រដ្ឋធានីម៉ានីល៖ លោក រ៉ូឌ្រីហ្គោ ឌូទើរតេ (Rodrigo Duterte) គ្រាន់តែបានឡើងកាន់កាប់តំណែងកំពូល ក្លាយជាប្រធានាធិបតីទី១៦របស់ហ្វីលីពីន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ភ្លាម គាត់ក៏បានចាប់ផ្ដើម ចាត់វិធានការយ៉ាងឃោរឃៅបំផុត តាមអ្វីដែលគាត់បានហៅ ជាសង្គ្រាមប្រឆាំងនឹងគ្រឿងញៀន ដោយបានបណ្ដាលឲ្យអ្នកជាប់ពាក់ព័ន្ធ មានចំនួនរាប់ពាន់នាក់ បាត់បង់ជីវិត នៅក្នុងអាណត្ដិរយៈពេល៦ឆ្នាំរបស់គាត់ ប៉ុន្ដែឥឡូវ តុលាការព្រហ្មទណ្ឌអន្ដរជាតិ បានសម្រេចចិត្ត នៅតែបន្ដស៊ើបអង្កេត លើករណីនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃពុធ ទី១៩ ខែកក្កដា ថា ការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្ដរជាតិ (ICC) ដែលមានមូលដ្ឋាន នៅទីក្រុងឡាអេ ប្រទេសហូល្លង់ដ៍ ជុំវិញករណីសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើរតេ (Rodrigo Duterte) នឹងបន្ដធ្វើ ថ្វីបើរដ្ឋាភិបាលក្រុងម៉ានីល ប៉ុនប៉ងរារាំង ដល់សកម្មភាពទាំងនេះ យ៉ាងណាក្ដី។
ICC បានបញ្ជាក់ នៅក្នុងអង្គបុរេជំនុំជម្រះរបស់ខ្លួន ថា ស្របពេល ICC ទទួលស្គាល់កាតព្វកិច្ចរបស់ហ្វីលីពីន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន និង ការញៀននោះ យុទ្ធនាការដែលគេហៅថា សង្គ្រាមប្រឆាំងនឹងគ្រឿងញៀន មិនអាចត្រូវគេមើលឃើញ ថា វាជាប្រតិបត្តិការអនុវត្តច្បាប់ ដោយត្រឹមត្រូវតាមច្បាប់។

ស្របពេលការរិះគន់ជាអន្តរជាតិ ប្រឆាំងនឹងសង្រ្គាមគ្រឿងញៀន កំពុងតែកើនឡើងយ៉ាងខ្លាំងនោះ ប៉ុន្ដែលោកប្រធានាធិបតី ឌូទើតេ បែរជាកាន់តែផ្គើនឡើងបន្ថែមទៀត ហើយថែមទាំងបានដកប្រទេសហ្វីលីពីន ជាឯកតោភាគី ចេញពីសន្ធិសញ្ញារបស់ ICC នៅក្នុងឆ្នាំ២០១៨។ បើទោះជាយ៉ាងនេះក្ដី ក៏ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេចសេចក្ដី ថា រដ្ឋអាជ្ញា នៅតែមានយុត្តាធិការ លើឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់នេះដដែល ព្រោះសកម្មភាពទាំងនោះ បានកើតឡើង ស្របពេលប្រទេសហ្វីលីពី កំពុងតែស្ថិតនៅជាសមាជិករបស់ ICC ។
លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Jr) ប្រធានាធិបតីបច្ចុប្បន្នរបស់ហ្វីលីពីន កាលពីខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ ថា គាត់នឹងកាត់ផ្តាច់នូវទំនាក់ទំនងជាមួយ ICC ក្រោយបណ្តឹងឧទ្ធរណ៍មួយផ្សេងទៀត ទាមទារឲ្យបញ្ឈប់នូវការស៊ើបអង្កេតរបស់តុលាការអន្ដរជាតិមួយនេះ ហើយត្រូវបាន ICC ច្រានចោល។

