊ុន Sansiri ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុត នៅក្នុងប្រទេសថៃ។ គណបក្សភឿថៃ កំពុងតែផ្ដោតយ៉ាងសំខាន់លើការបង្កើតរដ្ឋាភិបាលថ្មី ដើម្បីដឹកនាំប្រទេសជាតិ ជំរុញសេដ្ឋកិច្ចឲ្យដើរទៅមុខ កសាងទំនុកចិត្តដល់វិនិយោគិនបរទេស និង ទាក់ទាញលំហូរវិនិយោគ ចូលមកក្នុងប្រទេសថៃបន្ថែមទៀត៕ រក្សាសិទ្ធដោយ ៖ សារាយSN

×