លោក Harry Roque ជាអតីតអ្នកនាំពាក្យរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) ថា នៅក្នុងនាមជារដ្ឋឯករាជ្យ និង អធិបតេយ្យភាព មានតែតុលាការហ្វីលីពីនមួយប៉ុណ្ណោះ អាចមានសិទ្ធិកាត់ទោស លើឧក្រិដ្ឋកម្មណាមួយ ត្រូវបានប្រព្រឹត្តឡើង នៅលើទឹកដីរបស់ហ្វីលីពីន។
អតីតអ្នកនាំពាក្យ រូបនេះ បានបន្ថែម ថា «អតីតប្រធានាធិបតី លោក ឌូទើតេ ប្រឈមមុខជាមួយនឹងអ្នកចោទប្រកាន់របស់គាត់ គ្រប់ពេលវេលា តែនៅចំពោះមុខតុលាការហ្វីលីពីន និង ចំពោះមុខចៅក្រមហ្វីលីពីន តែប៉ុណ្ណោះ»។
ប្រជាជនហ្វីលីពីន រាប់ពាន់នាក់ ភាគច្រើន ជាឈ្មួញតូចតាច និង អ្នកប្រើប្រាស់កម្រិតទាប ត្រូវបានសម្លាប់ ក្រោមការអនុវត្តច្បាប់ នាអំឡុងពេលបង្រ្កាបដ៏ខ្លាំងក្លារបស់លោកប្រធានាធិបតី ឌូទើតេ ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ជាមួយនឹងការបាញ់ប្រហារជាច្រើនទៀត នៅក្នុងករណីដ៏អាថ៌កំបាំង។

ប៉ូលិសជាតិហ្វីលីពីន បានអះអាង ថា មានមនុស្ស ជិត៦០០០នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការ ក្រោមរដ្ឋការរបស់លោកប្រធានាធិបតី ឌូទើតេ។ ប៉ុន្តែក្រុមសិទ្ធិមនុស្ស បានអះអាង ថា ចំនួនអ្នកស្លាប់ នៅក្នុងសង្គ្រាមគ្រឿងញៀននេះ អាចកើនឡើង លើសពីនេះ ចំនួន៣ដង។
បើតាមរបាយការណ៍ បានចេញផ្សាយ ដោយអង្គការសហប្រជាជាតិ នាអំឡុងឆ្នាំ២០២០ ចោទប្រកាន់ ថា មនុស្សរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ រួមទាំងកុមារ យ៉ាងហោចណាស់ ចំនួន៧៣ នាក់ ដោយមានទាំងក្មេង មានអាយុ៥ខែផងដែរ។
បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ICC កំពុងតែស៊ើបអង្កេត លើការចោទប្រកាន់ទាំងនេះ ដោយខ្លះបានធ្វើឡើង ដោយជនរងគ្រោះ ពាក់ព័ន្ធនឹងអំពើហិង្សាជាប្រព័ន្ធ ត្រូវបានដោះស្រាយ ដោយប៉ូលិស ដែលអះអាង ថា ពួកគេបានសម្លាប់ជនសង្ស័យ នៅក្នុងករណីការពារខ្លួនតែប៉ុណ្ណោះ។

អតីតប្រធានាធិបតី រូបនេះ បានបដិសេធ ថា គាត់បានផ្តល់បទបញ្ជាឲ្យសម្លាប់ ក្រៅពីតែពីការការពារខ្លួន។ បន្ថែមពីលើនេះ គាត់បានអះអាងម្តងទៀត កាលពីថ្ងៃអង្គារ ថា គាត់សុខចិត្ត បន្តទទួលនូវការកាត់ក្តី ជុំវិញសង្គ្រាមគ្រឿងញៀន ប៉ុន្តែមានតែតុលាការហ្វីលីពីនប៉ុណ្ណោះ។
ការិយាល័យអគ្គមេធាវីរបស់ប្រទេសហ្វីលីពីន បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា ខ្លួននៅតែប្តេជ្ញាចិត្ត ចំពោះការស៊ើបអង្កេតផ្ទៃក្នុង និង កាត់ទោសពាក់ព័ន្ធនឹងសង្គ្រាមគ្រឿងញៀននេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN













